ជាតិ
លោក ឃួង ស្រេង ឱ្យអ្នកលក់ដូរតូចតាចនៅផ្សារ រាយការណ៍ទៅអាជ្ញាធរបើមានគេ​ទារ​ភា​ស៊ី
01, Nov 2023 , 4:24 pm        
រូបភាព
អាជីវករលក់អំបុកនៅផ្សារទួលទំពូងនាពេលកន្លងមក។ រូប ដោយវតី
អាជីវករលក់អំបុកនៅផ្សារទួលទំពូងនាពេលកន្លងមក។ រូប ដោយវតី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យអាជីវករលក់ដូចតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទនៅភ្នំពេញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ បើសិនមានអ្នកទារភាស៊ី និងបង់ថ្លៃអនាម័យជាដើម។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

 
ដើម្បីពង្រឹង និងច្រៀសវាងជនខិលខូច ឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកដល់ដូរតូចតាច តាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត លោក ឃួង ស្រេង បានណែនាំឱ្យ រដ្ឋបាលខណ្ឌ​-សង្កាត់ គណៈកម្មការផ្សារ ត្រូវពង្រឹងការអនុវត្តជាក់ស្ដែង ចំពោះអនុគ្រោះនិងគាំពារដល់ពលរដ្ឋដែលលក់ដូចតូចតាចតាមផ្សារ។ ការអនុគ្រោះ និងគាំពារដល់អាជីវករលក់តាមកញ្ច្រែង កញ្ជើ មានន័យថា ត្រូវបញ្ឈប់ការបង់ភាស៊ី ឬទារលុយពីកន្លែងលក់ដូរ ហើយងាកទៅធានាសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានដល់ពលរដ្ឋវិញ។ 
 
អភិបាលរាជធានីភ្នំពេញ ក៏បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនជាបន្ទាន់ ដើម្បីដាក់ទោសទណ្ឌតាមច្បាប់ បើឃើញបុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យអាជីវករតូចតាចណា បង់ភាស៊ីឬបង់ថ្លៃចំណាយផ្សេងៗ។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏ប្រាប់ទៅក្រុមហ៊ុន ឬអ្នកវិនិយោគលើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលទទួលសិទ្ធិស្របច្បាប់ ត្រូវណែនាំភ្នាក់ងាររបស់ខ្លួន ឱ្យគោរពការណែនាំរបស់រដ្ឋាភិបាល ដោយមិនតម្រូវឱ្យប្រមូលភាស៊ី ឬកម្រៃផ្សេងៗពី អាជីវករតូចតាចតាមកញ្ច្រែង ល្អី ឡើយ។ ជាមួយគ្នាដែរ បើក្រុមហ៊ុនប្រមូលភាស៊ី ឬកម្រៃផ្សេងៗ មិនអនុវត្តតាមការណែនាំខាងលើនេះ អាជ្ញាធរនឹងលុបកិច្ចសន្យាវិនិយោគ។ 
 
អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ក្នុងករណី មានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ តាមគ្រប់រូបភាព…សូមបងប្អូនអាជីវកររាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា»។ 
 
ជាមួយគ្នាដែរ លោក ឃួង ស្រេង បានផ្ដែផ្ដាំទៅឱ្យអាជីវករលក់ដូរតូចតាចតាមផ្សារ មិនត្រូវបង់ភាស៊ី ឬថ្លៃចំណាយផ្សេងៗដល់ភ្នាក់ងារប្រមូលភាស៊ី ឬក្រុមជនខិលខូចណាមួយឡើយ។ អាជីវករលក់ដូរតាមកញ្ច្រែង ល្អី គ្រាន់តែដាក់លក់ដូរតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំ ដើម្បីជៀសវាងការលក់ដូរតាមដងផ្លូវ នាំឱ្យប៉ះពាល់ដល់សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com