អន្តរជាតិ
ជប៉ុន និងហ្វីលីពីន​យល់ព្រម​បើក​ការចរចា​លើ​កិច្ចព្រមព្រៀងពង្រាយ​កងទ័ពលើទឹកដីគ្នាទៅមក
04, Nov 2023 , 2:39 pm        
រូបភាព
មេដឹកនាំជប៉ុន និងហ្វីលីពីននៅថ្ងៃទី៣ ខែវិច្ឆិកា បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យប្រទេសទាំង២ ពង្រាយកងទ័ពលើទឹកដីគ្នាទៅវិញទៅមក។ ប្រទេសទាំង២ ក៏ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈពេលដែលភាពតានតឹងដែនសមុទ្រកាន់តែកើនឡើង។

នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ហ្វូមីអូ កំពុងធ្វើទស្សនកិច្ចនៅហ្វីលីពីនតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ ពីទីក្រុងម៉ានីល លោក គីស៊ីដា បានយល់ព្រមធ្វើការជាមួយគ្នាហ្វីលីពីន ក៏ដូចជាអាម៉េរិកប្រឈមមុខការព្រួយបារម្ភជារួមមួយលើការប៉ុនប៉ងដែលមិនអាចទទួលយកបានដើម្បីផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគីនៅសមុទ្រចិនខាងត្បូង និងខាងកើត។
 
ទោះមិនបញ្ចេញឈ្មោះប្រទេសណា លោក គីស៊ីដា ពិតជាសំដៅទៅចិន។ ចិនមានជម្លោះជាមួយជប៉ុននៅសមុទ្រចិនខាងកើត ហើយនៅសមុទ្រចិនខាងត្បូង ក៏ចិនមិនត្រូវគ្នាជាមួយហ្វីលីពីនដែរ។ ជាមួយបញ្ហាបែបនេះ ជប៉ុន និងហ្វីលីពីន ក៏ចាប់ដៃពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយផ្ដោតលើការពង្រាយយោធាលើទឹកដីគ្នាទៅវិញទៅមក។
 
«ការ​សម្រេច​ចិត្ត​បន្ថែម​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​លើ​កិច្ចព្រមព្រៀងពង្រាយកងទ័ពគ្នាទៅវិញទៅមក ហើយពួកយើងក៏បានយល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​បន្ថែម​ទៀតផងដែរ»។ លោក គីស៊ីដា និយាយបែបនេះ។ 
 
ជាមួយគ្នានេះ លោក Marcos Jr ក៏និយាយបន្ថែមថា កិច្ចព្រមព្រៀងនេះមានអត្ថប្រយោជន៍ទាំងសម្រាប់ការពារជាតិ និងកម្លាំងយោធា រួមទាំងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែរ។
 
បច្ចុប្បន្ន ហ្វីលីពីន មានកិច្ចព្រមព្រៀងពង្រាយទ័ពនេះជាមួយអាម៉េរិកតែមួយគត់។ យោធាអាម៉េរិក អាចតាំងទីនៅតាមមូលដ្ឋានយោធាហ្វីលីពីន៩ ក្រោមគោលការណ៍មិនអចិន្រ្តៃយ៍ និងមានគោលដៅសម្រាប់ការហ្វឹកហាត់ផង។ 
 
នាទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីជប៉ុនបានផ្តល់ជំនួយចំនួន៦០០លានយ៉េន (ស្មើនឹង៤លានដុល្លារ) ដល់ហ្វីលីពីនក្រោមកម្មវិធីជំនួយសន្តិសុខក្រៅប្រទេស (OSA) ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការធានាប្រព័ន្ធរ៉ាដានៅតាមឆ្នេរសមុទ្រទៀតផង៕
 
 

Tag:
 ជប៉ុន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com