កីឡាអន្តរជាតិ
អន្តរជាតិ
PSG ឡើងឈរកំពូលតារាងលីគកំពូលបារាំងក្រោយឈ្នះ Montpellier ៣-០
04, Nov 2023 , 11:32 am        
រូបភាព
ក្លិប Paris Saint Germain បានឡើងកាន់កាប់តំណែងកំពូលតារាងក្របខណ្ឌ Ligue 1 ក្រោយការប្រកួតឈ្នះលើក្រុម Montpellier ដោយលទ្ធផល ៣-០ នាថ្ងៃទី៣ ខែវិច្ឆិកា។ គ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករ Lee Kang-in, Warren Zaire  Emery និង Vitinha។

ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខតាំងតែនាទី១០ មកម្ល៉េះនៃការប្រកួត ដែលជាការស៊ុតបាល់យ៉ាងល្អបំប៉ោងសំណាញ់ទីពីសំណាក់កីឡាករសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in ពីការបញ្ជូនបាល់ដ៏ល្អ និងការសាមគ្គីគ្នា ពីសំណាក់មិត្តរួមក្រុម Achraf Hakimi ទៅកាន់ Kylian Mbappe ។
 
ក្រុមភ្ញៀវបានព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ប៉ុន្តែក្រុម PSG បែរជាដណ្តើមបាល់បាន រួចក៏ឆ្មកឱកាសវាយសម្រុក ដែលធ្វើឱ្យកីឡាករវ័យ ១៧ឆ្នាំ Zaire Emery ស៊ុតបន្ថែមគ្រាប់ទី២ ឱ្យក្រុម PSG នៅនាទី៥៨។
 
ខ្សែការពារស្លាបស្តាំ Hakimi បានផ្តល់ឱកាសដល់កីឡាករ Vitinha ដែលទើបប្តូរចូលនៅក្នុងទី ៦៦ ជាអ្នកសម្រេចគ្រាប់បាល់ទី៣ តាមរយៈការបញ្ជូនបាល់យ៉ាងល្អ។
 
បន្ទាប់ពីបានយកឈ្នះការប្រកួតលើ Montpellier ដោយលទ្ធផល ៣-០ រួចមក បានជួយក្រុម PSG ឱ្យឡើងឈរនៅចំណាត់ថ្នាក់កំពូលតារាងដោយមាន ២៤ពិន្ទុក្នុងដៃ ដែលមានកម្លាត ២ពិន្ទុឈរពីលើក្រុម OGC Nice ដែលមានចំណាត់ថ្នាក់លេខ ២។ ចំណែក ​Montpellier ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១១ មាន ១១ពិន្ទុក្នុងដៃ៕
 

Tag:
 Paris Saint Germain
  Ligue
© រក្សាសិទ្ធិដោយ thmeythmey.com