អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Wall Street Journal៖ អុីស្រាអែល​ពន្យារពេលវាយហ្កាហ្សាតាមផ្លូវគោក ដើម្បីឱ្យអាម៉េរិកពង្រាយប្រព័ន្ធការពារសិន
26, Oct 2023 , 12:15 pm        
រូបភាព
ទាហាន​អុីស្រាអែល​ដើរ​ល្បាត​នៅ​ជិត​ព្រំដែន​តំបន់​កាហ្សា ។ រូបភាព ៖ AFP
ទាហាន​អុីស្រាអែល​ដើរ​ល្បាត​នៅ​ជិត​ព្រំដែន​តំបន់​កាហ្សា ។ រូបភាព ៖ AFP
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក The Wall Street Journal រាយការណ៍ថា អ៊ីស្រាអែលបានពន្យារពេលការវាយប្រហារលើតំបន់ហ្កាហ្សាតាមផ្លូវគោក ដើម្បីផ្តល់ពេលវេលាដល់ទីក្រុងវ៉ាស៊ីនតោនពង្រាយប្រព័ន្ធការពារកាំជ្រួចទៅកាន់តំបន់នោះសិន។​ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងហើយថា យោធាអ៊ីស្រាអែលត្រៀមរួចហើយសម្រាប់ប្រតិបតិ្តការផ្លូវគោក។

 
កាសែត Wall Street Journal នៅថ្ងៃទី២៥ ខែតុលាបានដកស្រង់សម្តីមន្ត្រីអាម៉េរិកដែលនិយាយថា អាម៉េរិកបានបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យពន្យារពេលចាប់ផ្តើមយុទ្ធនាការផ្លូវគោកប្រឆាំងនឹងតំបន់ហ្កាហ្សា រហូតដល់ប្រព័ន្ធការពារដែនអាកាសរបស់វ៉ាស៊ីនតោនអាចត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះនៅចុងសប្តាហ៍នេះ។
 
ទន្ទឹមនេះ អ៊ីស្រាអែលកំពុងរៀបចំផែនការកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងប្រតិបត្តិការការទូតដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងនៅក្នុងដៃរបស់ក្រុមហាម៉ាស។
 
នាពេលថ្មីៗនេះ អាម៉េរិកកំពុងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសជាច្រើនទៅកាន់មជ្ឈិមបូព៌ា ដោយសារការព្រួយបារម្ភថាអង្គភាពដែលឈរជើងនៅអ៊ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត អារ៉ាប៊ីសាអូឌីត ស៊ីរី និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាគោលដៅវាយប្រហារដោយក្រុមប្រដាប់អាវុធនានានៅពេលដែលអ៊ីស្រាអែលវាយប្រហារតំបន់កាហ្សា។ 
 
កាលពីចុងសប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសពីការបញ្ជូនប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD) និងកងវរសេនាតូចការពារដែនអាកាស Patriot ជាច្រើនទៅកាន់មជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន បាននិយាយថា វិធានការទាំងនេះនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នៅក្នុងតំបន់ ពង្រីកសមត្ថភាពការពារកងកម្លាំងអាម៉េរិក និងគាំទ្រសកម្មភាពការពារជាតិរបស់អ៊ីស្រាអែល។
 
អាម៉េរិក​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​របស់​ខ្លួនស្របពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង​ដោយសារ​ជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស។ មូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់នាពេលថ្មីៗនេះ បានរងការវាយប្រហារជាច្រើនដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកបណ្តាលឱ្យខូចខាតសម្ភារៈបរិក្ខារ និងរបួសទាហានអាម៉េរិកមួយចំនួនដែលសង្ស័យថាមានការប៉ះទង្គិច។
 
ទាក់ទងរឿងនេះ អ៊ីស្រាអែលបន្តការវាយប្រហារតាមដែនអាកាសរបស់ខ្លួនប្រឆាំងគោលដៅក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារផ្លូវគោក តែពេលវេលាជាក់ស្ដែងនឹងកំណត់ដោយគណៈរដ្ឋមន្រ្តីសង្រ្គាម។ 
 
យោធា និងរថក្រោះអ៊ីស្រាអែល ឈរប្រុងជើងការអស់ហើយនៅព្រំដែនជាមួយហ្កាហ្សា ដោយរង់ចាំតែបញ្ជាប៉ុណ្ណោះ។ អ៊ីស្រាអែល ក៏បានកោះហៅទាហានបម្រុង៣០ម៉ឺននាក់ថែមទៀត៕
 

Tag:
 កាហ្សា
  អុីស្រាអែល
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com