ជាតិ
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៦រូប ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
31, Oct 2023 , 11:09 am        
រូបភាព
រូបពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
រូបពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៦រូប ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ ដោយសង្ស័យទទួលប្រយោជន៍ពីករណីបទល្មើសគ្រឿងញៀន។ នេះបើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃទី២៦តុលា ហើយបន្តតាមដានដល់ខេត្តកំពង់ស្ពឺ។ លោក អេង ហ៊ី បន្ថែមថា ជាលទ្ធផល កម្លាំងជំនាញក៏ឃាត់ខ្លួន ជនសង្ស័យ៦រូបទៀត ដែលសុទ្ធតែជាកម្លាំងកងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺ។ 
 
បើតាមការសាកសួរ កាលពីថ្ងៃទី២៧ដល់២៩តុលា របស់កម្លាំងជំនាញនោះ ពួកគេទាំង៦នាក់ អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។ យ៉ាងណា ក្រោយធ្វើតេស្តសារធាតុញៀន ជនសង្ស័យទាំង៦រូប ពុំមានផ្ទុកសារធាតុញៀនឡើយ។ នេះបើតាម លោក អេង ហ៊ី ដែលបានបន្ថែមថា ពេលនេះ មន្ត្រីនគរបាលយុត្តិធម៌ កំពុងរៀបចំសំណុំរឿងខាងលើ បញ្ជូនជនសង្ស័យទាំងនោះ ទៅតុលាការ។ 
 
លោក អេង ហ៊ី សុំមិនបញ្ចេញអត្តសញ្ញាណជនសង្ស័យទាំង៦រូបនេះឡើយ។ តែយ៉ាងណា រូបជនសង្ស័យទាំង៦រូបខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែកចាយបន្តគ្នា ដោយគេស្គាល់ថា លោក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមទាំងគ្នីគ្នា៤នាក់ទៀត៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com