ជាតិ
ឥណ្ឌាជួយជួសជុលអភិរក្សគំនូរបុរាណនៅវត្តរាជបូណ៌ ខេត្តសៀមរាប
04, Nov 2023 , 3:39 pm        
រូបភាព
សៀមរាប៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតបានឧបត្ថម្ភលើការងារជួយជួសជុលអភិរក្សគំនូរបុរាណ ស្ថិតនៅវត្តរាជបូណ៌ ក្រុងសៀមរាប។

ពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុល ធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌាលោកស្រី ដេវីយ៉ានី ខូប្រាកេឌី។
 
នាពិធីនោះលោកស្រី ភឿង សកុណា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌​កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រីបន្តថា នេះជាការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃឱ្យរឹងមាំឡើងវិញ។
 


ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade) បានឱ្យដឹងថា  ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹង​ពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។



តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ គំនូរបុរាណក្នុងព្រះវិហារវត្តនេះមានចំនួន ប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយ​ដែលទាមទារឱ្យ​មានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់៕
 

 
 
 

Tag:
 គំនូរបុរាណ
  វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com