ជាតិ
សេដ្ឋកិច្ច
បាត់ដំបងជាក្រុងកម្ពុជាដំបូងបំផុតដែលស្ថិតក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់យូណេស្កូ
01, Nov 2023 , 9:32 am        
រូបភាព
ក្រុងបាត់ដំបង ក្លាយជាទីក្រុងដំបូងបំផុតរបស់កម្ពុជា ដែលបានចូលរួមក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់អង្គការយូណេស្កូ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)។ នេះបើតាមសេចក្តីប្រកាសរបស់យូណេស្កូ នាទិវាទីក្រុងពិភពលោក (World Cities Day) កាលពីថ្ងៃទី៣១ ខែតុលា ដោយបាត់ដំបង ស្ថិតក្នុងចំណោមទីក្រុងថ្មីទាំង៥៥ដែលបានចូលរួមក្នុងបណ្តាញ UCCN។





«នេះជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុងបាត់ដំបងក្នុងភ្ជាប់ខ្លួនទៅនឹងវប្បធម៌ រួមទាំងភាពច្នៃប្រតិដ្ឋសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព»។ អង្គការយូណេស្កូប្រចាំកម្ពុជា បានផ្ញើសារអបអរសាទរភ្លាមៗ ក្រោយការប្រកាសបញ្ចូលក្នុងបាត់ដំបងក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ។

បើតាមយូណេស្កូ ការដាក់បញ្ចូលខេត្តបាត់ដំបងក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ មិនត្រឹមតែបង្ហាញពីមុខម្ហូបពិសេសដាច់ដោយឡែកនោះទេ ប៉ុន្តែវាមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីពង្រីកការអនុវត្តក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌សកល។



លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានសាទរកម្ពុជាចំពោះការសម្រេចបានដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា៖ «ការទទួលស្គាល់ក្រុងបាត់ដំបង ជាក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ ជាការលើកកម្ពស់តម្លៃវប្បធម៌របស់ទីក្រុង និងជាកត្តាជំរុញឱ្យមានការផ្សព្វផ្សាយវប្បធម៌ និងការបង្កើតថ្មី ហើយក៏នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងចំណូលទេសចរណ៍សម្រាប់សហគមន៍ផងដែរ»។

នៅឆ្នាំ២០២៣នេះ អង្គការយូណេស្កូប្រចាំកម្ពុជា បានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពកសាងសមត្ថភាព ដើម្បីជំរុញឱ្យខេត្តបាត់ដំបងអាចចូលក្នុងបញ្ជី UCCN ដោយមានការចូលរួមពីអាជ្ញាធរខេត្តផ្ទាល់ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



អាហារដែលល្បីល្បាញបំផុតប្រចាំខេត្តបាត់ដំបង រួមមាន ណែមបាត់ដំបង, ប្រហុកបាត់ដំបង, ហហ្មុកបាត់ដំបង, ក្រឡានបាត់ដំបង, សង្វាក់បាត់ដំបង, បុកល្ហុងបាត់ដំបង, កន្ទុយហេះបាត់ដំបង, ទឹកគ្រឿងបាត់ដំបង, មីកូឡាបាត់ដំបង ជាដើម។

បង្កើតឡើងនៅឆ្នាំ២០០៤ បណ្តាញ UCCN របស់យូណេស្កូ ចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមទីក្រុងនានា ដែលបង្ហាញពីភាពច្នៃប្រតិដ្ឋ និងមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីក្រុងដែលស្ថិតក្នុងបណ្តាញ អាចធ្វើការរួមគ្នាដើម្បីឆ្ពោះរកគោលដៅរួម គឺ ការដាក់ភាពច្នៃប្រតិដ្ឋ និងឧស្សាហកម្មវប្បធម៌ជាបេះដូងនៃផែនការអភិវឌ្ឍន៍។



ជាមួយនឹងការចុះបញ្ជីថ្មីចំនួន៥៥ បណ្តាញ UCCN មានទីក្រុងជាសមាជិកចំនួន៣៥០ពីជាង១០០ប្រទេស ដោយប្រភេទច្នៃប្រតិដ្ឋមានចំនួន៧ផ្សេងគ្នា រួមមាន សិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts), សិល្បៈនៃការផ្សព្វផ្សាយ (Media Arts), ភាពយន្ត (Film), រចនាប័ទ្ម និងការតុបតែង (Design), ម្ហូបអាហារ (Gastronomy), អក្សរសាស្ត្រ (Literature) និងតន្ត្រី (Music)។

ក្នុងចំណោមសមាជិកថ្មីទាំង៥៥ក្នុងបណ្តាញ UCCN បាត់ដំបងស្ថិតក្នុងប្រភេទម្ហួបអាហារជាមួយ ក្រុង Chaozhou (ចិន), Fribourg (ស្វីស), Gangneung (កូរ៉េខាងត្បូង), Herakleion (ក្រិក) , IIlilo City (ហ្វីលីពីន) និងNkongsamba (កាមេរូន)៕







រូបថតទាំងអស់ ពីរដ្ឋបាលខេត្តបាត់ដំបង នាព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និង​បង្អែមខ្មែរ ខេត្តបាត់ដំបង កាលពីថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២២


© រក្សាសិទ្ធិដោយ thmeythmey.com