ជាតិ
វីដេអូ
អ្នកស្រឡាញ់ភេទដូចគ្នាក្នុងសហគមន៍ឥន្ទធនូជាង ៣ពាន់នាក់ សុទ្ធតែមានការងារធ្វើ..
04, Nov 2023 , 12:10 pm        
រូបភាព
អ្នកស្រឡាញ់ភេទដូចគ្នា,សហគមន៍ឥន្ទធនូ
អ្នកស្រឡាញ់ភេទដូចគ្នា,សហគមន៍ឥន្ទធនូ
ភ្នំពេញ៖ ក្រុម​អ្នកស្រឡាញ់ភេទដូចគ្នានៃ​សហគមន៍​ឥន្ទធនូកម្ពុជា ប្រមាណ​៣ពាន់នាក់ សុទ្ធសឹងតែមាន​ការងារ​ធ្វើ​។ បើតាម​កញ្ញា លី ពិសី អ្នកស្រឡាញ់​ភេទ​ដូចគ្នា មិនបាន​ធ្វើឱ្យ​បាត់បង់ធនធានមនុស្សនោះទេ ពោល​អ្នកស្រឡាញ់​ភេទ​ដូចគ្នា កំពុង​ចូលរួម​អភិវឌ្ឍន៍សង្គម​តាម​ជំនាញរបស់ពួកគេ។

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នកស្រី​ ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​កញ្ញា លី ពិសី អ្នក​សម្រប​សម្រួល​នៃ​សហគមន៍​ឥ​ន្ទធនូកម្ពុជា​ដូចតទៅ៖
 
 

ស្រ្តីស្រឡាញ់ស្រ្តី បុរស​ស្រឡាញ់បុរស អ្នក​ផ្លាស់ប្ដូរ​យេនឌ័រ អ្នក​ប្ដូរ​ភេទ ត្រូវ​បាន​គេ​ហៅថាក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជា​កោសិកា​របស់សង្គម ដែលត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ ផ្ដល់តម្លៃ ជាជាងការរើសអើង។ តើ​អ្នកស្រឡាញ់​ភេទដូចគ្នា ធ្វើឱ្យ​បាត់បង់ធនធានមនុស្ស ឬយ៉ាងណា? កញ្ញា លី ពិសី អ្នក​សម្រប​សម្រួល​នៃ​សហគមន៍​ឥ​ន្ទធនូកម្ពុជា ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានThmeyThmey 25 ថា មិនមែនជាការ​ពិតទេ។
 
«ឧទាហរណ៍ថាអ្នកស្រឡាញ់ទាំងពីរភេទ បុរសផង ស្រ្តីផង។ បើជួប​គូ​ជា​បុរស​ ក៏​អាច​មានលទ្ធភាព​បន្ត​ពូជបានដែរ។ ដូច្នេះមិន​បាន​ប៉ះពាល់​ដល់​លទ្ធភាពនៃការ​បន្តពូជ​ទេ»។ នេះជា​ការ​បកស្រាយ​របស់កញ្ញា ពិសី ដោយ​បន្តថា​ បច្ចុប្បន្នជា​សម័យ​ទំនើប និង​បច្ចេកវិទ្យា ដែល​អាច​បង្ក​កំណើតបាន។ 
 
ក្រៅពី​ដំណោះស្រាយទាំងនេះ ក៏​មាន​ដំណោះស្រាយជាច្រើន ដែ​ល​ក្រុម​អ្នកស្រឡាញ់​ភេទដូចគ្នាបាន​ជួយ​សង្គម និង​អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈ​ការ​ស្មុំ​តាមប្រពៃណី និង​តាម​ផ្លូវច្បាប់ពីមណ្ឌលកុមារកំព្រា។ កញ្ញា ពិសី បន្តបែបនេះ៖ «យើង​បាន​រួម​ចំណែក​ជួយ​ចិញ្ចឹម​ និង​ថែរក្សា​កុមារជាច្រើន ដែល​ដៃគូភេទ​ផ្ទុយគ្នាបាន​បង្កើត ហើយ​ឪពុកម្ដាយបាន​ស្លាប់ដោយ​ជំងឺ ឬ​គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។​
 
បើតាម​អ្នក​សម្រប​សម្រួល​នៃ​សហគមន៍​ឥ​ន្ទធនូកម្ពុជារូបនេះ ការធ្វើឱ្យ​មាន​ធនធានមនុស្ស​សម្រាប់កម្ពុជា គឺ​មិនមែន​ដោយសារការ​បង្កកំណើតមួយមុខនោះទេ។ បច្ចុប្បន្នសមាជិក​នៃ​សហគមន៍​ឥន្ទធនូប្រមាណ ៣ពាន់នាក់ សុទ្ធសឹងតែមានការងារធ្វើ ទៅ​តាម​វិស័យ និង​ជំនាញ​នីមួយៗ។ កញ្ញា លី ពិសី បាន​ឱ្យដឹងថា ក្នុងសហគមន៍​ឥន្ទធនូ ​មានទាំង​កសិករ កម្មករ​ វិនិយោគិនធំៗ អាជីវករ និង​មេធាវី ហើយមិនមែន​មានតែវិស័យ​សិល្បៈប៉ុណ្ណោះទេ។ ក្រុម​អ្នកស្រឡាញ់ភេទដូចគ្នានេះ មាន​ជំនាញរបស់​ពួកគេច្បាស់លាស់ និង​មាន​អ្នកខ្លះជា​អ្នកច្នៃម៉ូតដ៌ល្បីផងដែរ។ 
 
កុំ​មើលមនុស្សតែសម្រកក្រៅ! ក្នុង​នាមជា​អ្នក​សម្រប​សម្រួល​នៃ​សហគមន៍​ឥ​ន្ទធនូកម្ពុជា កញ្ញា ពិសី មិនចង់ឃើញ​សង្គម​រើសអើង​អ្នកស្រឡាញ់ភេទដូចគ្នា ដោយមើលត្រឹម​ភេទ ឬយេនឌ័ររបស់ពួកគេ។ លើសពីនេះ ចំណេះដឹង ជំនាញ បទពិសោធ សីលធម៌ ជាកត្តាដ៏សំខាន់ និង​គុណ​តម្លៃ​របស់​មនុស្ស​។
 
សូម​បញ្ជាក់ថា ​សហគមន៍​ឥ​ន្ទធនូកម្ពុជា ដែល​ហៅ​កាត់ថា រ៉ក់ ត្រូវ​បាន​បង្កើត​ឡើង​កាលពីឆ្នាំ​២០០៩។ ​ចក្ខុ​វិស័យ​របស់​សហគមន៍​ឥន្ទធនូកម្ពុជា ចង់​ឃើញ​កម្ពុជា​ ជាទី​កន្លែង​ដែល​ពលរដ្ឋ​ អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ មាន​អារម្មណ៍​រីករាយ​ចំពោះខ្លួនឯង​ និង​រស់នៅ​ប្រកបដោយ​ សុភមង្គល​ ដោយ​មាន​ការការពារ​សិទ្ធ​៕​
 
 
 

Tag:
 អ្នកស្រឡាញ់ភេទដូចគ្នា
 សហគមន៍ឥន្ទធនូ
© រក្សាសិទ្ធិដោយ thmeythmey.com