កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង រៀបចំសំណើតវ៉ា ទៅ FFC និង CPL ជុំវិញការពិន័យ Grabriel Silva ៦ខែ
01, Nov 2023 , 9:59 pm        
រូបភាព
កីឡាករ Grabriel Silva លើកដៃសងខាង រួមជាមួយអាវ មានអក្សរ «100% Jesus» រូបពី CPL
កីឡាករ Grabriel Silva លើកដៃសងខាង រួមជាមួយអាវ មានអក្សរ «100% Jesus» រូបពី CPL
កីឡាករ Grabriel Silva Costa ខ្សែប្រយុទ្ធព្រះខ័នរាជ ស្វាយរៀង រងការពិន័យ៦ខែ ជុំវិញការបង្ហាញការរើសអើងអំឡុងប្រកួត។ មន្ត្រីក្លិបព្រះខ័នរាជស្វាយរៀង កំពុងរៀបចំសំណើរតវ៉ារឿងក្ដីជុំវិញការពិន័យនេះ ទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) និងក្រុមហ៊ុនលីគកំពូលកម្ពុជា (CPL)។

 
ខ្សែបម្រើឆ្នើម Grabriel Silva Costa បានបង្ហាញពាក្យ «100% Jesus» ជាអក្សពណ៌ស លើអាវកាក់ខ្មៅរបស់ខ្លួនអំឡុងអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុងជំនួបរវាងព្រះខ័នរាជ ស្វាយរៀង ទល់បឹងកេត ក្នុងជំនួបលីគកំពូលកម្ពុជា (Cambodian Premier League) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃ២៨ ខែតុលា។ 
 
បន្ទាប់ពីឈ្នះបឹងកេត ក្នុងលទ្ធផល ៣-១ កីឡាករ Grabriel Silva ត្រូវបាន គណៈកម្មការវិន័យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឲ្យចូលរួមប្រកួត រៀបចំដោយ FFC និង CPL រយៈពេល៦ខែ និងពិន័យជាទឹកប្រាក់ ២លានរៀល ជុំវិញការបង្ហាញពាក្យ 100% Jesus នៅពេលប្រកួត។
 
 យោងទៅលើប្រការ ២៧-សិទ្ធិមនុស្ស អព្យាក្រិត និងគ្មានការរើសអើងនានា នៃវិធាន និងបទប្បញ្ញាត្តិ របស់លីគកំពូលកម្ពុជា នាឆ្នាំ២០២២ FFC និង CPL ហាមដាច់ខាត់ចំពោះការបង្ហាញ ឬផ្សព្វផ្សាយតាមបែបជារូបភាព សារ ស្លាកសញ្ញា ឬសកម្មភាពទាំងឡាយណា បង្ហាញពីការរើសអើង ជាតិសាសន៍ សាសនា ពិការភាព ...។ល។
 
ដោយឡែក ក្លិប មានពេល ៥ថ្ងៃបន្ទាប់ពីទទួលលិខិត ដាក់ពិន័យនោះ ក្នុងការតវ៉ា ឬស្នើបន្ថូបន្ថយ។ ជុំវិញការដាក់ពិន័យខ្សែបម្រើប្រយុទ្ធព្រះខ័នរាជស្វាយរៀងនេះ  មន្ដ្រីក្លិបមួយរូប បានប្រាប់ថាកំពុងរៀបចំសំណើរដើម្បីតវ៉ា។ ចំពោះសេចក្ដីលម្អិតបែបណានោះ មន្ដ្រីរូបនេះ មិនបានបញ្ជាក់ឡើយ។
 
គួរបញ្ជាក់ថា ព្រះខ័នរាជ ស្វាយរៀង បានឈ្នះ ៩ប្រកួតជាប់គ្នា។ ចំណែកប្រកួតបន្ទាប់ ក្នុងសប្ដាហ៍ទី១០ ព្រះខ័នរាជ ស្វាយរៀង ត្រូវជួបជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ខេត្តស្វាយរៀង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Tag:
 បាល់ទាត់
  GRABRIEL SILVA COSTA
© រក្សាសិទ្ធិដោយ thmeythmey.com