កីឡាជាតិ
ជាតិ
ទោះ​មិន​បន្ត​កិច្ច​សន្យា ប៉ុន្តែ CPL ក៏មិន​បិទ​ផ្លូវ​​សម្រាប់​លោក Satoshi Saito នោះដែរ
31, Oct 2023 , 3:09 pm        
រូបភាព
លោក Satoshi Saito នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ រូបថត CPL
លោក Satoshi Saito នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ រូបថត CPL
​កិច្ច​សន្យា​២ឆ្នាំ​របស់​លោក Satoshi Saito ជាមួយ​ក្រុម​ហ៊ុនខេមបូឌានព្រីមៀលីគ (CPL) បាន​ឈាន​ដល់​ទីបញ្ចប់ ហើយ​ក៏មិនមាន​ការ​បន្ត​ថ្មីនោះដែរ។ CPL បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួន នាព្រឹកថ្ងៃទី​៣១ ខែតុលា ខណៈកិច្ច​សន្យា​របស់នាយក​ប្រតិបត្តិ​ជនជាតិ​ជប៉ុន​រូបនេះ មាន​សុពល​ភាព​រហូត​​ដល់​ចុង​ឆ្នាំ។

 
ក្លិបជាសមាជិកនឹងក្លាយជាម្ចាស់​ភាគហ៊ុន​ច្រើន​របស់ក្រុមហ៊ុន

«ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ឱ្យ​មានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន»។ នេះជាការ​បញ្ជាក់​របស់ CPL ជាមួយនឹង​ការ​ប្រកាស​មិន​បន្ត​កិច្ច​សន្យា​ជាមួយ​លោក Satoshi Saito។
 
ក្រុម​ហ៊ុន​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ក្របខណ្ឌ Cambodian Premier League, Cambodian League 2 និង E-Cambodian Premier League បញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍ថា កំណែទម្រង់នេះគឺធ្វើឡើងដើម្បីឱ្យ​ក្លិបជាសមាជិកមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។
 
ក្រោយការ​ចាក​ចេញ​របស់​លោក Satoshi Saito ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…..) ឱ្យ​ទៅក្រុមប្រឹក្សា​ភិបាលថ្មី បន្ទាប់ពី​ធ្វើកំណែទម្រង់។
 
CPL បាន​បញ្ជាក់​បន្ថែមថា៖ «ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់»។
 
រូបភាព៖-CPL
ផ្លូវបើកជានិច្ច​សម្រាប់​លោក Satoshi Saito
 
តាមពិតទៅ កិច្ច​សន្យា​របស់​អ្នកជំនាញ​រដ្ឋបាល​កីឡាជប៉ុន​រូបនេះ នឹងត្រូវបញ្ចប់នៅ​ខែ​ធ្នូ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ភិបាល CPL ​បាន​ប្រកាស​ពីការសម្រេច​ចិត្ត​របស់ខ្លួនមុនពីរ​ខែ។ ហេតុផល​មួយ​ក្នុងចំណោម​ការសម្រេច​ចិត្តនេះ គឺ CPL ​ចង់​ឱ្យ លោក Saito មាន​ពេល​វេលា​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​គ្រួសារនៅអេស្ប៉ាញ។ លោក សុខា រ៉ានាថ តំណាង​ក្រុម​ប្រឹក្សាភិបាល CPL បានអះអាង​យ៉ាង​ដូច្នេះ ប្រាប់ក្រុម​អ្នក​សារព័ត៌មាន ប៉ុន្តែ​អ្វីដែលជាកត្តាចម្បងនោះ គឺក្រុមហ៊ុនមានគម្រោងរុះរើ និងកំណែទម្រង់លីគជាថ្មី ដោយជ្រើសរើស CEO ថ្មីដើម្បីកាន់តំណែងរយៈពេលយូរ។
 
