ជាតិ
សេដ្ឋកិច្ច
ថ្នាក់ដឹកនាំ​​ធុរកិច្ច​អឺរ៉ុប-អាស៊ាន៖​ រដ្ឋាភិបាល​កម្ពុជា​​ត្រូវចេះលក់​ខ្លួនឯងបន្ថែមទៀត​ទៅកាន់ពិភពលោក
03, Nov 2023 , 3:03 pm        
រូបភាព
ដោយ: រួបរួម
«ខ្ញុំ​មាន​មតិ​រិះគន់មួយ​ដែល​ខ្ញុំ​ត្រូវ​និយាយ នោះគឺ​ថា រដ្ឋាភិបាល​ត្រូវ​ចេះ​លក់​ខ្លួនបន្ថែមទៀត​​ ទៅ​កាន់​បណ្តាប្រទេសនានា​លើ​ពិភពលោក ព្រោះ​នៅទីនេះ លោកអ្នក​មាន​ឱកាស​ច្រើនណាស់»។ លោក Chris Humphrey នាយក​ប្រតិបត្តិ​នៃក្រុម​ប្រឹក្សា​ធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) បាន​គូស​បញ្ជាក់​បែបនេះ ក្នុង​បទសម្ភាស​ផ្តាច់មុខមួយជាមួយ​ កញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី នៃសារព័ត៌មាន​ Cambodianess

 
កាលពីថ្ងៃទី​២៤ ដល់ថ្ងៃទី​២៦ ខែ​តុលា​ កន្លងមក លោក Chris Humphrey បានអមដំណើរ​ជាមួយ​លោក Jens Ruebbert ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ចអឺរ៉ុប-អាស៊ាន រួមទាំងក្រុម​ធុរជន​បរទេស​ជាង​៧០នាក់ ពីជាង​២០​ក្រុមហ៊ុន​ធំៗ បាន​មកកាន់​កម្ពុជា និង​មានជំនួប​ជា​បន្ទាប់​ជាមួយ​ថ្នាក់​ដឹកនាំ ​នៃបណ្តា​ក្រសួង​ចំនួន១៣ រួមទាំង​ជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព។
 


ជាទស្សនកិច្ច​ដែល​ក្រុម​ធុរជន​នៃ​ក្រុម​ប្រឹក្សាធុរកិច្ច​អឺរ៉ុប-អាស៊ាន ចង់សិក្សា​អំពីគោល​នយោបាយ​វិនិយោគ និងឱកាស​ថ្មីៗ នៅ​កម្ពុជា ក្រោម​ម៉ាស៊ីន​ដឹកនាំ​នៃរដ្ឋាភិបាលអាណត្តិទី​៧។ សម្រាប់​លោក Chris Humphrey ក្រុម​ធុរជនអឺរ៉ុប​ ពិតជាបាន​មើល​ឃើញពីសក្តានុពលសម្រាប់​ការ​វិនិយោគថាមពល​បៃតង និងឌីជីថល​នីយកម្ម​នៅកម្ពុជា ដោយ​លោក​អំពាវ​នាវ​ដល់​អ្នក​វិនិយោគ​ឱ្យមកកាន់ទីនេះ និង​ស្វែងយល់អំពី​ប្រទេសមួយនេះ។
 
«ខ្ញុំគិតថា កម្ពុជា​មាន​ឱកាស​ច្រើន​ណាស់​ក្នុងការ​បោះជំហានទៅមុខ ហើយ​រដ្ឋាភិបាល​កំពុង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​ របៀប​វារៈនៃកំណែទម្រង់​ដ៏ត្រឹម​ត្រូវ​ផងដែរ»។ នេះជាការ​វាយតម្លៃ​របស់​នាយក​ប្រតិបត្តិ EU-ABC ក្រោយ​ពីលោក​ និងក្រុមធុរជន បានជួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ដោយ​លោកយល់ថា រដ្ឋាភិបាល​ត្រូវ​ខិតខំ​ផ្សព្វផ្សាយ (លក់) ពីសក្តានុពល​ខ្លួនឯង​បន្ថែមទៀត ទៅ​កាន់​បណ្តា​ប្រទេសនានា​លើ​ពិភពលោក។
 
បង្កើតឡើង​កាលពីជាង​១០ឆ្នាំមុន និងមាន​ទីស្នាក់​ការនៅ​សិង្ហបុរី ក្រុមប្រឹក្សា​ធុរកិច្ចអឺរ៉ុប-អាស៊ាន មាន​បេសកកម្ម​ពង្រីកពាណិជ្ជ​កម្ម​ និង​ការវិនិយោគ​រវាង​ប្រទេសអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដើម្បី​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​អឺរ៉ុប។
 

