ជាតិ
សេដ្ឋកិច្ច
ទូតអូស្ត្រាលីប្រចាំកម្ពុជា​៖ G-PSF ជាវេទិកាបង្កើនកិច្ចសហការរវាងវិស័យឯកជន និង រដ្ឋ
03, Nov 2023 , 9:59 pm        
រូបភាព
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ រូប ពីសភាពាណិជ្ជកម្មកម្ពុជា​
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ រូប ពីសភាពាណិជ្ជកម្មកម្ពុជា​
វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  (G-PSF) លើកទី១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ខាងមុខ។ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា វេទិកានេះ ជាមធ្យោបាយមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាល និងក្រុមការងារទាំងអស់  ឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។

 
លោក ចាស្ទីន វ៉ាយអេត ​ប្រកាសគាំទ្រចំពោះវេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  ដែលមានតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងសភាពាណិជ្ជកម្មកម្ពុជា (CCC) មានតួនាទីជា លេខាធិការដ្ឋាន នៃវេទិកានេះ។ លោក បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសន្ទនាដោយបើកចំហរ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដោយបានបញ្ជាក់ថា G-PSF គឺជាវេទិកាដ៏សំខាន់សម្រាប់សម្របសម្រួលកិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យសារធារណៈ និងវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី៣វិច្ឆិកា។ 
 
ការគាំទ្រលោក ចាស្ទីន ធ្វើឡើង តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី ដែលជាកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធី​ CAPRED កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងគោលបំណងបង្កើតវិធីសាស្រ្តអនុវត្តការងារដ៏ល្អប្រសើរ និងធានា ឱ្យមានការចូលរួមប្រកបដោយបរិយាបន្ននៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ។
 


លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បន្តនិយាយដូច្នេះ៖ « វិស័យឯកជនរបស់កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកា[G-PSF]នេះ គឺជាមធ្យោបាយដ៏មានតម្លៃសម្រាប់ពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលវិស័យឯកជន ដោយជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន» ។
 
គួររំឭកថា វេទិការវាងរាជរដ្ឋាភិបាល​ និងវិស័យឯកជន(G-PSF) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩មក និង ទទួលបានការគាំទ្រ ពីរដ្ឋាភិបាលអូស្ត្រាលីចាប់ពី ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៩។ ​ ក្នុងចន្លោះពេលនោះ វេទិកានេះ ត្រូវបានគេទទួលស្គាល់ថា ជាវេទិការគំរូលំដាប់ពិភពលោកលើការអនុវត្តកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន។ វេទិកានេះ ពង្រីកខ្លួនដោយមានការកើនឡើងនូវចំនួនក្រុមការងារពី ៦ ដល់ ១៤ក្រុមដូចសព្វថ្ងៃ។ នេះសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនារបស់វិស័យឯកជន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។
 
កិច្ចប្រជុំពេញអង្គរបស់វេទិកានេះ នឹងប្រព្រឹត្តឡើងក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២៣។ កន្លងមក សម្តេច ហ៊ុន ម៉ាណែត តែងតែ​លើកឡើង​ពីសារសំខាន់របស់​វិស័យ​ឯកជន​ ដែល​ជាកម្លាំង​ចលករនៃកំណើន​សេដ្ឋកិច្ចជាតិ​។ តាមរយៈ វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជនលើក​ទី​១៩នេះ សម្តេច ​អះអាងថា រដ្ឋាភិបាល​រង់ចាំ​ស្តាប់នូវមតិយោបល់ និង​សំណូមពរនានា ពីវិស័យឯកជននៃកំណើន​សេដ្ឋកិច្ច ជាមួយនឹង​​ការ​ត្រៀម​ដាក់​ចេញ​វិធានការ និង​ការអនុវត្តជាក់ស្តែង​ក្នុងការបន្ត​ជំរុញ​គាំទ្រ​វិស័យ​ឯកជន៕ 
 


Tag:
 ពាណិជ្ជកម្ម
  G-PSF
© រក្សាសិទ្ធិដោយ thmeythmey.com