ជាតិ
សង្កាត់ចំនួន ១០ ក្នុងខណ្ឌដង្កោ កំពុងលិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត
21, Oct 2023 , 2:54 pm        
រូបភាព
សង្កាត់ចំនួន ១០ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ​ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី២២តុលា ដោយបញ្ជាក់ថា ក្នុងសង្កាត់ទាំង១០ដែលបានជន់លិចនេះ មានពលរដ្ឋ ២ ០៧៥គ្រួសារបានរងគ្រោះ។

 
បើតាមលោក ឃួង ស្រេង បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកតោ្នតនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពុងស្រកចុះបណ្តើរៗ ខណៈទឹកផ្នែកក្រោមនៅនឹង។ ដោយឡែក ពលរដ្ឋទាំង​​ ២ ៥៧០គ្រួសារដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ  រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនសង្រ្គោះ និងផ្តល់ស្បៀង ផងដែរ។ 
 
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១តុលា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត​នៅ​ផ្នែក​ខាង​លើ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ បានស្រ​ក​​​​ចុះ​បណ្តើរៗ ដោយស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥​ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ៧,៥០ម៉ែត្រ។ ចំណែក​សំណង់ទ្វារ​ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន​ ៧,៥០ ម៉ែត្រ​ ខណៈទ្វារទឹកចំនួន៥ទ្វារ បានបើកកម្ពស់១ម៉ែត្រ។
 


តាមការព្យាកររបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកផ្នែកខាងលើនៃស្ទឹងព្រែកត្នោត​ ចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបធ្វើឱ្យទឹកខាងក្រោមចាប់ផ្តើមស្រក ដែរ។  លោកបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រសួងធនធានទឹក​យ៉ាងដូច្នេះ​៖ «តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរ-បីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ»។
 
តែយ៉ាងណាមិញ នាព្រឹកថ្ងៃទី២១តុលានេះ ក្រសួងធនធានទឹកបានព្យាករ ថា រាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរគ្របដណ្តប់លើផ្ទៃដីពី៦០-៧០ភាគរយ មានលាយឡំនឹងផ្គររន្ទះ ពីថ្ងៃទី២១ដល់២៤តុលា។ ស្ថានភាពនេះ គឺអាចបង្កជាជំនន់ទឹកភ្លៀង ដោយទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕ 
 
ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស​មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន​​ បន្តការតាមដានដោយ​យក​ចិត្ត​ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
 
តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។
 

Tag:
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com