លោក Humphrey អះអាង​ប្រាប់ Cambodianess ថា៖ «យើង​ត្រូវបាន​ទទួលស្គាល់​ផ្លូវការ​ ដោយអគ្គ​លេខាធិការដ្ឋានអាស៊ាន និង​គណៈកម្មការអឺរ៉ុប ប៉ុន្តែយើង​ធ្វើ​ការ​ដោយឯករាជ្យពី​ស្ថាប័ន​តំបន់​ទាំងពីរ។ ពោល យើង​ធ្វើ​ការ​ដើម្បី​បម្រើ​ផល​ប្រយោជន៍សមាជិក​របស់​យើង​ ហើយ​សមាជិក​របស់​យើង​មាន​សាជីវកម្ម​ចម្រុះជាតិសាសន៍នៅ​អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុនធំៗមួយចំនួន​ដែល​អ្នកអាច​ស្គាល់ ដូចជា Bosch ឬ BMW»។
 
នាយក​ប្រតិបត្តិ EU-ABC បានរំលឹក​ជាថ្មីថា នេះជាឱកាស​ដ៏ពិសេសមួយសម្រាប់​ធុរជនមក​កាន់កម្ពុជា ដើម្បី​ឈ្វេងយល់ពី​រដ្ឋាភិបាល​ថ្មី ក៏ដូចជាទិសដៅនៃគោលនយោបាយ ថាពួក​គេ​មាន​តម្រូវ​ការ​បែបណា​ពី​បណ្តាឧស្សាហកម្ម​នៅ​អឺរ៉ុប។
 
នាជំនួប​ស្វាគមន៍​ប្រតិភូដែលដឹកនាំ​ដោយ​ លោក Jens Ruebbert សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហរ​របស់​រដ្ឋាភិបាល​ក្នុងកា​របើកចំហ ទទួល​រាល់ការ​វិនិយោគ​នៅកម្ពុជា​ពី​បណ្តាក្រុមហ៊ុន​លើ​សកល​លោក រួមទាំង​ពីសហភាពអឺរ៉ុប។
 
ធុរជន​ដែលបាន​ជួបប្រមុខ​រដ្ឋាភិបាល​កម្ពុជានៅ​វិមាន​សន្តិភាព កាលពីថ្ងៃទី​២៤ ខែតុលា ជាតំណាង​ក្រុមហ៊ុន​ធំៗ ក្នុង​វិស័យ​វិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ។ល។ ក្នុងនោះ តំណាងក្រុមហ៊ុន​ចំនួន​៨ រួមមាន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus បាន​ពិភាក្សា​ដោយផ្ទាល់ដើម្បីទទួល​បាន​នូវ​អនុសាសន៍ និងការតម្រង់ទិស ស្របតាម​ទិសដៅយុទ្ធសាស្ត្រ​បញ្ចកោណ​របស់រដ្ឋាភិបាល។
 
ពាក់ព័ន្ធ​នឹងឱកាស​វិនិយោគនេះ សម្តេច ហ៊ុន ម៉ាណែត បាន​ប្រើពាក្យ «ទាក់ម៉ូយ» ដោយ​លើកទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត ​ឱ្យ​ប្រកួត​ប្រជែងគ្នាកៀរគរ​អ្នក​វិនិយោគ​ ដើម្បី​ការរីកចម្រើន​នៅមូលដ្ឋាន​ខ្លួន។ នាជំនួប​ជាមួយ​កម្ម​ករ និយោជិត កាលពីថ្ងៃទី​១៩ ខែកញ្ញា សម្តេចអះអាង​ថា សម្តេច​ឆ្លងកាត់​ការ​ប្រជុំ​ដោយ​អត់បាយ នាអំឡុង​កិច្ច​ប្រជុំកំពូលអាស៊ាន​នៅឥណ្ឌូណេស៊ី ដោយសារប្រឹងប្រែងទាក់ម៉ូយពីជប៉ុន ចិន និងបណ្តាប្រទេសអាស៊ាន។
 
ឆ្លៀតឱកាសពេលទៅចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្រុងញូវយ៉ក កន្លងមក សម្តេច ហ៊ុន ម៉ាណែត ក៏ជួប​អ្នកវិនិយោគអាម៉េរិក និងខ្មែរអាម៉េរិកនៅទីនោះផងដែរ។ សម្តេចលើកឡើងថា ការទាក់ទាញវិនិយោគ មិនអាចរដ្ឋាភិបាលធ្វើតែម្នាក់ឯងនោះឡើយ ដោយចាំបាច់គឺត្រូវការការចូលរួមពីបណ្តាថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com