RFI
អន្តរជាតិ
កាណាដា​ហាមឃាត់​ការ​​ប្រើ​បណ្តាញសង្គម​ចិន​ ​Wechat និងរុស្ស៊ី ​Kaspersky
04, Nov 2023 , 8:39 am        
រូបភាព
កាណាដាសម្រេចហាមឃាត់មន្ត្រីមិនឱ្យប្រើបណ្តាញសង្គមWechat REUTERS - DADO RUVIC
កាណាដាសម្រេចហាមឃាត់មន្ត្រីមិនឱ្យប្រើបណ្តាញសង្គមWechat REUTERS - DADO RUVIC
ដោយ៖អៀង សុខម៉ិញ/RFI
ប្រទេស​កាណាដា​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទទី ៣០​តុលា​២០២៣ ហាម​ឃាត់​​​មិន​ឱ្យ​មន្ត្រី​រដ្ឋការ ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​របស់​ចិន WeChat និង​បណ្តាញ​សង្គម​រុស្ស៊ី Kaspersky នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​រដ្ឋ​ទេ។

កាណាដា​បាន​សម្រេច​ហាមឃាត់​ ដោយ​លុប​និង​បិទ​ខ្ទប់​កម្មវិធីរបស់​ចិន​​ WeChat និងរុស្ស៊ី​Kaspersky ដើម្បី​ធានាសុវត្ថិភាព​និង​ការ​ពារ​​បណ្តាញ​និង​ទិន្នន័យ​រដ្ឋ​កាណាដា​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ប្រធាន​ក្រុមប្រឹក្សា​​រតនាគារ​ ដែលជា​អាជ្ញាធរ​​ទទួល​បន្ទុក​​ចាត់ចែង​ហិរញ្ញវត្ថុ​សាធារណៈ។
 
តាំងពី​ថ្ងៃ​ចន្ទមក កម្មវិធី​ដ៏​ពេញ​និយម​ទាំងពីរ​ លែង​មាន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​​របស់​រដ្ឋាភិបាល​កាណាដា​ទៀត​ហើយ។ ហើយ​បុគ្គលិក​រដ្ឋ​និង​មន្ត្រីរដ្ឋការ​ទាំងអស់​ ក៏​លែងអាច​បញ្ចូល​កម្មវិធី​ទាំងពីរ​នេះ​ឡើង​វិញ​ក្នុង​ទូរស័ព្ទ​ដែរ ព្រោះ​កម្មវិធី​ទាំងពីរ​មានផ្ទុក​ហានិភ័យ​ដល់​ជីវិត​ឯកជន​និង​ដល់​សន្តិសុខ​ ដែល​មិន​អាច​អនុគ្រោះ​បាន។ 
 
នៅក្នុង​សេចក្តី​ថ្លែងការណ៍ដដែល​ ​អាជ្ញាធរ​កាណាដា​បាន​អះអាង​ថា ​​​វិធី​សាស្ត្រ​​ប្រមូល​​ទិន្នន័យ​របស់WeChat និងKaspersky អាច​ចាប់​ខ្លឹម​សារ​ក្នុង​កម្មវិធី​បាន​ច្រើន​ខ្លាំង​ណាស់។ ប៉ុន្តែ​កាណាដា​ដែល​បាន​ហាមឃាត់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ចិន​TikTok តាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​មក​ បាន​បញ្ជាក់​ថាទោះ​បី​កម្មវិធី WeChat និងKaspersky មាន​ហានិភ័យ​ខ្ពស់​ច្បាស់​ក្រលែតមែន ​តែ​​គ្មាន​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល​ណាបាន​ជ្រាប​ចេញ​តាម​បណ្តាញ​សង្គម​នេះ​​ទេ។
 
ដោយ​មិន​បង្អង់​រដ្ឋាភិបាល​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​កាណាដាភ្លាមថា រដ្ឋាភិបាល​កាណាដា​​​ចេញ​បម្រាមដៅ​លើ​​ក្រុមហ៊ុន​ចិន ក្រោម​លេស​ការពារ​សន្តិសុខ​ទិន្នន័យ​ជាតិ​​ ដោយ​គ្មាន​ភស្តុតាង​ពិត​ជាក់​ស្តែង​ទេ។ នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ អ្នក​នាំពាក្យ​​ក្រសួងការបរទេស​ចិន​សុំ​ឱ្យ​កាណាដា​បោះបង់គំនិង​និង​​មនោគវិជ្ជា​លម្អៀង​​។
 
កាលពី​សប្តាហ៍​មុន កាណាដា​ថា​មាន​យុទ្ធនាការ​ឃោសនា​ចិន​តាម​អនឡាញ​ ដើម្បី​បំបាក់​និង​បំបាត់​ជំនឿ​លើ​នាយករដ្ឋមន្ត្រីកាណាដា​លោក ទ្រូដូ និង​សមាជិក​សភា​ជា​ច្រើន​រូប។ ស្ថិត​ក្នុង​សភាព​សង្ស័យ​ខ្លាច​មាន​ការ​ជ្រៀត​ជ្រែក​​ពី​បរទេស​ដើម្បី​បម្រើ​ប្រយោជន៍​ចិន​ រុស្ស៊ី និង​ឥណ្ឌា រដ្ឋាភិបាលកាណាដា​បាន​បើក​អង្កេត​ថ្នាក់​ជាតិ​មួយ​ កាលពី​ចុង​ខែ​កញ្ញា វែក​​រក​ប្រភេទនិង​​កំរិត​ចារកម្ម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com