សេដ្ឋកិច្ច
អន្តរជាតិ
ហេតុអ្វីរោងចក្រនៅវៀតណាម ពិបាករកកម្មករមកធ្វើការ ?
04, Nov 2023 , 9:29 pm        
រូបភាព
កម្មករវៀតណាមចេញពីធ្វើការរោងចក្រ ។ រូបភាព ៖ VnEconomy
កម្មករវៀតណាមចេញពីធ្វើការរោងចក្រ ។ រូបភាព ៖ VnEconomy
យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នៅឆមាសទី១ ឆ្នាំ២០២៣ ទីផ្សារការងារនៅតែបន្តជួបការលំបាកជាច្រើន ដែលប៉ះពាល់ដល់កម្មករជាងកន្លះលាននាក់។ បើទោះបីជាអត្រាកំណើននៃបាត់បង់ការងារធ្វើ ក៏រោងចក្រជាច្រើននៅតែត្អូញត្អែរជុំវិញការជ្រើសកម្មករមកធ្វើការ ជាពិសេសយុជន បន្ទាប់ពីរោងចក្រផ្តល់ប្រាក់កម្រៃគួរឱ្យទាក់ទាញក៏ដោយ។

តើវៀតណាមមានសក្តានុពល និងឧបសគ្គអ្វីខ្លះនៅក្នុងខ្សែច្រវាក់ផលិតកម្មពិភពលោក ? 
 
ប្រទេសជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចលោកខាងលិច ដើម្បីផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីចិន មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកផងដែរ ដូចជាម៉ិកស៊ិក និងបណ្តាប្រទេសនៅអាម៉ែរិកឡាទីនជាដើម។
 
ប៉ុន្តែវៀតណាមត្រូវបានមើលឃើញថាជាប្រទេសមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ដោយទាក់ទាញរលកនៃការវិនិយោគដែលដកខ្លួនចេញពីចិន ក្រោយវិបត្តិកូវីដ-១៩  និងដើម្បីបញ្ចៀសការប្រកួតពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន។
 
ក្រៅពីទីតាំងភូមិសាស្រ្តរបស់ខ្លួននៅជិតចិនដែលមានឆ្នេរសមុទ្រវែង ងាយស្រួលក្នុងការនាំចូលវត្ថុធាតុដើម រដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍រោងចក្រ និងសាជីវកម្មលោកខាងលិចដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផល។ យ៉ាងណាមិញ វិនិយោគិនជាច្រើនបានត្អូញត្អែរថា ពិបាករកកម្លាំងពលកម្ម ជាពិសេសយុវជនដែលទទួលបានការអប់រំល្អ។
 
​ក្នុង​ចំណោម​កម្លាំងពលកម្ម​វ័យ​ក្មេង​ទាំង​នេះ ភាគ​ច្រើន​គ្មាន​ចំណាប់​អារម្មណ៍​ធ្វើការក្នុងរោងចក្រនោះទ។ ជំនួសឱ្យការចំណាយពេលនៅក្នុងរោងចក្រដែលធ្វើការចន្លោះពី ៨ ទៅ ១០ម៉ោងជារៀងរាល់ថ្ងៃ ពួកគេចាត់ទុកសកម្មភាពទាំងនេះថាគួរឱ្យធុញទ្រាំ នឿយហត់ និងទទួលបានប្រាក់ចំណូលទាប។ យុវជនវៀតណាមសព្វថ្ងៃនេះ ភាគច្រើនជ្រើសរើសទិសដៅថ្មី ដូចជាការលក់ដូរតាមអនឡាញ បង្កើតមាតិកានៅលើ TikTok ឬ YouTube ហើយក៏មានយុវជនមួយចំនួនជ្រើសរើសធ្វើជាអ្នករត់ម៉ូតូឌុបជាដើម ។
 
ហេតុអ្វីយុវជនវៀតណាមមិនចង់ធ្វើការនៅរោងចក្រ​ ? 
 
