អន្តរជាតិ
យ៉ាងហោចណាស់១២៨នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅនេប៉ាល់
04, Nov 2023 , 3:09 pm        
រូបភាព
មនុស្សយ៉ាងហោចណាស់១២៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសក្នុងគ្រោះរញ្ជួយដីថ្ងៃទី៣ ខែវិច្ឆិកានៅតំបន់ភាគខាងលិច Jajarkot របស់នេប៉ាល់។ រញ្ជួយដីនេះ បានអង្រួនអគាររហូតដល់ទីក្រុងញូវដែលីរបស់ឥណ្ឌាឯណោះ។

តាមរយៈសេចក្ដីប្រកាសរបស់មជ្ឈមណ្ឌលជាតិរញ្ជួយដីនេប៉ាល់ ការរញ្ជួយដីមានកម្រិត៦.៤រ៉ិចទ័រ ប៉ុន្តែមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានបន្ទាបកម្រិតរិចទ័រមកត្រឹមតែ៥.៧រ៉ិចទ័រ។ ដោយឡែកការស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិកវិញបានកំណត់ត្រឹម៥.៦រ៉ិចទ័រ ។
 
តួលេខអ្នកស្លាប់បណ្ដោះអាសន្នមានជាង១២០នាក់ តែគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនេះបានធ្វើឱ្យក្រុមមន្ត្រីបារម្ភចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារពួកគេទាន់មិនអាចទំនាក់ទំនងទៅកាន់តំបន់ភ្នំក្បែរចំណុចកណ្តាលរញ្ជួយដែលចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូស
 
«ចំនួនអ្នករងរបួសអាចមានរាប់រយនាក់ ហើយអ្នកស្លាប់អាចកើនឡើងផងដែរ» ។ លោក Harish Chandra Sharma មន្ត្រីស្រុក Jajarkot បាននិយាយបែបនេះ។ 
 
ផ្ទះជាច្រើនបានដួលរលំ និងជាច្រើនផ្សេងទៀតបានប្រេះស្រាំ ហើយអ្នកស្រុករាប់ពាន់នាក់បានចំណាយពេលពេញមួយយប់នៅក្នុងទីធ្លាខាងក្រៅ ដោយសារតែពួកគេភ័យខ្លាចខ្លាំងពេកក្នុងការចូលទៅក្នុងផ្ទះដែលមានភាពប្រេះស្រាំ។ 
 
លើសពីនេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីនេប៉ាល់លោក Pushpa Kamal Dahal ក៏បានប្រកាសថា លោកនាយកដ្ឋមន្ត្រីបានហោះហើរទៅកាន់តំបន់នោះនៅព្រឹកថ្ងៃទី៤ ខែវិច្ឆកា ជាមួយនឹងក្រុមគ្រូពេទ្យយោធាសរុបចំនួន១៦នាក់ ដើម្បីត្រួតពិនិត្យ ស្វែងរក និងជួយសង្គ្រោះផងដែរ។ 
 
ជាការពិត គ្រោះរញ្ជួយដីមួយនេះពិតជាខ្លាំង ដែលបណ្ដាឱ្យអង្រួនអគារនានារហូតដល់ទីក្រុងញូវដែលី ដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីតំបន់កើតហេតុ៕ 
 

Tag:
 នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com