អន្តរជាតិ
អ៊ីស្រាអែល នឹងបន្តវាយប្រហារហ្កាហ្សាមិនបន្ធូរដៃឡើយ លុះត្រាហាម៉ាសដោះលែងចំណាប់ខ្មាំង
04, Nov 2023 , 10:59 am        
រូបភាព
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាបន្តយុទ្ធនាការយោធានៅក្នុងតំបន់ហ្កាហ្សា ដោយលោកថែមទាំងច្រានចោលការអនុវត្តសូម្បីតែបទឈប់បាញ់បណ្តោះអាសន្នរហូតទាល់តែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងជាងពីររយនាក់សិន។

អ៊ីស្រាអែល នៅតែមិនអើពើចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ សូម្បីតែអាម៉េរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធចេញមុខស្នើក៏ដោយ។ អ្នកការទូតអាម៉េរិក អាន់តូនី ប្លីងខិន ដែលទើបបញ្ចប់ទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃទី៣ ខែវិច្ឆិកា ចង់មានបទឈប់បាញ់បណ្តោះអាសន្នមួយ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានចាកចេញពីអ៊ីស្រាអែលដោយដៃទទេ។ ប៉ុន្តែលោកក៏បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលការពារជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែរ។
 
នៅអ៊ីស្រាអែល លោក ប្លីងខិន បានជជែកជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ សំដៅការពារចំណាប់ខ្មាំង និងអនុញ្ញាតឱ្យផ្តល់ជំនួយដល់ប្រជាជនដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សា។
 
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីបានព្រមានថា មិនអាចមានបទឈប់បាញ់នៅហ្កាហ្សាឡើយលុះត្រាណាតែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងជនបរទេសប្រមាណ២៤១នាក់ដែលត្រូវបានចាប់ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា។
 
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានចាប់ផ្តើមបណ្តេញកម្មករប៉ាឡេស្ទីនរាប់ពាន់នាក់ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ បើទោះបីជាមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការវាយប្រហារតាមអាកាសពីសំណាក់កងទ័បអ៊ីស្រាអែលដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ក៏ដោយ។
 
កងទ័ពអ៊ីស្រាអែល ក៏ហ៊ុមព័ទ្ធទីក្រុងហ្កាហ្សារួចហើយដែរ ស្របពេលក្ដីបារម្ភនឹងការបើកយុទ្ធនាការផ្លូវគោកដើម្បីកម្ចាត់ក្រុមហាម៉ាសនោះ។
 
នៅលីបង់ឯណោះ ប្រមុខដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានចោទអាម៉េរិកចំពោះសង្រ្គាមពេលនេះ ហើយចាត់ទុកអ៊ីស្រាអែលជាឧបករណ៍អនុវត្តប៉ុណ្ណោះ។ លោកក៏ព្រមានអ៊ីស្រាអែលចំពោះការវាយប្រហារលើលីបង់ដែរ។ លោក ណេតាន់យ៉ាហ៊ូ ក៏ប្រតិកម្មវិញថា ក្រុមសកម្មជននេះនឹងទទួលរងផលតបស្នងមិនខានចំពោះការដើរខុសណាមួយ៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com