ជាតិ
លោក គង់ គាំ អតីតអ្នកនយោបាយជើងចាស់ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
26, Oct 2023 , 11:19 am        
រូបភាព
លោក គង់ គាំ អតីតអ្នកនយោបាយនៃគណបក្សភ្លើងទៀន កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត។ លោក គង់ គាំ បានចូលសម្រាកព្យាបាលជំងឺ ៤ថ្ងៃហើយ តាំងពីថ្ងៃទី២៣ តុលាមក។



លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ បានប្រាប់សារព័ត៌មានថ្មីៗថា ឪពុកលោក បានធូរស្បើយបន្តិចហើយ ក្រោយចូលសម្រាកព្យាបាលប៉ុន្មានថ្ងៃនេះ បើធៀបនឹងថ្ងៃដំបូង ដែលជំងឺធ្វើទុក្ខខ្លាំង។ បើតាមលោក មុនីកា លោក គង់ គាំ ដែលមានវ័យ៨៣ឆ្នាំ មានអាការជំងឺបេះដូង និងហើមសួត។
 
នៅពេលនេះ គ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជំងឺបន្តទៀត ហើយបើសិនជាអាការៈ កាន់តែធូរស្បើយនោះ លោក គង់ គាំ នឹងអាចចេញពីមន្ទីរពេទ្យវិញហើយ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។
  
លោក គង់ គាំ ជាអតីតអ្នកនយោបាយជើងចាស់មួយរូបនៅកម្ពុជា ។ លោក ធ្លាប់បម្រើការងារក្នុងគណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ មុននឹងលោក សម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រឆាំង ដែលមានឈ្មោះថា បក្សជាតិខ្មែរ ដែលដឹកនាំដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥ ។ ក្រោយមកគណបក្សនេះ បានប្ដូរឈ្មោះមកគណបក្ស សម រង្ស៊ី វិញ ហើយបានរួបរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា នៅឆ្នាំ២០១២។
 
ក្រោយការរួមបញ្ចូលគ្នានេះ មេដឹកនាំទាំងពីរ ក៏បានបង្កើតគណបក្សមួយ ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៣។ លោក គង់ គាំ ក៏បានបន្តរួមរស់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងនាមជាទីប្រឹក្សានយោបាយ រហូតដល់គណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ 
 
តាមរយៈការសម្រេចរំលាយគណបក្សសង្គ្រោះជាតិនេះ តុលាការ ក៏បានដាក់បម្រាមសកម្មភាពនយោបាយ ៥ឆ្នាំ លើមន្ត្រី ១១៨នាក់ របស់គណបក្សប្រឆាំងមួយនេះ។ លោក គង់ គាំ ស្ថិតនៅក្នុងចំណោមមន្ត្រីទាំងនោះ។ ទើបឈានដល់ឆ្នាំ២០១៩ លោក គង់ គាំ ទទួលបានសិទ្ធិធ្វើនយោបាយវិញ ក្រោមព្រះរាជទានសម្បទា ពីព្រះមហាក្សត្រ ហើយលោក ក៏សម្រេចចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា ក្នុង​តំណែង​ជាទី​ប្រឹក្សា​ និង​តំណែង​ជា​ប្រធានកិត្តិយស។
 
ក្រោយមកទៀត ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានសម្រេចមកចូលរួមជាមួយគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក ទាវ វណ្ណុល កាលពីខែវិច្ឆិកា​ ឆ្នាំ ២០២២ ហើយលោក គង់ គាំ ត្រូវ​​បានគណបក្សភ្លើងទៀន តែងតាំងជាឧត្តមទីប្រឹក្សាផងដែរ។ ប៉ុន្តែលោក គង់ គាំ ក៏បានលាលែងចេញពីតួនាទីគណបក្សនេះ កាលពីខែកុម្ភៈ ឆ្នាំ២០៣ ក្រោយរងការព្រមានពីសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកប្រើប្រាស់ពាក្យសម្តីវាយប្រហារលើសម្ដេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ការបញ្ចប់តំណែងក្នុងគណបក្សប្រឆាំងនេះ ជាថ្នូរមិនឱ្យសម្ដេច ហ៊ុន សែន ប្ដឹងផ្ដល់លើរូបលោក៕
 


Tag:
 គង់ គាំ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com