កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Lille ហាមអ្នកគាំទ្រមិនឱ្យទៅទស្សនាការប្រកួតទល់នឹងក្រុមMarseille
04, Nov 2023 , 4:19 pm        
រូបភាព
ក្លិប LOSC Lille បានប្រកាសថាអ្នកគាំទ្ររបស់ខ្លួន ត្រូវបានហាមឃាត់ទៅទស្សនាការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Olympique de Marseille ព្រោះតែបារម្ភពីបញ្ហាសុវត្ថិភាព ក្រោយពេលដែលរថយន្តដឹកកីឡាករក្រុម Olympique Lyonnais រងការវាយប្រហារពីការគប់ដុំពីអ្នកគាំទ្រ។

ក្រុម Marseille ត្រូវស្វាគមន៍ក្រុមភ្ញៀវ Lille សម្រាប់ជំនួបក្របខណ្ឌ Ligue 1 នៅថ្ងៃទី៤ ខែវិច្ឆិកា វេលាម៉ោង ៣យប់រំលងអាធ្រាត្រ។
 
កាលពីសប្តាហ៍មុនជំនួបរវាងក្រុម Marseille ទទួលក្រុមភ្ញៀវ Lyon ត្រូវបានលុបចោលការប្រកួតទាំងស្រុង បន្ទាប់ពីរថយន្តដឹកកីឡាកររបស់ក្រុម Lyon ត្រូវបានរងការវាយប្រហារ ពីការគប់ដុំថ្មពីសំណាក់អ្នកគាំទ្រក្រុម Marseille។ គ្រូបង្វឹកក្រុម Lyon លោក Fabio Grosso បានរងរបួសបែកក្បាល និងអំបែងកញ្ចក់តូចៗជាប់លើផ្ទៃមុខ ពីការគប់ដុំថ្មនេះ។
 
មើលឃើញពីក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកគាំទ្រ ក្លិប Lille នាថ្ងៃទី៣ ខែវិច្ឆិកា បានសម្រេចចិត្តហាមឃាត់អ្នកគាំទ្រខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ទីក្រុង Marseille។
 
«ប្រសិនបើអាជ្ញាធរបានសម្រេចថាពួកគេនឹងមិនអាចការពារសុវត្ថិភាពរបស់អ្នកគាំទ្រ Lille ប្រមាណ ២៥០នាក់ដែលគ្រោងធ្វើដំណើរទៅកាន់ទីក្រុង Marseille នោះក្លិប Lille ត្រូវតែសម្រេចចិត្តដើម្បីការពារអ្នកគាំទ្រពីបញ្ហាដែលអាចនឹងកើតមាន។»។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប Lille។
 
បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកីឡាបារាំងលោកស្រី Amelie Oudea-Castera កាលពីថ្ងៃទី៣០ ខែតុលា ក្រោយការកើតហេតុមុនពេលប្រកួតរវាង Marseille និង Lyon មនុស្សចំនួន ៧នាក់ត្រូវបានចាប់ខ្លួន។ កាលនោះគ្រូបង្វឹកក្រុម Lyon ៦នាក់ និងអ្នកគាំទ្រ គជាគោលដៅនៃការវាយប្រហារនោះ។
 
កាលពីថ្ងៃទី២ ខែវិច្ឆិកា ស្ថាប័នគ្រប់គ្រងលីគបារាំង (LFP) បានអះអាងថាការប្រកួតរវាងក្រុម Marseille ទល់នឹង Lyon ត្រូវរៀបចំឡើងវិញនៅថ្ងៃទី៦ ខែធ្នូ ប៉ុន្តែទីតាំងនៅមិនទាន់បានបញ្ជាក់ឡើយ៕
 

Tag:
 Ligue 1
  Lille
© រក្សាសិទ្ធិដោយ thmeythmey.com