កីឡាអន្តរជាតិ
អន្តរជាតិ
Maguire អាចឱ្យអ្នករិះគន់ស្ងាត់បន្តិច ក្រោយរកគ្រាប់ឱ្យ Man Utd បាន៣ពិន្ទុដំបូងនៅ UCL
25, Oct 2023 , 10:20 am        
រូបភាព
Manchester United រកបាន៣ពិន្ទុដំបូងក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ តាមរយៈការយកឈ្នះ FC Copenhagen ១-០។ Harry Maguire ដែលរកបានគ្រាប់បាល់ជ័យជម្នះ មានមោទកភាពចំពោះខ្លួនឯងដែលអាចស្ងៀមស្ងាត់ចំពោះការរិះគន់ និងទីបំផុតអាចឱ្យអ្នកគាំទ្រស្ងាត់ការរិះគន់បានខ្លះ។


នាជំនួបលើកទី៣ ពូល A ក្នុងកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃទី២៤ ខែតុលា ម្ចាស់ផ្ទះ Man Utd រកបានជ័យជម្នះដំបូងទាំងលំបាកលើក្រុមភ្ញៀវ Copenhagen ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៧ម៉ឺននាក់។
 
ក្រោយវាយសម្រុកគ្នាទៅវិញទៅមក ដល់នាទី៧២ ទើបក្រុមបិសាចក្រហមអាចរកបានគ្រាប់នាំមុខ និងជាគ្រាប់ជ័យជម្នះតាមរយៈការតែតបញ្ចូលទីរបស់ Maguire ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Christian Eriksen។ អ្នកចាំទី Andre Onana សង្គ្រោះបាល់ប៉េណាល់ទីដ៏អស្ចារ្យ នៅនាទី៩០+ ដើម្បីរក្សាគ្រាប់នាំមុខរហូតដល់ចប់ការប្រកួត។
 
១គ្រាប់របស់ Maguire មិនត្រឹមជួយក្រុមលោក Erik ten Hag រកបាន៣ពិន្ទុដំបូងឡើយ តែក៏បានជួយរូបគេបន្ធូបន្ថយសម្ពាធពីការរិះគន់របស់អ្នកគាំទ្រ Man Utd ផងដែរ។ ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ទទួលបានការរិះគន់លើសលុប ក្រោយធ្លាក់ទម្រង់លេងក្នុងរយៈពេលចុងក្រោយ។ ធ្លាក់ទម្រង់លេង Maguire ក៏ត្រូវបានដកតំណែងជាប្រធានក្រុម Man Utd ទៀតផង។
 
ចំពេលមានព្យុះនៃការរិះគន់ ទាំង Maguire និងអ្នកចាំទី Andre Onana បានបង្ហាញភាពលេចធ្លោក្នុងជំនួបទល់ក្រុមដាណឺម៉ាក Copenhagen ដើម្បីជួយ Man Utd មានក្តីសង្ឃឹមប្រជែងកៅអីទៅវគ្គខ្វែង Champions League ។ 
 
Maguire បាននិយាយក្រោយចប់ការប្រកួតថា រូបគេមានមោទកភាពចំពោះរបៀបដែលខ្លួនបានព្យាយាមមិនតបតពីការរិះគន់ដើម្បីជួយ Manchester United ទទួលបាន៣ពិន្ទុដំបូង នៅ Old Trafford។ ខ្សែការពារវ័យ៣០រូបនេះ សង្ឃឹមថាតាមរយៈ៣ពិន្ទុនេះ នឹងអាចឱ្យអ្នកគាំទ្រ Man Utd ស្ងាត់ការរិះគន់ខ្លួនបានខ្លះ។
 
«នេះជាក្លិប Man Utd ដែលជាក្លិបល្បីល្បាញមានការគាំទ្រច្រើនបំផុតលើលោក។ ខ្ញុំពិតជាមានមោទkភាព និងរីករាយចំពោះទង្វើដែលខ្ញុំបានប្រឹងប្រែងក្នុងរយៈពេល ៦ ទៅ ១២ ខែចុងក្រោយនេះ ហើយខ្ញុំត្រូវបានគេផ្តល់ឱកាសមួយ ហើយខ្ញុំគ្រាន់តែចង់ជួយក្រុម និងធ្វើឱ្យក្រុមត្រលប់ទៅទីតាំងដែលយើងចង់បានវិញ»។ Maguire ប្រាប់កាសែត TNT Sports ដូច្នេះ។
 
ឆ្លងកាត់៣ប្រកួត ក្នុងជុំទី១ Man Utd ឡើងទៅឈរចំណាត់ថ្នាក់ទី៣ ក្នុងតារាងពិន្ទុពូល A វិញ ស្របពេល Bayern Munich ឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្រោយបន្តឈ្នះ Galatasaray ៣-១។ Galatasaray ឈរលេខ២ មាន៤ពិន្ទុ ឯ Copenhagen នៅបាតតារាងមាន១ពិន្ទុ។ ជំនួបបន្ទាប់នៅជុំទី២ Bayern Munich ស្វាគមន៍ Galatasaray ស្របពេល Man Utd ត្រឡប់ទៅជួប Copenhagen វិញ។
 
លទ្ធផលប្រកួតផ្សេងទៀត 
 
ពូល B
Lens ១-១ PSV
Sevilla ១-២ Arsenal 
ពូល C
Union Berlin ០-១ Napoli
SC Braga ១-២ Real Madrid
 
ពូល D
Benfica ០-១ Real Sociedad
Inter Milan ២-១ FC Salzburg៕
 

Tag:
 Champions League
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com