ជាតិ
«អង្ករសែនក្រអូប» ឈ្នះពានមាស ក្នុងកម្មវិធីវាយតម្លៃគុណភាព និងរសជាតិ ចិន-អាស៊ាន
01, Nov 2023 , 10:39 am        
រូបភាព
ភ្នំពេញ៖ «អង្ករសែនក្រអូប» របស់កម្ពុជា ទទួលបានពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ នៅប្រទេសចិន។ កម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជ នៃតំបន់ស្វយ័ត Guangxi Zhuang កាលពីថ្ងៃទី២៨ ខែតុលា។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា​ ថ្ងៃទី៣១ ខែតុលា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានគណៈកម្មាធិការប្រកួតទទួលស្គាល់ថា ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ និងបានផ្ដល់ពានរង្វាន់មាសមួយ ក្នុងចំណោមពានរង្វាន់មាសនៃពូជស្រូវរបស់ប្រទេសផ្សេងទៀត។ ពានរង្វាន់មាសនេះ នឹងជួយលើកតម្លៃអង្ករសែនក្រអូប ឱ្យមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារកាន់តែធំទូលាយ។
 
កម្មវិធីប្រកួតប្រជែងនេះ មានសំណាកអង្ករសរុប៦១ ដែលក្នុងនោះ១២ប្រភេទ មកពី៥ប្រទេសនៃតំបន់អាស៊ាន និង៤៩ប្រភេទទៀត មកពីតំបន់ស្វយ័ត និងខេត្ត ដែលដាំដុះស្រូវនានា របស់ប្រទេសចិន។ 
 
សមិទ្ធផលនេះ កើតចេញពីខិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ក្នុងការ​ដាំដុះ និងថែទាំ ដោយពួកគេបានផ្តល់គ្រាប់ស្រូវ ដែលផលិតចេញជាអង្ករមានគុណភាព ស្អាត និងឱជារស។ ទន្ទឹមនេះ សហព័ន្ធស្រូវអង្ករកម្ពុជា លើកទឹកចិត្តដល់កសិករទាំងអស់ បន្តការដាំដុះស្រូវប្រកបដោយគុណភាពប្រសើរថែមទៀត។  
 
គួរឱ្យដឹងថា សែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ហើយត្រូវបានដាំដុះដោយប្រជាកសិករខ្មែរ តាំងពីពាក់កណ្ដាលទស្សវត្ស៩០។ អង្ករប្រភេទនេះ មានការពេញនិយមខ្លាំងនៅលើឆោកអន្តរជាតិ។ 
 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។ ឆ្លងកាត់តាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដ៏ល្អ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០១៩ ក្រោម ឈ្មោះជាផ្លូវការថា«សែនក្រអូប ០១»៕ 
 

Tag:
 អង្ករសែនក្រអូប
  ចិន-អាស៊ាន
  សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com