កីឡាអន្តរជាតិ
អន្តរជាតិ
Son និង Maddison រកបានម្នាក់១គ្រាប់ ជួយ Spurs ត្រឡប់ទៅឈរកំពូលតារាង EPL
24, Oct 2023 , 10:19 am        
រូបភាព
Son Heung-min និង James Maddison ស៊ុតបញ្ចូលទីម្នាក់១គ្រាប់ ដើម្បីជួយ Tottenham Hotspur ឈ្នះ Fulham ២-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៩ នៅរាត្រីថ្ងៃទី២៣ ខែតុលា។ ជ័យជម្នះនេះ បានជួយក្រុមមិនទាន់ស្គាល់ចាញ់ Spurs ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខម្ចាស់ការពារជើងឯក Manchester City ២ពិន្ទុ។



នៅចំពោះមុខអ្នកគាំទ្រជាង៦ម៉ឺននាក់ ក្នុងកីឡដ្ឋាន Tottenham Hotspur ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son បានបំប៉ោងសំណាញ់ទី Fulham នៅនាទី៣៦ តាមរយៈការបញ្ជូនរបស់ Richarlison ដើម្បីជួយ Spurs នាំមុខ១គ្រាប់មុន។
 
ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន៩នាទី ខ្សែបម្រើឆ្នើមអន្តរជាតិអង់គ្លេស Maddison បន្ថែមគ្រាប់បាល់ទី២ ពីការបញ្ជូនរបស់ Son។ លទ្ធផល ២-០ នេះបានរក្សាដល់បញ្ចប់ការប្រកួតតែម្តង។ 
 
នេះជាជ័យជម្នះទី៧ ចំណោម៩លើករបស់ក្រុមមាន់ខ្នាយមាស ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Ange Postecoglou ក្នុងនោះ២ប្រកួតទៀតស្មើ។ តាមរយៈទម្រង់លេងដ៏ល្អ ៩ប្រកួតមិនចាញ់សោះ បានជួយ Spurs ត្រឡប់ទៅកាន់កំពូលតារាង EPL ជាថ្មីវិញ ដោយទម្លាក់ Man City ទៅលេខ២វិញ។
 
Spurs រកបាន២៣ពិន្ទុ នាំមុខ Man City និង Arsenal ដែលនៅលេខរៀងទី២ និងទី៣ ចំនួន២ពិន្ទុ។ Liverpool ស្ថិតក្នុងតំបន់ Top4 មាន២០ពិន្ទុ ស្របពេល Manchester United ឈរលេខ៨ រកបាន១៥ពិន្ទុ។ Burnley, Bournemouth និង Sheff Utd ស្ថិតនៅតំបន់ត្រូវកាត់ចោល។
 
Erling Haaland ខ្សែប្រយុទ្ធមេឃខៀវ រកបាន៩គ្រាប់ តាមពីក្រោយដោយ Mohamed Salah ខ្សែប្រយុទ្ធ Liverpool និង Son Heung-Min របស់ Spurs រកបាន៧គ្រាប់ដូចគ្នា។ Jarrod Bowen របស់ West Ham និង Alexander Isak របស់ Newcastle រកបាន៦គ្រាប់រៀងខ្លួន។​ Hwang Hee-Chan (Wolves), Bryan Mbeumo (Brentford), Douglas Luiz (Aston Villa), Ollie Watkins (Aston Villa) និង Callum Wilson (Newcastle) សម្រចទី៥គ្រាប់៕
 

Tag:
 Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com