ជាតិ
ចប់, ចេះ, មានការងារធ្វើ! សម្តេច ហ៊ុន ម៉ាណែត អះអាងពីគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈ
02, Nov 2023 , 9:55 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយឱ្យសិស្សរៀនចប់ មានចំណេះ និងមានការងារធ្វើ។



ថ្លែងនាពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០នាក់ដែលមានមូលដ្ឋាននៅស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថាគោលដៅនៃការបណ្តុះបណ្តាលវិជ្ជាជីវៈគឺឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បើអ្នកដែលឆ្លងកាត់ការបណ្តុះបណ្តាល មានជំនាញសមត្ថភាពច្បាស់លាស់ វានឹងផ្តល់ប្រយោជន៍ខ្ពស់ដល់ក្រុមហ៊ុនសហគ្រាស ហើយសម្តេចបានលើកទឹកចិត្តឱ្យការបណ្តុះបណ្តាលស្របទៅនឹងការងារនៅមូលដ្ឋាន។

សម្តេចលើកឡើងថា៖ «កន្លែងណាមានអីច្រើន ត្រូវលើកទឹកចិត្តនៅកន្លែងហ្នឹង [..] ធ្វើយ៉ាងណាកុំឱ្យគាត់ចល័តច្រើន នៅផ្ទះស្រួល ចំណេញ ទីមួយពឹងឪពុកម្តាយបាន មិនបាច់ជួលផ្ទះ មានកូន ឪពុកម្តាយជួយមើលបាន រក្សាកម្លាំងក្នុងភូមិ»។

នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគុណភាពនៃការបណ្តុះបណ្តាល ហើយក្រៅពីជំនាញរឹង គឺជំនាញទន់។ «កុំឱ្យចេញមកយ៉ាប់ជាងមុន។ ទៅពីមុនអត់ចេះផឹកទេ មកវិញចេះផឹកព្យុះ ទៅពីមុនរមទម មកវិញច្រងេងច្រងាង។ ពីមុនមានសមត្ថភាពមានកម្រិត មកវិញទាំងឥរិយាបថ ទាំងការងារល្អ»។

សម្តេចលើកឡើងថា ជំនាញទន់មានសារសំខាន់លើការបណ្តុះបណ្តាល ព្រោះជាទូទៅការសម្រេចចិត្តពឹងលើខួរក្បាលពីដល់៧០ភាគរយ រីឯកាយសម្បទាត្រឹម៣០ភាគរយ។ ជញ្ជាំងពីរម៉ែត្រលោតអត់រួចទេ តែបើឆ្កែដេញលោតរួចដោយឥតដឹងខ្លួន ដោយសារខួរក្បាលបញ្ជា។ ការលំបាកហត់នឿយយ៉ាងម៉េចក៏ដោយ បើអារម្មណ៍យើងទៅ យើងទៅរួច។ ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យមានការអនុវត្តឱ្យបានច្រើន ជាពិសេសការហាត់ការជាមួយវិស័យឯកជន។

ផ្តើមក្នុងតួនាទីជានាយករដ្ឋមន្ត្រីអណត្តិទី៧ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាអាទិភាពមួយ ដោយកម្មវិធីផ្តោតលើយុវជន មកពីក្រីក្រ និងងាយរងហានិភ័យប្រមាណ១,៥លាន។ ប៉ុន្តែសម្តេចបានបន្ថែមថា យុវជនផ្សេងទៀត រួមទាំងក្រុមអ្នកនៅក្រៅប្រព័ន្ធ ក៏អាចចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com