ជាតិ
ពន្យល់ពាក្យ
ឈរ, ឈរជើង, ឈរឈ្មោះ..
28, Jan 2024 , 7:29 am        
រូបភាព
«ឈរ» មានន័យថា ឋិតពេញជំហរ ជើងជាន់ត្រង់, ជាឈ្មោះ​ឥរិយាបថមួយ​ក្នុង​ឥរិយាបថទាំង៤ គឺ ដើរ, ឈរ, អង្គុយ, ដេក។ ពាក្យនេះ ក៏មានន័យថាស្ថិតនៅ, នៅស្ដីទីរាជការ :  រាជការត្រូវចាត់លោក ...ឱ្យទៅឈរខេត្តស្វាយរៀង; ខ្ញុំបានឈរធ្វើរាជការទីអភិបាលខេត្ត នៅខេត្តកំពតអស់ ៥ ឆ្នាំ។

 
ក្រៅពីនេះ «ឈរ» មានន័យថា នៅទ្រឹងមិនឡើងមិនចុះ, មិនគ្រាន់បើមិនរឹតឡើង (ជំងឺ) :  ជំងឺឈរឱ្យមើលយូរណាស់ មិនគិតរកគ្រូមើលគ្នា។  «ឈរ» ជា​អក្សរដែលមានតួរាងត្រង់ :  អក្សរឈរ។  
 
វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា លើកយកពាក្យ «ឈរជើង» និង «ឈរឈ្មោះ» មកពន្យល់​បន្ថែមទៀត។ «ឈរជើង» គឺ​បោះទីតាំង ស្ថិតនៅ ឬគ្រប់គ្រងតំបន់ណាមួយ :  ធនាគារនេះនៅតែឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ។  «ឈរឈ្មោះ» មានន័យថា ដាក់ឈ្មោះជាបេក្ខជនឱ្យគេជ្រើសរើស :  គាត់ឈរឈ្មោះជាតំណាងរាស្ត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com