ជាតិ
សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការក្លែងព្រះរាជសារ
01, Nov 2023 , 4:49 pm        
រូបភាព
ជនសង្ស័យ ដែលក្លែងបន្លំព្រះរាជសារ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ជនសង្ស័យ ដែលក្លែងបន្លំព្រះរាជសារ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៩តុលា ដោយសារបុគ្គលនោះ ក្លែងបន្លំព្រះរាជសារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

 
កាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញមានព្រះរាជសាររបស់ព្រះមហាក្សត្រ ចែកចាយបន្តគ្នាលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅកាន់ខេត្តកំពត។ ក្រោយមក នៅថ្ងៃទី២៦ តុលា ក៏មានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារនោះ។ 
 
ហេតុនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា បានរៀបចំលិខិតក្លែងបន្លំជាព្រះរាជសារពិតប្រាកដមែន។ 
 
ជនសង្ស័យខាងលើ ទទួលស្គាល់ថា បានបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រនៅម្តុំ វិទ្យាល័យ សម្តេចជាស៊ីមសន្ធរម៉ុក។ ជនសង្ស័យនោះ ជាអ្នកផ្ដល់ខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះ ទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ 
 
ទន្ទឹមនឹងនេះ ជនសង្ស័យ បានទទួលស្គាល់ថា ការរៀបចំគម្រោងបែបនេះ ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាននោះ។
 
ចំពោះករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នពីការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់ របស់ក្រុមឆបោក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com