កីឡាជាតិ
ជាតិ
មេដាយអាស៊ីប៉ារ៉ាហ្គេម៖ ម្ចាស់ផ្ទះចិននាំមុខដាច់ តាមពីក្រោយដោយ អ៊ីរ៉ង់ ជប៉ុន និងថៃ
27, Oct 2023 , 11:59 am        
រូបភាព
កីឡាការិនីប៊ូស្យាចិនលើកដៃធ្វើសញ្ញាបេះដូងអំឡុងពេលប្រកួត
កីឡាការិនីប៊ូស្យាចិនលើកដៃធ្វើសញ្ញាបេះដូងអំឡុងពេលប្រកួត
ម្ចាស់ផ្ទះចិន នៅតែបង្ហាញភាពខ្លាំង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ ដោយនាំមុខមេដាយលើសលុប ក្រោយដំណើរការប្រកួតផ្លូវការរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី២៣ ដល់២៦ខែតុលា។ អ៊ីរ៉ង់ ជប៉ុន និងថៃ នៅចំណាត់ថ្នាក់បន្តបន្ទាប់។ ក្រុមប្រទេសតំបន់អាស៊ីអាគ្នេយ៍៧ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា រកបានមេដាយ។ ឯ៤ប្រទេសទៀត ដែលមានកម្ពុជាផង មិនទាន់រកឃើញមេដាយ ស្របពេលការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា។



ចំណោមប្រទេស៤៣ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ក្រុងហាងចូវ ឆ្នាំ២០២៣ មាន៣១ប្រទេសហើយដណ្តើមបានមេដាយ ខណៈ១២ប្រទេសទៀត មិនទាន់រកបាននៅឡើយ។
 
បន្ទាប់ពីបញ្ចប់កីឡាអាស៊ីជាមួយមេដាយដ៏លើសលុបរួចមក ចិន ដែលជាប្រទេសម្ចាស់ផ្ទះ នៅតែបន្តប្រជែងមេដាយអាស៊ីប៉ារ៉ាហ្គេមយ៉ាងខ្លាំងក្លាថែមទៀត។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលានេះ ចិន ក្រសោបបានមេដាយសរុបចំនួន៣៩៧ ក្នុងនោះមាស១៥៨ ប្រាក់១២៩ និងសំរឹទ្ធ១១០ ឈរកំពូលតារាងបណ្តោះអាសន្ន ខណៈក្រុមលេខ២អ៊ីរ៉ង់ រកបានមេដាយសរុប១០០ប៉ុណ្ណោះ ក្នុងនោះមាស ៣៣ ប្រាក់៣៧ និងសំរឹទ្ធ៣០។ ជប៉ុន ឈរលេខរៀងទី៣ បណ្តោះអាសន្ន ដោយរកបានមេដាយមាស៣០ ប្រាក់៣៣ និងសំរឹទ្ធ៤២ សរុប១០៥។
 
ដោយឡែកថៃ ដែលឈរលេខ៤ ក្នុងតារាងមេដាយ ជាក្រុមដ៏លេចធ្លោពីអាស៊ីអាគ្នេយ៍ ដោយអាចរកបានមេដាយមាស២១ ប្រាក់១៨ និងសំរឹទ្ធ៣៧ សរុប៧៦មេដាយ។ ក្នុងចំណោម​១១ប្រទេសពីអាស៊ីអាគ្នេយ៍ មានតែថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា ឈ្នះមេដាយរៀងខ្លួន ស្របពេល កម្ពុជា ឡាវ ទីម័រខាងកើត និងព្រុយណេ មិនទាន់រកបានឃើញមេដាយនៅឡើយ ស្របពេលការប្រកួត នឹងបិទបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ស្អែកនេះ។
 
ឥណ្ឌូណេស៊ី រកបានមេដាយ៦២ ក្នុងនោះមាស១៩ ប្រាក់១៧ និងសំរឹទ្ធ២៦ ឈរលេខ៨ ដោយនាំមុខក្រុមលេខ៩ ម៉ាឡេស៊ី ដែលរកបានមេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១៣ សរុប​៣២។ ហ្វីលីពីន បានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ៥ សរុប១២​ ឈរលេខ១២។ វៀតណាម ដណ្តើមបានមេដាយ១៤ ក្នុងនោះមាស១​ ប្រាក់៧ និងសំរឹទ្ធ៦ ឈរលេខ២០ ស្របពេលសិង្ហបុរី នៅលេខ២១ ដោយរកបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២ សរុប៦ និងមីយ៉ាន់ម៉ា នៅលេខរៀងទី២៤ ដោយរកបានមេដាយសំរឹទ្ធ៣៕
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com