ជាតិ
សេដ្ឋកិច្ច
អ្នកសៀមរាបអង្គរចាយប្រាក់រៀលកាន់តែទូលំទូលាយ
02, Nov 2023 , 9:09 am        
រូបភាព
៤៣ឆ្នាំមកនេះ វត្តមានប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយនានា គួបផ្សំនឹងការចូ​ល​រួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលដែលចរាចរនៅលើទីផ្សារបានកើនឡើងជាលំដាប់ ខណៈ​​តម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលបានកើនឡើងជាមធ្យម ១៤ភាគរយក្នុងមួយឆ្នាំៗក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ។  ការណ៍នេះ បានឆ្លុះបញ្ចាំង ពីកំណើនតម្រូវការប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងជំនឿទុកចិត្តរបស់សាធារណជន មកលើប្រាក់រៀ​ល បើទោះបីជាដុល្លារូបនីយកម្មបន្តស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ។ 
 
ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ​ គឺមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ​​ ក៏ដូចជា សេដ្ឋកិច្ចតំបន់​ និងនៅតាមខេត្តនីមួយៗ។ ជាក់ស្តែង សៀមរាប ជាខេត្តទេសចរណ៍ដ៏មានសក្តានុពល និងមានភាពល្បីល្បាញនៅលើពិភពលោក ដែលនាំមកនូវប្រភពចំណូលជារូបិយប័ណ្ណបរទេសជាច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្តី ប៉ុន្តែការចាយវាយប្រាក់រៀលនៅក្នុងខេត្តនេះ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើង​ ចំពោះការចំណាយប្រចាំថ្ងៃទូទៅ ដូចជា៖ ថ្លៃម្ហូបអាហារ ភេសជ្ជៈ​ សម្លៀកបំពាក់ និងការធ្វើដំណើរ ជាដើម។
 

នៅក្នុងបទយកការណ៍​នេះ យើងខ្ញុំ​នឹងបង្ហាញអំពី​សកម្មភាព ការចរាចររូបិយវត្ថុជាតិ និង ដុល្លារអាម៉េរិកនៅក្នុងទឹកដីនៃខេត្តអង្គរមួយនេះ។  
 
« ភាគច្រើនភ្ញៀវចាយលុយរៀល អត់សូវចាយដុល្លារទេ! ដូចសព្វថ្ងៃនេះ ខ្ញុំលក់ភាគច្រើន គឺបានតែលុយខ្មែរទេ អត់បានលុយដុល្លារច្រើនទេ។ វាដោយថ្ងៃដែរ, ថ្ងៃណាទៅ[ខ្ញុំ]លក់បានលុយខ្មែរសុទ្ធ ហើយថ្ងៃណាខ្លះទៅ លក់បានលុយដុល្លារប្រហែល២០ភាគរយ​ទេ»។ នេះជាការរៀបរាប់របស់អ្នកស្រី ម៉ាន ឡាស អាជីវករលក់សម្លៀកបំពាក់​នៅផ្សារចាស់ក្នុងក្រុងសៀមរាប។ 

អ្នកស្រី ម៉ាន ឡាស អាជីវករលក់សម្លៀកបំពាក់នៅផ្សារចាស់ ក្នុងក្រុងសៀមរាប

បើតាមការលើកឡើងរបស់អាជីវកររូបនេះ ការប្រើប្រាស់ប្រាក់រៀលនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ខ្លាំង ក្រោយការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩។ ជាពិសេស ចាប់តាំងពីអំឡុងឆ្នាំ២០២០មក ដែលធនាគារជាតិនៃកម្ពុជា ចេញវិធានការប្រមូលក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារចេញពីទីផ្សារ ដើម្បីលើកកម្ពស់ការចាយប្រាក់រៀល។ ជាមួយគ្នានេះ ​ ការបើកយុទ្ធនាការប្តូរក្រដាស់ប្រាក់រៀលដែលមានស្លាមប្រឡាក់ រហែក ទក់...ជាដើម ដើម្បីប្តូរយកក្រដាសប្រាក់រៀលថ្មី ក៏ក្លាយជា​កត្តាលីករមួយជំរុញឱ្យពលរដ្ឋនៅតំបន់នេះ ងាកមកប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនផងដែរ។​
 
