FIFA
កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជា បន្តធ្លាក់ចំណាត់ថ្នាក់ទៅលេខ១៧៨ ខណៈប៉ាគីស្ថានឡើង៤លេខ
30, Oct 2023 , 10:39 am        
រូបភាព
អ្នកគាំទ្រក្រុមប៉ាគីស្ថានលើកទង់ជាតិកម្ពុជា ក្នុងជំនួបវគ្គជម្រុះ World Cup រវាងប៉ាគីស្ថាន-កម្ពុជា ក្នុងក្រុងអ៊ីស្លាម៉ាបាដ។ រូបភាព៖ FFC
អ្នកគាំទ្រក្រុមប៉ាគីស្ថានលើកទង់ជាតិកម្ពុជា ក្នុងជំនួបវគ្គជម្រុះ World Cup រវាងប៉ាគីស្ថាន-កម្ពុជា ក្នុងក្រុងអ៊ីស្លាម៉ាបាដ។ រូបភាព៖ FFC
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បន្តធ្លាក់ពី​លេខរៀង​ទី​១៧៧ ទៅ១៧៨ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក  FIFA/Coca-Cola World Ranking ប្រចាំខែ​តុលា ឆ្នាំ​២០២៣ ស្របពេលប៉ាគីស្ថានឡើងពីលេខ១៩៧ ទៅ១៩៣វិញ​។ បន្តធ្លាក់១លេ ដោយសារគោព្រៃកម្ពុជា ធ្លាក់ពីវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី តាមរយៈការចាញ់ប៉ាគីស្ថាន។



​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយ​ក្រុមគោព្រៃ​កម្ពុជា បាន​ធ្លាក់​១​ចំណាត់ថ្នាក់​បើ​ប្រៀបធៀប​ទៅនឹង​តារាង​កាលពី​ខែកញ្ញា។ ក្នុងចំណោម ​២០២​សហព័ន្ធ​កីឡាបាល់ទាត់​លើ​លោក កម្ពុជាស្ថិតនៅលេខរៀងទី១៧៨​។​
 
បន្តធ្លាក់១លេខរបស់កម្ពុជា បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ចាញ់ប៉ាគីស្ថានក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក តំបន់អាស៊ី ក្នុងលទ្ធផលទាំងពីរជើង ១-០។ ប៉ាគីស្ថាន ដែលបានកៅអីវគ្គបន្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានឡើងចំណាត់ថ្នាក់៤លេខ ពោលគឺពីលេខ១៩៧ ទៅ១៩៣ ពិភពលោកវិញ។
 
​សម្រាប់​ខែតុលានេះ FIFA បានផ្តល់​ពិន្ទុ​ដល់​កម្ពុជា ៩៣១,៤៧ ខណៈពិន្ទុចាស់ ៩៤៨,៦៤ ដោយថយ១៧,១៧ពិន្ទុ ស្របពេលប៉ាគីស្ថាន ទទួលបានពិន្ទុសរុប៨៦៤,៨៤ ឯពិន្ទុចាស់ ៨៤៧,៦៧ ពិន្ទុ ពោលកើន១៧,១៧ពិន្ទុ។
 
ចំណោមក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ មានតែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី និងឡាវ បន្តធ្លាក់ចំណាត់ថ្នាក់ ស្របពេលថៃ និងព្រុយណេនៅទ្រឹង។ មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម និងឥណ្ឌូណេស៊ី ឡើងចំណាត់ថ្នាក់រៀងខ្លួន។
 
​ វៀតណាម នៅតែរក្សា​ចំណាត់ថ្នាក់​ល្អជាងគេក្នុង​តំបន់​អាស៊ាន ដោយ​ស្ថិតនៅ​លេខ​រៀង​ទី៩៤ពិភលោក តាមពីក្រោយដោយ ថៃ (​លេខ​១១២​​) ម៉ាឡេស៊ី (១៣៤) ហ្វីលីពីន (១៣៨) ឥណ្ឌូណេស៊ី (១៤៥) សិង្ហ​បុរី (១៥៥) និង មី​យ៉ាន់​ម៉ា (១៥៨)។ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៧៨ ឈរ​ពីលើ ឡាវ (១៨៨​) ព្រុយ​ណេ (១៩១) និង​ទី​ម័​រ​ខាងកើត (១៩៧)៕
 

Tag:
 FIFA Ranking
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com