ជាតិ
ពីនេះ ពីនោះ
«តាងនាម» មិនមែន «តាំងនាម», «តាំងខ្លួន» មិនមែន «តាងខ្លួន»
02, Nov 2023 , 7:29 am        
រូបភាព
«តាង» និង «តាំង» មានន័យ​ខុសគ្នា ប៉ុន្តែអ្នក​ខ្លះ​មិន​បាន​ចាប់អារម្មណ៍​ ក៏សរសេរ​ច្របូក​ច្របល់គ្នា ជាពិសេស​ពាក្យ «តាងនាម» ដោយមានអ្នក​សរសេរច្រឡំជា «តាំងនាម» ទៅវិញ។

 
ដើម្បីឱ្យកាន់តែច្បាស់សារព័ត៌មាន​ឌីជីថល​ថ្មីៗ សូម​លើកយកពាក្យទាំងពីរ «តាង» និង «តាំង» មកពន្យល់ ដោយ​ផ្អែក​តាមវចនានុក្រម​ខ្មែរ២០២២ របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ ដែលបាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ពី​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
 
កិរិយាសព្ទ «តាង» មានន័យថា ជួស, ដាក់ជាជំនួស :  តាងនាមនៃពុទ្ធបរិស័ទ ..., តាងក្រុម ...តាងក្រសួង។  ជានាម​សព្ទ «តាង» គឺ តំណាង, ជំនួស។ អ្វីៗដែលទុកជាស្មរ ជាបន្ទាល់បាន។  
ន័យ​ដាច់ដោយឡែកមួយ​ទៀត​នោះ គឺ «តាង» សំដៅ​លើ​គ្រឿងផ្ទុកស្រដៀងនឹងញ៉ែង សម្រាប់ដាក់លើខ្នងគោ ឬលើខ្នងលា ប្រើផ្ទុកទំនិញឬវត្ថុផ្សេងៗ។  
 
រីឯកិរិយាសព្ទ «តាំង» វិញ មានន័យថា តម្កល់, ដាក់ឱ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់ ...។  នាមសព្ទ «តាំង» សំដៅ​លើ​តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ :  តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង)។  
 
«តាំងខ្លួន» គឺ​ផ្គត់ផ្គង់ខ្លួនឱ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្តិ៍ឈ្មោះ ...។   ន័យមួយទៀត​ គឺ​ចាត់ទុកខ្លួនជាអ្វីមួយ :  គាត់តាំងខ្លួនជាឯកឧត្តម ដើរបោករឿងទិញដីគេ។   
 
កូនពាក្យ​ផ្សេងៗរួមមាន តាំងជំហរ, តាំងងារ, តាំងចិត្ត, តាំងតុ, តាំងទី, តាំងធម៌, តាំងធ្វើ, តាំងភ្នាល់, តាំង​របស់, តាំងរាជធានី, តាំងស្មារតី, តាំងហាង, តាំងទ័ព, តាំងនៅ ជាដើម
 
ក្រៅពីនេះ «តាំង» គឺ​ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com