ជាង៧ឆ្នាំមកនេះនៃការសម្លៀកបំពាក់នៅផ្សារចាស់ អ្នកស្រី ម៉ាន ឡាស មើលឃើញថា បច្ចុប្បន្ន មិនថាពលរដ្ឋខ្មែរនោះទេ សូម្បីតែភ្ញៀវទេសចរបរទេស​ ក៏កាន់ក្រដាសប្រាក់រៀលពេញៗដៃសម្រាប់ចាយវាយលើទំនិញ និងសេវាកម្មនានា ច្រើនជាងមុន​ដែរ។ អាជីវកររូបនេះបន្តថា៖  «​ ខ្ញុំ​សប្បាយចិត្ត នៅពេលឃើញពួកគាត់ចាយលុយខ្មែរយើង។ ប្រសិនណា ពួកគាត់ចាយលុយខ្មែរសុទ្ធ គឺល្អប្រសើរ ព្រោះអាចលើកតម្កើងលុយជាតិយើង »។​
 
មិនខុសគ្នាពីការលើកឡើងរបស់អាជីវករខាងលើ ប៉ុន្មានឡើយ។  លោក ជា សាវុធ ក៏មើលឃើញពីកំណើននៃការការចរាចរប្រាក់រៀលក្នុងទឹកដីសៀមរាប-អង្គរ បើទោះបីនៅតំបន់បេតិកភណ្ឌពិភពលោកមួយនេះ មានការប្រើប្រាស់នូវរូបិយប័ណ្ណចម្រុះក្រៅតែពីប្រាក់ដុល្លារក៏ដោយ។ «ភ្ញៀវខ្លះបានដូរប្រាក់រៀលមក​ហើយ ចាយមិនអស់ គាត់អត់យកទៅវិញទេ! គាត់ជូនយើងតែម្តង ដោយគាត់ទុកតែក្រដាសប្រាក់១០០រៀល ៥០០រៀល ១០០០រៀល មួយ​ឬពីរសន្លឹក ដើម្បីទុកមើល ឬ ទុកជាអនុស្សាវរីយ៍ ហើយសល់ប៉ុន្មានគាត់ឱ្យយើងទាំងអស់»។ អ្នករត់តុកតុកវ័យ៥៧ឆ្នាំរូបនេះរៀបរាប់ទាំងសប្បាយចិត្តមកកាន់ក្រុមការងារយើងពេលឃើញបរទេសគាំទ្រលុយរៀលបែបនេះ។  

 លោក ជា សាវុធ អ្នករត់តុកតុក នៅសៀមរាប 

ការប្រើប្រាស់ប្រាក់រៀលមិនត្រឹម​ផ្តល់ភាពងាយក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មដល់ពលរដ្ឋមូលដ្ឋាននោះទេ តែថែមទាំងជួយលើកតម្កើងជាតិកម្ពុជាទៀត ពីព្រោះប្រាក់រៀល​ តំណាងឱ្យអត្តសញ្ញាណជាតិ។ ការយល់ឃើញបែបនេះហើយ​បានជា លោក សាវុធ ទាមទារឱ្យមានការជំរុញការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀតនៅគ្រប់តំបន់ទេសចរណ៍ក្នុងទឹកដីកម្ពុជា។​ លោកនិយាយថា  ៖ « យើងត្រូវធ្វើម៉េចឱ្យបា្រក់រៀលយើងហ្នឹង​ មានតម្លៃថ្លៃថ្នូរ ឱ្យប្រទេសជាតិផ្សេងៗទទួលស្គាល់ ប្រៀបល្បីល្បាញដូចអង្គរវត្ត អ៊ីចឹង។ ក្នុងពេលវេលាណាក៏ដោយ យើងធ្វើម៉េចឱ្យលុយខ្មែរ ត្រូវបានហុចទៅហុចមក[ចរាចរទូលំទូលាយ] មិនថាជនជាតិណាទេ ចូលដល់ស្រុកខ្មែរ ចាយលុយខ្មែរ ឱ្យមានភាពរស់រវើកទាំងអស់គ្នា»។​
 
