កីឡាជាតិ
កម្ពុជា បញ្ចប់យុទ្ធនាការអាស៊ីប៉ារ៉ាហ្គេមនៅចិន ដោយគ្មានមេដាយ
30, Oct 2023 , 6:59 pm        
រូបភាព
ពិធីបិទកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ ក្នុងក្រុងហាងចូវ ប្រទេសចិន
ពិធីបិទកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ ក្នុងក្រុងហាងចូវ ប្រទេសចិន
អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា មិនទទួលបានមេដាយឡើយពីព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម Asian Para Games លើកទី៤ ដែលធ្វើនៅក្រុងហាងចូវ ប្រទេសចិន។ ក្រោយបញ្ចប់យុទ្ធនាការនៅថ្ងៃទី២៨ ខែតុលា ម្ចាស់ផ្ទះចិន ប្រមូលមេដាយលើសលុប តាមពីក្រោយដោយអ៊ីរ៉ង់ និងជប៉ុន។ ៨ប្រទេសពីអាស៊ីអាគ្នេយ៍ទទួលបានមេដាយរៀងខ្លួន។



ចិន នៅតែបង្ហាញភាពខ្លាំង ដោយនៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងមេដាយ កីឡាអាស៊ីប៉ារ៉ាហ្គេមលើទឹកដីខ្លួន នៅឆ្នាំ២០២៣ និងទាំង៤លើកជាប់គ្នា គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ២០១០មក។ អាស៊ីប៉ារ៉ាហ្គេមលើកទី៤ ដែលធ្វើឡើងពីថ្ងៃទី២២ ដល់២៨ ខែតុលា ចិន ទទួលបានមេដាយសរុប ៥២១ ក្នុងនោះមេដាយមាស២១៤ ប្រាក់ ១៦៧ និងសំរឹទ្ធ១៤០ នាំមុខដាច់ក្រុមលេខ២អ៊ីរ៉ង់ដែលរកបានមេដាយមាស៤៤ ប្រាក់៤៦ និងសំរឹទ្ធ៤១ សរុប១៣១មេដាយ។ ជប៉ុន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ដោយរកបានមេដាយ១៥០ មាស៤២ ប្រាក់៤៩ និងសំរឹទ្ធ៥៩។ កូរ៉េខាងត្បូង និងឥណ្ឌា ឈរលេខ៤ និងលេខ៥។
 
ចំណោមប្រទេស៤៣ (កូរ៉ខាងជើងដកខ្លួន) ដែលបានចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ក្រុងហាងចូវ មានតែ៣៣ប្រទេសប៉ុណ្ណោះដណ្តើមបានមេដាយ ខណៈ១០ប្រទេសផ្សេងទៀតដែលរួមទាំងកម្ពុជា ឡាវ និងព្រុយណេផង គ្មានមេដាយត្រឡប់ទៅប្រទេសវិញឡើយ។ កម្ពុជា ដែលដឹកនាំប្រតិភូដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានបញ្ជូនអត្តពលិកជនមានពិការភាពចំនួន២៤នាក់ លើ៦ប្រភេទកីឡា មានដូចជា អត្តពលកម្ម, ហែលទឹក, វាយកូនឃ្លីលើតុ, វាយសី, បាល់ទះអង្គុយបុរស និងបាល់បោះជិះរទេះនារី។
 
ក្រៅពីកម្ពុជា ឡាវ និងព្រុយណេ ៨ប្រទេសផ្សេងទៀត ដែលមិនឈ្នះមេដាយសោះ មានដូចជា អាហ្វហ្គានីស្ថាន, បង់ក្លាដែស, ប៊ូតង់, លីបង់, ម៉ាល់ឌីវ, ប៉ាឡេស្ទីន, តាជីគីស្ថាន និង តួកមេនីស្ថាន។
  
ពិធីបិទកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ ក្នុងក្រុងហាងចូវ ប្រទេសចិន

ក្រុមប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួន៨ រួមមាន ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ទីម័រខាងកើត និងមីយ៉ាន់ម៉ា រកបានមេដាយរៀងខ្លួន។ ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន លេចធ្លោនៅតំបន់អាស៊ីអាគ្នេយ៍ ដោយស្ថិតនៅតំបន់ Top 10 ចំណោម៤៣ប្រទេស។ 
 
ឥណ្ឌូណេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ដោយរកបានមេដាយសរុប ៩៥ ក្នុងនោះមាស២៩ ប្រាក់៣០ និងសំរឹទ្ធ៣៦ តាមពីក្រោយដោយថៃឈរលេខ៧ រកបានមេដាយមាស២៧ ប្រាក់២៦ និងសំរឹទ្ធ៥៥ សរុប១០៨។ ហ្វីលីពីន នៅលេខ៩​ មានមេដាយមាស១០​ ប្រាក់៤ និងសំរឹទ្ធ៥ សរុប១៩។ ម៉ាឡេស៊ី នៅលេខ១២ បានមាស៧ ប្រាក់១៥ និងសំរឹទ្ធ១៧ សរុប៣៩។ សិង្ហបុរីលេខ១៧ រកបានមេដាយសរុប៨ ក្នុងនោះមាស៣ ប្រាក់៣ និងសំរឹទ្ធ២។ លេខ២២ វៀតណាម បានមេដាយមាស១ ប្រាក់១០ និងសំរឹទ្ធ៩ សរុប២០។ ទីម័រខាងកើត ឈរលេខ២៥ ដោយរកបានមេដាយប្រាក់១ និងមីយ៉ាន់ម៉ានៅលេខ២៦ រកបានមេដាយសំរឹទ្ធ៣។
 
អាស៊ីប៉ារ៉ាហ្គេមលើកទី៤ ដែលមាន១២ប្រភេទកីឡា លើ៤៣៩វិញ្ញាសា ចំណាយមេដាយសរុប ១៥៧៣ ក្នុងនោះមាស៥០២ ប្រាក់៤៩៩ និងសំរឹទ្ធ៥៧២ ប្រហាក់ប្រហែលព្រឹត្តិការណ៍លើកទី៣ នៅឥណ្ឌូណេស៊ី ដែលប្រើមេដាយសរុប១៥៤១ ក្នុងនោះមាស៥០៧ ប្រាក់៤៩៧ និងសំរឹទ្ធ៥៣៧ ក្នុង១៨ប្រភេទកីឡា លើ៥០៦វិញ្ញាសា។ Asian Para Games លើកទី៥ ឆ្នាំ២០២៦ នឹងធ្វើនៅប្រទេសជប៉ុន៕



Tag:
 អាស៊ីប៉ារ៉ាហ្គេម
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com