កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd សម្រេចបានជ័យជម្នះ ដើម្បីឧទ្ទិសដល់មរណភាព Sir Bobby Charlton
23, Oct 2023 , 7:59 am        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅក្រុម Manchester United ឧទ្ទិសជ័យជម្នះ ២-១ លើក្រុម Sheffield United ក្នុងការប្រកួត Premier League ទៅ Sir Bobby Charlton ដែលទទួលមរណភាពនៅថ្ងៃទី២១ ខែតុលា។



លោក Ten Hag រួមទាំងកូនក្រុមបានប្តេជ្ញាចិត្តតាំងពីមុនប្រកួត ដើម្បីដណ្តើមយក៣ពិន្ទុពី Sheffield United ឱ្យខាងតែបាន ដើម្បីវីរបុរសបិសាចក្រហម និងក្រុមជម្រើសជាតិអង់គ្លេស Sir Bobby Charlton។
 
ការស្លាប់របស់លោក Charlton នៅអាយុ ៨៦ឆ្នាំ ត្រូវបានប្រកាសដោយក្លិប Man Utd នៅរយៈពេល ៤ម៉ោងមុនពេលចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៩ នៅកីឡដ្ឋាន Bramall Lane របស់ Sheffield United។ ខ្សែការពារ Diogo Dalot ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្មះ ២-១ សម្រាប់ Man Utd។ ខ្សែប្រយុទ្ធ Oliver McBurnie ទាត់បាល់ពិន័យប៉េណាល់ទីតាមស្មើឱ្យ Sheffield United មុនពេល Scott McTominay រកបានគ្រាប់នាំមុខឱ្យបិសាចក្រហម។


 
ដោយបាននិយាយពីការតាំងចិត្តមុនពេលការប្រកួត ទីបំផុតអ្នកចាត់ការហូឡង់ រួមទាំងកូនក្រុមពិតជារកបានជ័យជម្នះ ដើម្បីឧទ្ទិសដល់ការស្លាប់របស់លោក Charlton។
 
ជាប់ជាកីឡាករល្អប្រចាំការប្រកួត (Man of the match) ខ្សែការពារ Harry Maguire បានអះអាងថា ដំណឹងមរភាពនេះបានវាយប្រហារផ្លូវអារម្មណ៍របស់ក្រុមយ៉ាងខ្លាំង។ ខ្សែការពារដែលរងការរិះគន់ជុំវិញទម្រង់លេងរូបនេះ ប្រាប់ទូរទស្សន៍ Sky Sports ថា Charlton ជាអ្នកតម្រង់ផ្លូវដល់ខ្លួនជារឿយ នៅពេលវិរបុរសអង់គ្លេសរួបនេះចូលក្នុងបន្ទប់ស្លៀកពាក់របស់ Man Utd។
 
ជ័យជម្នះរបស់បិសាចក្រហម នៅជំនួបលីគសប្តាហ៍ទី៩នេះ បានជួយពួកគេឡើងពីចំណាត់ថ្នាក់លេខ១០ ទៅលេខ៨ក្នុងតារាងបណ្តោះអាសន្នវិញ ដោយរកបាន១៥ពិន្ទុ។
 
ម្ចាស់ការពារតំណែងជើងឯក Manchester City ឡើងទៅឈរកំពូលតារាងវិញ ក្រោយឈ្នះ Brighton ២-១ និងមាន២១ពិន្ទុ។ Arsenal ដែលតាមបានស្មើ Chelsea ២-២ នៅលេខ២ដដែល មាន២១ពិន្ទុ ស្របពេល Liverpool ដែលយកឈ្នះ Everton ២-០ រក្សាលេខ៣ដែល មាន២០ពិន្ទុ។ Newcastle United កើន១៦ពិន្ទុ ក៏រក្សាចំណាត់ថ្នាក់ទី៥របស់ខ្លួន ក្រោយឈ្នះ Crystal Palace ៤-០។ Burnley, Bounemouth និង Sheffield United នៅតំបន់ត្រូវកាត់ចោល៕

Tag:
 Manchester United
  Sir Bobby Charlton
© រក្សាសិទ្ធិដោយ thmeythmey.com