ជាតិ
ក្រសួងមុខងារសាធារណៈ ប្រកាសរើសមន្រ្តីកសិកម្មឃុំ ជាច្រើននាក់
02, Nov 2023 , 7:59 am        
រូបភាព
រូបភាព៖ លោក យ៉ង សាំង កុមារ
រូបភាព៖ លោក យ៉ង សាំង កុមារ
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងប្រជែងរើសមន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។



សេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា ការប្រឡងនេះ ត្រូវធ្វើឡើងសម្រាប់ក្របខណ្ឌ ក, ខ, គ។ អ្នកចូលរួម ត្រូ​វមានជំនាញ និងឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ទើបបានឱកាសចូលបម្រើការងារនៅតាមឃុំ ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។ 
 
ទន្ទឹមនេះ ក្រសួងលើកទឹកចិត្ត និងផ្ដល់អាទិភាពខ្ពស់ ចំពោះអ្នកដែលមានសញ្ញាបត្រខ្ពស់ជំនាញកសិកម្ម ស្រ្តី និងអ្នកមានបទពិសោធន៍លើការងារវិស័យកសិកម្ម។ ចំពោះ កាលបរិច្ឆេទចុះឈ្មោះប្រឡង ត្រូវចាប់ផ្ដើមពីថ្ងៃទី១នេះ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកានេះ។ 
 
សម្រាប់អណតិ្តទី៧នេះ រដ្ឋាភិបាល បានដាក់គោលនយោបាយកសិកម្ម ពង្រាយមន្ត្រីកសិកម្មតាមឃុំ នៅទូទាំងប្រទេសចំនួន១៦០០នាក់ ដើម្បីជួយរក្សាកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ។ មិនតែប៉ុណ្ណោះ វាក៏ធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង និងការបង្កើនកម្រិតជីវភាពពលរដ្ឋមូលដ្ឋានផងដែរ។ 
 
បើតាម លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ការពង្រាយមន្រ្តីកសិកម្មឃុំ ទូទាំងប្រទេស មានតួនាទីជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ការណែនាំពីរបៀបប្រើប្រាស់ទឹកដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធការងារកសិកម្ម ផ្សេងៗ៕ 

Tag:
 ក្រសួងមុខងារសាធារណៈ
  មន្រ្តីកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com