ជាតិ
សាសនា / ធម៌
គ្រូទាយ សុខ នី ដែលយកស្បង់ចីពរទៅគ្រង ត្រូវបានមន្ទីរធម្មការខេត្តក្រចេះ ព្រមាន និងធ្វើកិច្ចសន្យា
01, Nov 2023 , 11:39 am        
រូបភាព
គ្រូទាយ សុខ នី។ រូបពី ហ្វេសប៊ុក របស់លោក យូ សារ៉ាវុឌ្ឍន៍
គ្រូទាយ សុខ នី។ រូបពី ហ្វេសប៊ុក របស់លោក យូ សារ៉ាវុឌ្ឍន៍
ភ្នំពេញ៖ លោក ស៊ូ សែ ប្រធានធម្មការនិងសាសនាខេត្តក្រចេះអះអាង បានឱ្យគ្រូទាយជោគវាសនា និងមើលជំងឺ សុខ នី នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ធ្វើកិច្ចសន្យាឈប់ យកស្បង់ចីពរព្រះសង្ឃទៅគ្រង និងធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀត។

 
គ្រូទាយ សុខ នី កាលពីថ្ងៃទី២៩តុលា បានយកស្បង់ចីពរព្រះសង្ឃទៅគ្រងដណ្ដប់ រួមទាំងអង្គុយលើចានផ្កាឈូកលើកដៃ ដែលទំនងជាត្រាមតាមរូបភាពរបស់ព្រះពុទ្ធ។ ជាមួយគ្នាដែរ បុគ្គលរូបនោះ បានថតវីដេអូ បង្ហោះសកម្មភាពរបស់ខ្លួន លើបណ្ដាញសង្គម។ ក្រោយមកវីដេអូនោះ ត្រូវបានមហាជន ចែកចាយបន្តគ្នា ភ្ជាប់នឹងពាក្យរិះគន់ជាច្រើនហូរហែថា សព្វថ្ងៃនេះ សម្បូរអ្នកយកសាសនា ជំនឿ ទៅសម្ដែងរកស៊ីប្រមូលទ្រព្យសម្បត្តិ ដើម្បីល្បីល្បាញ។ 
 
លុះដល់ថ្ងៃទី៣១តុលា ក្រុមការងារមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ក៏បានចុះទៅជួបជជែកជាមួយ គ្រូទាយ សុខ នី ពីបញ្ហាខាងលើ។ ទន្ទឹមនឹងនេះ គ្រូទាយ សុខ នី សារភាពព្រមទទួលស្គាល់កំហុស និងយល់ព្រមលុបវីដេអូវិញ ដោយសារពុំដឹងថា ការយកស្បង់ចីពរទៅស្លៀកពាក់ និងបង្ហោះវីដេអូ ជាករណីខុសច្បាប់ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនា។ 
 
យ៉ាងណា ប្រធានមន្ទីរធម្មការនិងសាសនា អះអាងថា មន្ទីរបានឱ្យគ្រូទាយនោះ ធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា ហើយបើថ្ងៃក្រោយកើតមានសកម្មភាពខុសឆ្គងទៀត មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់។ 
 
ក្រោយធ្វើកិច្ចសន្យាហើយ លោក ស៊ូ សែ អះអាងថា គ្រូទាយ សុខ នី នោះ នៅតែអាចបន្តសកម្មភាពទាយបានធម្មតា ដោយសារជាជំនឿ និងការគោរព៕ 
 

Tag:
 ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com