សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ គ្រោងបោះលក់មូលបត្របំណុលលើទីផ្សារអន្តរជាតិ
25, Oct 2023 , 9:59 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ក្រសួងហិរញ្ញវត្ថុថៃកំពុងពិចារណាបោះលក់មូលបត្របំណុលនៅក្នុងទីផ្សារអន្តរជាតិ ដើម្បីបង្កើតជាស្តង់ដារមួយសម្រាប់ជាតិ និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន។ កន្លងមក ថៃធ្លាប់អនុវត្តគោលនយោបាយនេះកាលពីជាង៣០ឆ្នាំមុន។

 
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានស្នើឱ្យការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ពិចារណាផែនការសម្រាប់ការចេញសញ្ញាប័ណ្ណបរទេសដើម្បីបង្កើតស្តង់ដារសម្រាប់វិស័យឯកជនក្នុងការបង្កើនដើមទុនបរទេស។
 
«យើងគួរតែស្វែងរកទីផ្សារបរទេស ដើម្បីបង្កើតស្ដង់ដារសម្រាប់វិស័យឯកជន ព្រោះយើងមិនបានចូលទីផ្សារបរទេសអស់រយៈពេល ៣០ឆ្នាំមកហើយ។ យើងត្រូវធានាបាននូវជំហររបស់យើងនៅលើឆាកអន្តរជាតិ»។ នេះបើតាមការអះអាងរបស់លោក សេដ្ឋា។ 
 
លោកបានបន្តថា ទោះបីជាគម្រោងបង្កើនមូលធននៅទីផ្សារបរទេសមានគោលបំណងសាកល្បងទីផ្សារក៍ដោយ ក៏លោកជឿថាថៃអាចលក់មូលបត្របំណុលបរទេសបាន។ 
 
បើតាមអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat ក្រសួងមិនទាន់សម្រេចថាតើនៅពេលណាដែលមូលបត្របំណុលនឹងត្រូវបានលក់ដោយតម្លៃប៉ុន្មាន និងក្នុងរូបិយប័ណ្ណអ្វីនោះទេ។
 
លោក Julapun ប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការចេញមូលបត្របំណុលបែបនេះ ត្រូវកំណត់ពេលវេលាសមស្រប នឹងគិតគូរពីកត្តាផ្សេងៗ ជាពិសេសភាពខុសគ្នានៃអត្រាការប្រាក់រវាងទីផ្សារថៃ និងបរទេស ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចថៃ។
 
ថវិកាសារពើពន្ធឆ្នាំ ២០២៤ ការិយាល័យ PDMO គ្រោងនឹងចេញមូលបត្របំណុលដែលទាក់ទងនឹងនិរន្តរភាពដែលមានតម្លៃ ២ពាន់លានដុល្លារ ឬប្រហែល ៧០ពាន់លានបាត ដែលមានអ្នកវិនិយោគបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរួចទៅហើយ។
 
ជុំវិញរឿងនេះ លោក Julapun ក៏បានទទួលស្គាល់ការកើនឡើងបន្តិចម្តងៗនៃការចំណាយលើការខ្ចីប្រាក់ ដោយធ្វើតាមនិន្នាការនៃអត្រាការប្រាក់ទីផ្សារពិភពលោក និងអត្រាគោលនយោបាយ។ ការចំណាយជាមធ្យមនៃការខ្ចីប្រាក់របស់ថៃត្រូវបានរំពឹងថានឹងកើនឡើងពី ២,៦៦ភាគរយទៅ ៣ភាគរយ។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាលមានកម្រិតទាប ដោយសារអត្រាការប្រាក់នៅក្នុងទីផ្សារមានកម្រិតទាបក្នុងរយៈពេលវែង។ យ៉ាងណា អត្រាការប្រាក់ទីផ្សារបានកើនឡើងក្នុងរយៈពេលថ្មីៗនេះ ដែលនាំឱ្យមានការកើនឡើងនៃការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាល។ លោក Julapun បាននិយាយថា នេះជះឥទ្ធិពលដោយជៀសមិនរួច ទាំងការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាល នឹងការខ្ចីប្រាក់ពីវិស័យឯកជន។
 
គិតត្រឹមចុងខែសីហាឆ្នាំនេះ បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃមានចំនួន ១១ទ្រីលានបាត ស្មើនឹង ៦១,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រហែល ៨១,៨ភាគរយនៃបំណុលសាធារណៈសរុប ៩ទ្រីលានបាត ដែលត្រូវបានខ្ចីដោយផ្ទាល់ដោយរដ្ឋាភិបាល។
 
កន្លងមក​រដ្ឋាភិបាលថៃបានអនុម័តការខ្ចីប្រាក់សង្គ្រោះបន្ទាន់ចំនួន ១,៥ ទ្រីលានបាត ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូរីដ-១៩ នៅឆ្នាំ ២០២០ និង២០២១។ នេះបណ្តាលឱ្យបំណុលសាធារណៈរបស់រដ្ឋាភិបាលកើនឡើងពី ៤០ភាគរយមុនពេលជំងឺ រាលដាលដល់ជាង៦០ភាគរយលើសពីការកំណត់ដោយច្បាប់ស្តីពីវិន័យសារពើពន្ធនិងហិរញ្ញវត្ថុរបស់រដ្ឋ ។ នាពេលនេះរដ្ឋបាលនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានរំកិលការកំណត់ខ្ចីបំណុលរហូតដល់ ៧០ភាគរយនៃ GDP ៕ 
 

Tag:
 មូលបត្របំណុល
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com