សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ច​កូរ៉េខាងត្បូង​ស្ទុះងើបឡើងវិញ ក្រោយមានកំណើននៃការនាំចេញ
26, Oct 2023 , 10:39 am        
រូបភាព
តំបន់ Square ក្នុងទីក្រុងសេអ៊ូល ។ រូបភាព ៖ Xinhua
តំបន់ Square ក្នុងទីក្រុងសេអ៊ូល ។ រូបភាព ៖ Xinhua
ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងនៅក្នុងត្រីមាសទី៣ បានកើនឡើង ០,៦ភាគរយ បើធៀបនឹងត្រីមាសមុន ខណៈដែលកំណើនសេដ្ឋកិច្ចកូរ៉េឆ្នាំនេះ ត្រូវបានព្យាករថានឹងកើនបាន ១,៤ភាគរយ ។

 
ធនាគារកណ្តាលកូរ៉េខាងត្បូង (BoK) បានប្រកាសថ្ងៃទី២៦ ខែតុលាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៃត្រីមាសទី៣ នៅតែស្ថិតក្នុងកម្រិតដដែលដូចនៅត្រីមាសទី២ ក្នុងបរិបទនៃការងើបឡើងវិញនៃការនាំចេញ និងការចំណាយផ្ទាល់ខ្លួន។
 
យោងតាមទិន្នន័យបឋមពី BoK ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងនៅក្នុងត្រីមាសទី៣ បានកើនឡើង ០,៦ភាគរយ បើធៀបទៅនឹងត្រីមាសមុន។ GDP របស់កូរ៉េខាងត្បូងបានកើនឡើង ០,៦ភាគរយនៅត្រីមាសទី២ និង ០,៣ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ ។
 
សេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ីកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញបន្ទាប់ពីបានធ្លាក់ចុះ ០,៣ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២២។ BoK ព្យាករថា កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងឆ្នាំនេះនឹងកើនបាន ១,៤ភាគរយទាបជាងកំណើន ២,៦ភាគរយឆ្នាំមុន និង ៤,៣ភាគរយនៅឆ្នាំ ២០២១ ។
 
យ៉ាងណាមិញ សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាមួយប្រទេសធំៗ រួមទាំងអាម៉េរិកដែលបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ការបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយ និងសន្ទុះងើបឡើងវិញមិនស្ថិតស្ថេរនៃសេដ្ឋកិច្ចចិនដែលជាដៃគូពាណិជ្ជកម្មឈានមុខរបស់ខ្លួន។
 
ប្រឈមមុខនឹងស្ថានភាពនៃការកើនឡើងនៃកត្តាអស្ថិរភាពខាងក្រៅ សូចនាករសេដ្ឋកិច្ចមានកំណើនយឺត និងបំណុលគ្រួសារកើនឡើងយ៉ាងខ្លាំង ធនាគារ BoK ក្នុងកិច្ចប្រជុំខែតុលាបានសម្រេចចិត្តបន្តរក្សាអត្រាការប្រាក់មូលដ្ឋានឱ្យនៅអត្រា ៣,៥ភាគរយ ។ 
 
នេះជាលើកទី៦ ជាប់ៗគ្នាដែល BoK បានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ដើម្បីទប់ស្កាត់អតិផរណា និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។ ការបង្កកអត្រាការប្រាក់បានធ្វើឡើងបន្ទាប់ពី BoK បានអនុវត្ត ការដំឡើងអត្រាការប្រាក់ ៧ដងជាប់ៗគ្នា ចាប់ពីខែមេសាឆ្នាំមុន ដល់ខែមករាឆ្នាំនេះ ៕ 
 

Tag:
 សេដ្ឋកិច្ច
  កូរ៉េខាងត្បូង
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com