ជាតិ
សង្គមជាតិ
ខេត្តមណ្ឌលគិរី ទទួលបានរថយន្តក្រុងសាធារណៈ ១០គ្រឿង ដើម្បីបម្រើពលរដ្ឋ
25, Oct 2023 , 7:59 am        
រូបភាព
ឡានក្រុងសាធារណដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាពេលកន្លងមក។ រូបពី CityBus
ឡានក្រុងសាធារណដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាពេលកន្លងមក។ រូបពី CityBus
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានរថយន្តក្រុងសាធារណៈ១០គ្រឿងពីក្រុមហ៊ុនប៊ូយ៉ុង របស់ប្រទេសកូរ៉េ សម្រាប់ទុកបម្រើពលរដ្ឋ ពិសេសដឹកជញ្ជូនពលរដ្ឋអំឡុងពេលមានបុណ្យទានធំៗ។ នេះបើតាម លោក នាង វណ្ណៈ អ្នកនាំពាក្យ និងជានាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វណ្ណៈ បានឱ្យដឹងថា ការចែកចាយឡានក្រុងសាធារណៈ ទៅតាមបណ្ដាខេត្ត ជាគោលដៅរួមសម្រាប់បម្រើប្រយោជន៍សាធារណជន ជាក់ស្ដែងដូចជា រដូវបុណ្យទាន ការរៀបចំកម្មវិធីជាតិ និងអន្តរជាតិ នៅក្នុងខេត្តជាដើម។ 
 
«រថយន្តនេះ គឺរក្សាទុកសិន រង់ចាំគោលការណ៍ណែនាំបន្តទៀត។ ក្រោយមានការណែនាំហើយ នឹងរៀបចំដាក់បម្រើប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្ត»។ អ្នកនាំពាក្យខេត្តមណ្ឌលគិរីលើកឡើងបែបនេះ ។
 
លោកសុំមិនបកស្រាយលម្អិត ចំពោះគម្រោងដាក់ដំណើរការសេវាឡានក្រុង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងខេត្តឡើយ ។ បើតាមលោក វណ្ណៈ គម្រោងនេះ ទំនងពិបាកដំណើរការបន្តិច។ លោកមើលឃើញថា គម្រោងនេះ ត្រូវការទំហំថវិកាចំណាយច្រើន ដូច្នេះមានតែរង់ចាំការសម្រេចពីរដ្ឋាភិបាលទេ ទើបអាចដំណើរការបាន។ 
 
ក្រុមហ៊ុនកូរ៉េខាងលើនេះ បាន​ផ្ដល់ឡានក្រុងសាធារណៈ១០០០គ្រឿងដល់កម្ពុជា។ ចំពោះការផ្ដល់នេះ មានបីដំណាក់កាល។ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ គឺផ្ដល់ឱ្យ៤០០គ្រឿង, ដំណាក់កាលទី២ ក្នុងឆ្នាំ២០២៤ ចំនួន៣០០គ្រឿង និងដំណាក់កាលទី៣ ក្នុងឆ្នាំ២០២៥ មាន ៣០០គ្រឿងបន្ថែមទៀត។ ក្នុងដំណាក់កាលទី១នេះ ខេត្តមណ្ឌលគិរីទទួលបានរថយន្ត១០គ្រឿង ។ នេះបើតាមលោក វណ្ណៈ៕ 
 

Tag:
 ឡាងក្រុង
  សាធារណៈ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com