ដ្បិត បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀលមានកំណើនជាវិជ្ជមានក្តី ប៉ុន្តែ ចំពោះលោក អេង ប៊ុនលាក់ ចង់ឃើញខេត្តសៀមរាបដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍នេះ មានការប្រើប្រាស់រូបិយវត្ថុជាតិឱ្យ សកម្ម​ដូចទៅនឹងប្រទេសជិត ដែរ។ អ្នករត់តុកតុកនៅរមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបរូបនេះ បានលើកឡើងពីចំណុចល្អរបស់ប្រទេសថៃ និង វៀតណាម ដែលធ្វើឱ្យជនបរទេសចូលរួមប្រើប្រាស់លុយបាត ឬលុយដុងក្នុងទឹកដីប្រទេសខ្លួន​បានដោយងាយស្រួល។​ 

លោក អេង ប៊ុនលាក់ អ្នករត់តុកតុក នៅសៀមរាប

« យើងចង់ធ្វើឱ្យដូចថៃ និងវៀតណាម ដែរ។ ពេលណាទេសចរហោះចូលមកខ្មែរ ត្រូវឱ្យដូរជាលុយរៀល ដើម្បីចាយ។ សម្រាប់យើង ការចាយលុយរៀល ពិតជាមានប្រយោជន៍ណាស់។ វាមិនត្រឹមជួយលើកកម្ពស់តម្លៃលុយជាតិប៉ុណ្ណោះទេ តែវាធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរីកធំធាត់។ ឧទាហរណ៍ថា ភ្ញៀវចូលមកមានដុល្លារ យើងនាំគាត់ទៅដូរប្រាក់រៀល នឹងធ្វើឱ្យធនាគារបានចំណូលពីការប្តូរប្រាក់ដុល្លារទៅរៀល។  កាលណាភ្ញៀវដើរលេងចប់ហើយយគាត់សល់ប្រាក់រៀល គាត់នឹងយកទៅដូរជាដុល្លារមកវិញ។ ដូច្នេះ វាធ្វើឱ្យធនាគារបានចំណូលម្តងទៀតពីការដូរលុយពីរៀលទៅដុល្លារ។ នេះហើយជាចំណូលសម្រាប់សេដ្ឋកិច្ចយើងទាំងអស់គ្នា»។ 
 
លើសពីនេះ ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានមើលឃើញពីសក្តានុពលចំនួនមួយទៀត​ក្នុងការជំរុញភ្ញៀវទេសចរ ជាពិសេសភ្ញៀវបរទេសឱ្យចូលរួមប្រើប្រាស់ប្រាក់​រៀល។ បើតាមលោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជានៅខេត្តសៀមរាប សម្រាប់​ប្រតិបត្តិករ ក៏ដូចជាការីទេសចរ និងអាជីវកម្មឯទៀត គឺមិនមានបញ្ហាចោទក្នុងការជំរុញភ្ញៀវទេសចរឱ្យប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើយ ឱ្យតែមានគោលការណ៍ ឬគោលនយោបាយត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ឬ ពីរាជរដ្ឋាភិបាល។ 
 
«ឱ្យតែមានការតម្រូវទិញកញ្ចប់ទេសចរណ៍ ឬទិញសំបុត្រទស្សនា​ផ្សេងៗ​ ជាប្រាក់រៀល ខ្ញុំជឿជាក់ថាយើងអាចធ្វើបាន​ ហើយភ្ញៀវ ក៏មិនបដិសេដក្នុងការប្រើប្រាស់ប្រាក់រៀលនេះ ដែរ។ ខ្ញុំជឿថា ពួកគាត់រីករាយក្នុងការប្រើប្រាស់»។ ត្រង់ចំណុចនេះ លោក ឌុច សារ៉េត ចង់សំដៅលើស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាល គួរតែចាប់ផ្តើមអនុវត្តមុនវិស័យឯកជន តាមរយៈការធ្វើជាគម្រូក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីផ្លាស់ប្តូរពលរដ្ឋពីការប្រាក់ដុល្លារមកប្រើប្រាក់រៀលវិញ ខណៈស្ថាប័នរដ្ឋចំនួននៅទទួលប្រាក់ចំណូលជាលុយដុល្លារ។ 

លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប។

ជាក់ស្តែង គ្រឹះស្ថានអង្គរ ដែលជាកន្លែងលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ស្ថិតក្រាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកំណត់តម្លៃជាប្រាក់ដុល្លារ។  សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានតម្លៃ៣៧ដុល្លារអាម៉េរិកសម្រាប់មួយថ្ងៃ  និងសម្រាប់បីថ្ងៃ មានតម្លៃ៦២ដុល្លារ។ លោក ឌុច សារ៉េត បានលើកឡើងថា ប្រសិនបើ​ការលក់សំបុត្រនេះ មានការផ្លាស់ប្តូរតម្លៃពីដុល្លារមករៀលវិញ​ នោះ វាជាការជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងខេត្តទេសចរណ៍មួយនេះបានកាន់តែប្រសើរថែមទៀត។ 
 
លោក សារ៉េត បន្តរៀបរាប់ថា៖ «ឥឡូវ! បើយើងកំណត់ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជាលុយខ្មែរ ១៥ម៉ឺន ឬ១៧ម៉ឺនរៀលក្នុងមួយថ្ងៃ ឬលើសពីនេះ គឺយើងត្រូវកំណត់ជារួម ដឹងតែតម្លៃហ្នឹង។ ដោយឡែក​ ភ្ញៀវចង់ដូរដុល្លារមកលុយរៀលពីខាងក្រៅបានប៉ុន្មានបានទៅ តែយើងដឹងតែលក់សំបុត្រយើងក្នុងតម្លៃគោលលុយខ្មែរ១៧ម៉ឺនរៀល។ ធ្វើបែបនេះ ភ្ញៀវដឹងថាទៅទិញសំបុត្រទស្សនាប្រាសាទ គឺជាលុយរៀល ដែលមានតម្លៃប៉ុននេះសម្រាប់សំបុត្រទស្សនាប្រាសាទមួយថ្ងៃ»។​
 
ខេត្តសៀមរាប  ជាតំបន់ទេសចរណ៍ដ៍សំខាន់របស់កម្ពុជា ព្រោះតែមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀត ដូចជា ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន  ប្រាសាទបន្ទាយស្រី និងប្រាសាទតាព្រហ្ម ជាដើម។​  ជាមួយគ្នានេះ ក្រុងសៀមរាប ត្រូវបានប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញនានា សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ 
 
គិតត្រឹមរយៈពេល៧ដំបូងនៃឆ្នាំ២០២៣ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២,៦លាននាក់។ ក្នុងនោះ មានទេសចរអន្តរជាតិ ៤៣៩ ៣៦៥នាក់ ដែលបានទិញសំបុត្រដើម្បីទស្សនារមណីយដ្ឋានអង្គរ។  លោក លី សែ អគ្គនាយកនៃគ្រឹះស្ថានអង្គរ រំពឹងថា រហូតដល់ដំណាច់ឆ្នាំ២០២៣ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់៨០០ ០០០នាក់។ 
 
បើតាមលោក លី សែ ភ្ញៀវបរទេសដែលមកទិញចូលទស្សនារមណីយដ្ឋានអង្គរកន្លងមក មានការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក(Visa Card)ប្រមាណ៦០ភាគរយ ខណៈ៤០ភាគរយទៀត គឺទូទាត់ជាសាច់ប្រាក់។ លោកបានបញ្ជាក់ថា ក្នុងចំណោម៤០ភាគរយនេះ គឺមានការទូទាត់ជាលុយខ្មែរ ត្រឹម៨ភាគរយប៉ុណ្ណោះ។  ត្បិត ការប្រើប្រាស់ប្រាក់រៀលលើការទិញសំបុត្រទស្សនាប្រាសាទនៅខេត្តសៀមរាបមានក្នុងទំហំតូចនៅឡើយក្តី បើធៀបនឹងប្រាក់ដុល្លារ ប៉ុន្តែគ្រឹះស្ថានអង្គរក៏មានគោលដៅជំរុញការប្រើប្រាស់ប្រាក់រៀល នៅក្នុងរយៈពេលវែង ​ផងដែរ។ 