យ៉ាងណាក៏ដោយ លោក Satoshi នៅតែមានឱកាសធ្វើការក្នុងក្រុមហ៊ុន CPL ដដែល ក្នុងតំណែងណាមួយ ប្រសិនបើ CEO ថ្មីចង់បាន។ តំណាង​ក្រុម​ប្រឹក្សា​ CPL បាន​បញ្ជាក់ថា៖ «យើងត្រូវការកំណែទម្រង់ថ្មី។ ប្រសិនជាអ្នកចូលមកថ្មីកាន់តំណែង CEO គេយក លោក Saito មកធ្វើការជារឿងរបស់គេ ប៉ុន្ដែពេលនេះ យើងបញ្ចប់កុងត្រាជាមួយគាត់។ យើង ត្រូវបញ្ចប់ជាមួយគាត់សិន ដើម្បីឲ្យអ្នកថ្មីចូលមក អាចសម្រេចចិត្តធ្វើការតាមការងាររបស់គេ»។
 
ជាមួយ​គ្នានេះ លោក សុខា រ៉ា​នាថ បន្ថែមថា បើទោះបីជា​លោក Saito លែងមានតួនាទីជា CEO ក៏ដោយ ក៏គាត់នៅ​អាចធ្វើ​ជាភ្នាក់ងារឯករាជ្យ (Free Agent) ដើម្បី​ស្វែងរក​ដៃគូឧបត្ថម្ភសម្រាប់ក្របខណ្ឌ​បាល់ទាត់​កម្ពុជា ដោយ​ទទួល​យក​ភាគលាភពីការងារ​របស់ខ្លួន។
 
ពី  Barcelona មក​កម្ពុជា

លោក Satoshi Saito អ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងឱ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian League Football Company) កាលពីទី១៤ ខែតុលា ឆ្នាំ២០២១ ហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជាថ្មីមួយ ឈ្មោះថា Cambodian Premier League  បន្ទាប់ Metofne Cambodian League ឬ C-League បានបញ្ចប់សម័យកាល។
 
CLFC ជាគំនិតផ្តួចផ្តើមឡើងដោយ FFC ដើម្បីធានាដល់ការអភិវឌ្ឍបាល់ទាត់កម្ពុជា ជាពិសេសគោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកន្លងទៅ។ ក្រៅពី​បង្កើតក្របខណ្ឌ Cambodian Premier League ក្រុម CPL ក៏បាន​រៀបចំ Cambodian League 2 និងក្របខណ្ឌកីឡាអេឡិចត្រូនិក E-Cambodian Premier League ជាបន្ត​បន្ទាប់ផងដែរ។
 
មុនឡើងមកកាន់តំណែងនេះ លោក Saito មានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក្នុងតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ជាមន្ត្រីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។
 
លោក Saito ដែលមានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Keio University ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសេដ្ឋកិច្ចពីសាលា ESADE Business School ក្នុងប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លិបកំពូលអេស្ប៉ាញ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ។
 
«ខ្ញុំមកទីនេះដើម្បីជួយលីគកម្ពុជា»។ អ្នកជំនាញ​រដ្ឋបាល​កីឡា​ជប៉ុន ធ្លាប់​បាន​បញ្ជាក់យ៉ាងម៉ឺងម៉ាត់​បែបនេះ ក្នុងបទសម្ភាស​ផ្តាច់មុខមួយជាមួយ​សារព័ត៌មានឌីជីថល​ថ្មីៗ ដោយ​លោក​មានមហិច្ឆតា​នាំឱ្យ​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា​ក្លាយជាលីគ ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ាន បើទោះត្រូវប្រជែងខ្លាំងជាមួយលីគដែលកំពុងអភិវឌ្ឍលឿនក៏ដោយ។
 
លោក Satoshi Saito តែងតែសម្លឹងឃើញចំណុចវិជ្ជមានរបស់កីឡាករកម្ពុជា បើទោះជាជាក់ស្ដែង កីឡាករទាំងនោះមានចំណុចខ្វះខាតខ្លះក៏ដោយ។ លោក​បានប្រៀបធៀបថា៖ «វាងាយស្រួលណាស់ក្នុងការប្រៀបធៀប ជាមួយជប៉ុន, កូរ៉េខាងត្បូង, ឬមួយក៏ចិន ហើយអ្នកនឹងឃើញអ្វីមួយ ដែលកម្ពុជាមិនមាន។ ខ្ញុំមិនមើលទៅលើអ្វីដែលកម្ពុជា មិនមានទេ ប៉ុន្ដែខ្ញុំមើលទៅលើអ្វីដែលកម្ពុជាកំពុងមានក្នុងដៃ។ យើង មានរឿងវិជ្ជមានជាច្រើន»៕
 

Tag:
 Satoshi Saito
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com