ជាតិ
ក្រសួងមហាផ្ទៃ រៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំង
24, Oct 2023 , 2:58 pm        
រូបភាព
កិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣។ រូបពី ក្រសួងមហាផ្ទៃ
កិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងរៀបចំអនុក្រឹត្យស្ដីពី ការប្រើប្រាស់​មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ។ សេចក្តីព្រាងអនុក្រឹត្យនេះ សម្រាប់រៀបចំកងកម្លាំង ការពារសណ្ដាប់ធ្នាប់ ក្នុងក្របខណ្ឌច្បាប់ អំឡុងពេលមានព្រឹត្តិការណ៍ម្ដងៗ នៅកម្ពុជា។ នេះបើតាមការអះអាងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

 
លោក ទូច សុឃៈ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា សេចក្ដីព្រាងអនុក្រឹត្យនេះ មានសារៈសំខាន់ណាស់ សម្រាប់បង្កើតឱ្យជាលិខិតបទដ្ឋាន ឬច្បាប់ឱ្យបានត្រឹមត្រូវ សម្រាប់អនុវត្តជាគោលការណ៍ ក្នុងការរៀបចំកងកម្លាំង អំឡុងពេលមានព្រឹត្តិការណ៍នៅក្នុងប្រទេស។ ជាមួយគ្នាដែរ ក្រសួងមានបំណងពង្រឹងការអនុវត្តការងាររបស់កម្លាំង ស្របតាមតួនាទី ឱ្យកាន់តែមានប្រសិទ្ធភាព។ 
 
បច្ចុប្បន្នក្រុមការងារក្រសួង កំពុងប្រមូលធាតុចូលពីគ្រប់ភាគី ទាំងខាងរដ្ឋាភិបាល និងអង្គការស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។ ចំពោះព័ត៌មានលម្អិតនោះ អ្នកនាំពាក្យរូបនេះ សុំមិនបកស្រាយបន្ថែមឡើយ ដោយសារតែអនុក្រឹត្យនេះ ទើបតែចាប់ផ្ដើមដំណើរការ។ 
 
ជុំវិញសេចក្ដីព្រាងនេះ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ យល់ថា ជាករណីចាំបាច់ ក្នុងការបែងចែកតួនាទីច្បាស់លាស់ ដើម្បីផលប្រយោជន៍សង្គម និងចំណេញពេលវេលា នៅពេលមានព្រឹត្តិការណ៍ ឬកម្មវិធីណាមួយប្រារព្ធឡើង។ តែយ៉ាងណា អ្នកឃ្លាំមើលសង្គមរូបនេះ សង្កត់ធ្ងន់ថា ការតាក់តាំងអនុក្រឹត្យនេះ ត្រូវតែធ្វើឡើងស្របតាមច្បាប់ធម្មនុញ្ញកម្ពុជា។ 
 
សូមជម្រាបថា កម្ពុជា មិនទាន់មានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយ ឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានា នៅកម្ពុជាឡើយ។ កន្លងមក គឺមានតែបទបញ្ជានានា ដែលបានដាក់ចេញ តាមស្ថានភាពជាក់ស្តែងតែប៉ុណ្ណោះ។ ដូច្នេះ ទើបក្រសួងពិភាក្សាប្រមូលធាតុចូលសំខាន់ៗដើម្បីតាក់តែង សេចក្តីព្រាងអនុក្រឹត្យខាងលើ។
 
លោក ម៉ៅ ច័ន្ទ​​តារា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា កាលពីថ្ងៃទី២៣តុលា។ សេចក្ដីព្រាងអនុក្រឹត្យនេះ នឹងរៀបចំ ក្បួនយានយន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាព ក្នុងការធ្វើចរាចរណ៍ជាដើម៕
 

Tag:
 អនុក្រឹត្យ
  ប្រើប្រាស់កងកម្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com