កីឡាអន្តរជាតិ
អន្តរជាតិ
Sir Bobby Charlton វីរ​បុរស Man Utd ដែលស្លាប់នៅអាយុ៨៦ឆ្នាំ ជាម្ចាស់​មជ្ឈមណ្ឌល​ជួយ​ជនពិការ​ខ្មែរ​នៅ​ពោធិ៍សាត់​
22, Oct 2023 , 11:29 am        
រូបភាព
Sir Bobby Charlton វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និង Manchester United ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្រោយរងជំងឺវង្វេងរយ:ពេលវែង។ នេះបើតាមការប្រកាសរបស់ក្លិប Man Utd នៅយប់ថ្ងៃទី២១ ខែតុលា។ លោក Charlton ជាសប្បរសជនជួយពលរដ្ឋខ្មែរ​ ជាពិសេសជនរងគ្រោះដោយសារមីន​ តាមរយ:មូលនិធិ​ Bobby Charlton។ ម្ចាស់​ពាន Ballon d’Or ឆ្នាំ​១៩៦៦​រូបនេះ ជឿជាក់ថា មជ្ឈមណ្ឌល​របស់ខ្លួន​នឹង​ជួយ​សម្រួល​ការលំបាក​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​។



លោក Bobby Charlton ដែលជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៦៦ ជាតួអង្គសំខាន់ក្នុងវិស័យបាល់ទាត់ និងទទួលការគោរពស្រលាញ់យ៉ាងខ្លាំងពីក្លិប Man Utd និងគ្រប់មជ្ឈដ្ឋានបាល់ទាត់ទាំងអស់។ ជាងរឿងអកុសល និងសោស្តាយបំផុត លោកបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងអាយុ ៨៦ឆ្នាំ។
 
មរណភាពរបស់អតីតខ្សែបម្រើឆ្នើមបិសាចក្រហមរូបនេះ មានន័យថាសមាជិកក្រុមតោកំណាចអង់គ្លេសដែលឈ្នះ World Cup ឆ្នាំ១៩៦៦ នៅសល់តែ Sir Geoff Hurst ម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត។
  


ក្នុងអាជីពកីឡាករបាល់ទាត់រយៈពេល២០ឆ្នាំ លោក Charlton ត្រូវបានគេស្គាល់ថាជាកីឡាករដ៏មានឥទ្ធិពល និងម៉ូដសក់ប្លែកៗ បានរួមចំណែកជួយ Man Utd ឈ្នះលីគកំពូលអង់គ្លេស៣សម័យ European Cup (UEFA Champions League) និង FA Cup ១លើក ក្នុងការបង្ហាញខ្លួន៧៥៨ប្រកួត និងស៊ុតបញ្ចូលទី២៤៩គ្រាប់។ 
 
កើតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៣៧ នៅទីក្រុង Ashington រដ្ឋ Northumberland Charlton ប្រទេសអង់គ្លេស Sir Bobby Charlton ​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ជនពិការ​ដោយសារ​សង្គ្រាម​ ដោយ មជ្ឈមណ្ឌល Sir Bobby Charlton Center ទី​ពីរ​បាន​បើក​ដំណើរការ​ចាប់ពី​ខែកញ្ញា ឆ្នាំ២០១៩ ដែលមាន​ទីស្នាក់ការ​នៅ​ខេត្តពោធិ៍សាត់​។​
 
​ក្រោម​គម្រោង​មូលនិធិ Find A Better Way (FABW) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ លោក Bobby Charlton មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ជាពិសេស​ចាប់តាំងពី​លោក​បានឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​នៅ​តំបន់​ចម្ការមីន នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៧​។​
 
Sir Bobby Charlton Center for Vocational Training បាន​អនុវត្ត​ដោយ​ដៃគូ​របស់ FABW គឺ​អង្គការ​សេវាកម្ម​អភិ​វ​ឌ្ឈ​ន៍​ជនពិការ (DDSP)​។ មជ្ឈមណ្ឌល​ទីមួយ ត្រូវ​បានដាក់​ដំណើរការ​កាលពី​ខែសីហា ឆ្នាំ​២០១៧ នៅ​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្ស៊​កដា​នី​។​
 
មជ្ឈមណ្ឌល Sir Bobby Charlton នៅ​កម្ពុជា ​ជួយ​គាំទ្រ​ដល់​ការងារ​របស់ DDSP ដើម្បី​លើកកម្ពស់​សកម្មភាព​ជនពិការ​គ្រប់​ប្រភេទ ជាពិសេស​អ្នក​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន រួមទាំង​ជនពិការ​រាងកាយ ប្រាជ្ញា​ស្មារតី​ផ្សេងៗ​។​
 
សកម្មភាព​ទាំងនោះ មានដូចជា ការបណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ អាជីព មុខរបរ ការជួយ​ផ្តល់ឱកាស​កា​រងារ និង​ការកសាង​ទំនុកចិត្ត​ផ្សេងៗ​។​
 
Sir Bobby Charlton ស្ថាបនិក​មូលនិធិ FABW ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១៩ថា​៖ «​កម្ពុជា​នៅតែ​ជាទី​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ដោយនៅ​ទីនោះ ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​អាវុធជាតិផ្ទុះ​ក្នុង​សង្គ្រាម ដែល​បន្ត​យាយី​នៅ​តំបន់​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​»​។​
 
ម្ចាស់​ពាន Ballon d’Or ឆ្នាំ​១៩៦៦​រូបនេះ មានជំនឿថា មជ្ឈមណ្ឌល​របស់ខ្លួន​នឹង​ជួយ​សម្រួល​ការលំបាក​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​៕
 








© រក្សាសិទ្ធិដោយ thmeythmey.com