នៅវេទិកាការពារជាតិ Xiangshan ឧត្តមសេនីយ៍ចិន Zhang Youxia បានរិះគន់ប្រទេសមួយចំនួន ដែលចាត់ទុកពិភពលោកជានំខេកមួយ ដើម្បីប្រកួត និងចូលរួមដើរតាមនយោបាយរបស់ខ្លួន ដែលនាំទៅរកលទ្ធិឯកតោភាគី។
លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានចោទប្រកាន់ប្រទេសមួយចំនួនថា ដើម្បីផលប្រយោជន៍អាត្មានិយមរបស់ក្រុមខ្លួន ពួកគេបង្កជម្លោះគ្រប់ទីកន្លែង ។ ការអះអាងបែបនេះធ្វើឡើងនៅក្នុងវេទិកាការពារជាតិ Xiangshan ក្នុងចំណោមម្រមុខយោធាប្រទេសមួយចំនួន ក្នុងនោះក៏មានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Soigu។
វេទិកា Xiangshan ទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍ការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិន បានចាប់ផ្តើមដោយគ្មានរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសខ្លួន ដែលជាធម្មតាធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះ។
កាលពីថ្ងៃទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li Shangfu ត្រូវបានបណ្តេញចេញពីការងារដោយមិនបានផ្តល់ការពន្យល់ណាមួយឡើយ។ លោកមិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីចុងខែសីហា ឆ្នាំ២០២៣។
ឧត្តមសេនីយ Zhang Youxia ដែលជាមេទ័ពកំពូលទី២ របស់ចិនមិនបានបង្ហាញឈ្មោះប្រទេសណាមួយទេ ដោយលោក គ្រាន់តែសង្កត់ធ្ងន់ថា៖ «ពួកគេបង្កើតជម្លោះភូមិសាស្ត្រនយោបាយក្លែងក្លាយជាច្រើន បន្ទាប់មកអធិប្បាយយុត្តិធម៌ ខណៈដែលការពិតត្រូវបានទំលាក់ទៅម្ខាងដែលធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ និងពិបាកដោះស្រាយ »។
មេទ័ពរូបនេះបន្តថា នៅពីក្រោយឆាក ក្រុមនេះតែងកាន់កាំបិត និងមិនខ្វល់ពីការញុះញង់មនុស្សឱ្យចូលរួមក្នុងសង្គ្រាម ដរាបណាពួកគេជាអ្នកទទួលបានផលប្រយោជន៍ពីភាពវឹកវរ ។ លោក Zhang Youxia ថែមទាំងព្រមានថា ប្រទេសនានាមិនគួរមានចេតនាបង្ករឿងដល់ប្រទេសផ្សេងទៀត លើបញ្ហាធំ និងរសើបដូចជាតៃវ៉ាន់ ដែលមើលទៅលោកចង់សំដៅលើអាម៉េរិក។
គំនិតផ្តួចផ្តើមសន្តិសុខពិភពលោករបស់ប្រធានាធិបតីចិន ស៊ី ជិនភីង បង្ហាញពិភពលោកនូវទិសដៅត្រឹមត្រូវសម្រាប់សន្តិសុខរួម និងសន្តិភាពយូរអង្វែង។ ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ហើយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយអាម៉េរិក។ នេះបើតាមលោក Zhang Youxia។
យោធាចិន និងអាម៉េរិក មិនមានទំនាក់ទំនងផ្ទាល់ទេ ចាប់តាំងពីទីក្រុងប៉េកាំង បានតែងតាំងលោក Li Shangfu ជាបុគ្គលម្នាក់ស្ថិតក្រោមបញ្ជីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅខែមីនា ឆ្នាំ២០២៣។
ប្រទេសលោកខាងលិចជាច្រើន មិនចាប់អារម្មណ៍លើវេទិកា Xiangshan ឬគ្រាន់តែបញ្ជូនគណៈប្រតិភូតូច និងថ្នាក់ទាបមកចូលរួមប៉ុណ្ណោះ។ ប្រទេសទាំងនេះ តែងតែចង់ពិភាក្សាអំពីបញ្ហាសន្តិសុខអន្តរជាតិ នៅឯកិច្ចសន្ទនា Shangri-La ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងប្រទេសសិង្ហបុរី៕