កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី បង្កើតការប្រកួតបាល់ទាត់ក្នុងសាលចម្រុះភេទបញ្ចូលគ្នា លើកដំបូង
21, Oct 2023 , 10:19 pm        
រូបភាព
ជាលើកដំបូងក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាលក្នុងប្រទេសសិង្ហបុរី ដែលបញ្ចូលគ្នារវាងបុរស និងនារីតែមួយ (D2D Mixed 5s) ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ សិង្ហបុរី បង្កើតកម្មវិធីដ៏ភ្ញាក់ផ្អើលនេះឡើង ក្នុងគោលបំណង «ការពារកីឡាករនារី»។



យោងតាមលោក Rasvinder Singh នាយកប្រតិបត្តិនៃក្រុមហ៊ុនបង្កើតកម្មវីធីកីឡា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ D2D Mixed 5s ដ៏ធំបំផុតមួយរបស់សិង្ហបុរីបានឱ្យដឹងថា មានក្រុមចំនួន ៦ ហើយ ដែលក្រុមនីមួយៗមានបុរស និងស្ត្រី បានចុះឈ្មោះសម្រាប់ការប្រកួតហ្វូតសាលចម្រុះភេទនេះ។ ក្នុង​ចំណោមក្រុមទាំង៦នោះ មានសមាសភាព​កីឡាករ​ ៤០​នាក់​ និង ២៥​នាក់​ជា​ស្ត្រី។
 
លោក Rasvinder បានប្រាប់កាសែត CNA Women ថា ការបង្កើតកម្មវីធីកីឡាដ៏ថ្មីសន្លាងនេះឡើង ក្នុងគោលបំណងលើកស្ទួយដល់សមភាពយេនឌ័រ និងការពារកីឡាការិនី។
 
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិរូបនេះ បង្ហាញការសោកស្តាយ ដ្បិតការប្រកួតកីឡាបាល់ទាត់ក្នុងសាលចម្រុះភេទនេះ គ្មានវត្តមានអាជ្ញាកណ្តាលជាស្ត្រីចូលរួម។
 
 «យើងមិនដឹងអំពីអាជ្ញាកណ្តាលស្ត្រីណាម្នាក់នៅខាងក្រៅសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីទេ។ ដូច្នេះយើងមិនអាចរកអាជ្ញាកណ្តាលស្ត្រីបាន និងត្រូវប្រើអាជ្ញាកណ្តាលបុរសសុទ្ធតែម្តង ក្នុងការប្រកួតរយៈពេល៣ខែ។ លោក Rasvinder បន្ថែម។
 
លោក Rasvinder សង្ឃឹមដែរថា លីគបាល់ទាត់ក្នុងសាលថ្មីនេះ នឹងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ប្រកួតក្នុងបរិយាកាសមួយដែលមិនសូវមានភាពតានតឹង។ ក្នុងន័យនេះ គឺចង់សង្កត់ធ្ងន់លើការប្រកួតបាល់ទាត់ ដែលបង្ហាញភាពរីករាយជាមួយសមាជិកក្រុមដែលមានភេទផ្ទុយគ្នា ដោយសមាជិកក្រុមខ្លះអាចជាដៃគូស្នេហា ឬមិត្តភក្តិរបស់ពួកគេ។ ការប្រកួតនេះ នឹងមិនផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់ក្រុមណាមួយឡើយ៕
 

Tag:
 បាល់ទាត់ក្នុងសាលចម្រុះភេទ
© រក្សាសិទ្ធិដោយ thmeythmey.com