 លោក លី សែ អគ្គនាយកនៃគ្រឹះស្ថានអង្គរ 

«យើងមានគោលបំណងមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលរយៈពេលវែងសម្រាប់ភ្ញៀវ ដែលមកទិញសំបុត្រពីគ្រឹះស្ថានអង្គរយើង។ ប៉ុន្តែ យើងធ្វើសន្សឹមៗដោយមិនធ្វើឱ្យភ្ញៀវអត់ដឹងខ្លួន។ ដូចយើងប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធធនាគារនេះ បើមានការកើនដល់ទំហំ៧០ទៅ៨០ភាគរយ ហើយចំនួនភ្ញៀវមានប្រក្រតីភាពដូចមុនកូវីដ-១៩វិញ គឺយើងអាចផ្លាស់ប្តូរតម្លៃពីប្រាក់ដុល្លារមករៀលបានហើយ»។ នេះជាការលើកឡើងរបស់ លោក លី សែ  ដោយរៀបរាប់ពីបញ្ហាមួយចំនួនដែល​គ្រឹះស្ថានអង្គរមកទល់បច្ចុប្បន្ន ពុំទាន់អាចកំណត់ថ្លៃសំបុត្រទស្សនារមណីយដ្ឋានអង្គរជាប្រាក់រៀលបាន។ «បញ្ហារាល់ថ្ងៃនេះ គឺទំហំភ្ញៀវទេសចរនៅមានកម្រិត ហើយយើងអត់ចង់ដូរការកំណត់ថ្លៃសំបុត្រទៅ ធ្វើឱ្យប៉ះអារម្មណ៍ភ្ញៀវទេ។​ ជាតម្លៃ គឺអត់បញ្ហាទេ ក៏ប៉ុន្តែ កាលណាឃើញលេខខុសគ្នា ភ្ញៀវហាក់មានអារម្មណ៍អល់អែក ព្រោះភ្ញៀវខ្លះអត់ដឹងអត្រាប្តូរប្រាក់១ដុល្លារស្មើនឹងលុយរៀលប៉ុន្មានទេ»។
 
បើតាមអគ្គនាយកគ្រឹះស្ថានអង្គររូបនេះ ការកំណត់ថ្លៃសំបុត្រទស្សនារមណីយដ្ឋានអង្គរជាប្រាក់ដុល្លារបែបនេះ គឺដើម្បីសម្រួលដល់ភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត និងស្នាក់នៅកម្ពុជាឱ្យបានក្នុងរយៈពេលយូរ បន្ទាប់វិស័យនេះបានរងគ្រោះយ៉ាងខ្លាំងពីជំងឺកូវីដ-១៩។ គ្រឹះស្ថានអង្គរ អនុវត្តបែបនេះរហូតដល់ពេលវេលាសមស្របណាមួយ និងចរន្តទេសចរអន្តរជាតិមកកម្ពុជាមានលំនឹងវិញដូចកាលឆ្នាំ២០១៩ហើយនោះ នឹងផ្លាស់ប្តូរលើការកំណត់ថ្លៃសំបុត្រទស្សនារមណីយដ្ឋាន ជាប្រាក់ដុល្លារ មកជារូបិយវត្ថុជាតិវិញ។
 
កន្លងមក លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈកម្មវិធីការឈ្វេងយល់អំពីប្រាក់រៀលជាសារព័ត៌មានថ្មីៗ បានលើកឡើងថា ការជំរុញការចាយប្រាក់រៀលឱ្យបានកាន់តែច្រើន នឹងរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ លោកបានបញ្ជាក់ថា៖ «ប្រាក់រៀល គឺជាកត្តាកំណត់​ និងជាផ្នែកមួយដែលចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទោះបីជាទំហំចរាចរនៅក្នុងសេដ្ឋកិច្ចប៉ុណ្ណាក៏ដោយ ក៏មានផលចូលទៅក្នុងសេដ្ឋកិច្ចជាតិរួចសម្រេចទៅហើយ»៕ 
 
 
លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃអគ្គនាយកដ្ឋានគោលនយោបាយ

Tag:
 ប្រាក់រៀល
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com