ជាកាពិត ការស្វែងរកយុវជនដែលមានជំនាញគ្រប់គ្រាន់ ហើយចាប់អារម្មណ៍លើវិសបច្ចេកវិទ្យាខ្ពស់ មិនពិបាកទេ ប៉ុន្តែអ្វីដែលសំខាន់គឺរោងចក្រកំពុងមានបញ្ហាក្នុងការស្វែងរកយុវជន ដែលចង់ធ្វើការក្នុងការងារដែលមានជំនាញទាប។ ទោះបីជាពួកគេចង់ធ្វើការងារទាំងនេះ ក៏ដោយ ក៏ពួកគេត្រូវការការបណ្តុះបណ្តាល។ ឧទាហរណ៍ ប្រសិនបើ រោងចក្រមួយបណ្តុះបណ្តាលកម្មករដែលមានអាយុ ១៨ឆ្នាំឱ្យរៀនដេរ បួនខែក្រោយមក ពួកគេសម្រេចចិត្តថា ការងារនេះមិនមែនសម្រាប់ពួកគេទេ ដែលនោះ​ជា​ការ​ខាត​បង់​ដ៏ធំធេង​សម្រាប់​ក្រុមហ៊ុន។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការតម្លើងប្រាក់បៀវត្សរ៍ ។ ច្បាស់ណាស់កម្មករភាគច្រើនយកចិត្តទុកដាក់ច្រើនលើអ្វីដែលពួកគេរកបានប៉ុន្មាន ជាជាងអ្វីដែលពួកគេកំពុងធ្វើ។ ការពិតប្រាក់ឈ្នួលក្នុងវិស័យផលិតកម្ម កំពុងកើនឡើងយ៉ាងឆាប់រហ័ស មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសជាច្រើនទៀតដូចជាចិន ដែលកំពុងជួបការលំបាកស្រដៀងគ្នាក្នុងការស្វែងរកកម្មករ។
 
ជា​លទ្ធផល នៅវៀតណាមរោងចក្រ​ត្រូវ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ច្រើនជាង ១០ភាគរយនៅឆ្នាំនេះ ដើម្បី​ទាក់ទាញ​កម្មករ​ឲ្យ​បំពេញ​តម្រូវការ​របស់​ពួកគេ។  ប៉ុន្តែ​យុវជនវៀតណាម​ក៏​កំពុង​ព្យាយាម​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​ដែរ ដោយសារ​ការ​ដំឡើង​ប្រាក់​ខែ​ជា​ប្រចាំ​មិន​មាន​និរន្តរភាព។
 
នោះហើយជាមូលហេតុដែលបណ្តាក្រុមហ៊ុននៅវៀតណាម បើកហាងកាហ្វេក្នុងបរិវេណរោងចក្រ ក៏ដូចជាកន្លែងហាត់ប្រាណជាដើម ដើម្បីផ្សារភ្ជាប់សកម្មភាពរីករាយបន្ថែម ក្នុងន័យទាក់ទាញកម្មករទាំងនេះ កុំឲ្យដាក់ពាក្យសុំឈប់ពីការងារ។ 
 
បញ្ហាស្វែងរកយុវជនមកធ្វើការក្នុងរោងចក្រ កើតមានតែចំពោះវៀតណា​ម ? 
 
នេះ​មិន​មែន​ជា​រឿង​ដែល​ប្លែកទេ​សម្រាប់​​វៀតណាម​ ប៉ុន្តែ​ជា​បាតុភូត​សកលមួយក៏បានកើតឡើងនៅបណ្តាប្រទេសមួយចំនួនដូចជា​ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម។ យុវជន​សម័យ​នេះ​មាន​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន ដោយទទួលបានការអប់រំ​ខ្ពស់ និង​មាន​ជម្រើស​ច្រើន​ជាង​​ទៅ​ធ្វើការក្នុងរោងចក្រ​។  នៅក្នុងប្រទេសដែលប្រជាជនមានជម្រើសតិចជាងនេះ ដូចជាមីយ៉ាន់ម៉ាដែលមានរដ្ឋាភិបាលយោធាគ្រប់គ្រង មានអស្ថិរភាពច្រើន ហើយសេដ្ឋកិច្ចកំពុងដំណើរការយ៉ាងលំបាក ប្រជាជនគ្រាន់តែចង់ទទួលបានការងារសាធារណៈជាបុគ្គលិកក្នុងរផងចក្រតែប៉ុណ្ណោះ។
 
តើវៀតណាមអាចក្លាយជាមហាអំណាចផលិតដើម្បីជំនួសចិនបានទេ?
 
ពិតណាស់ ​គ្មាន​ប្រទេស​ណា​អាច​ជំនួស​​ចិនទេ រួម​ទាំង​វៀតណាម​ផង។ ចិនមានប្រជាជន ១៣០០លាននាក់ ខណៈវៀតណាមមានត្រឹម ១០០លាននាក់ នោះគឺជាភាពខុសគ្នាដ៏ធំទីមួយ។
 
វៀតណាមអាចធ្វើលើកិច្ចការផលិតកម្មកម្រិតទាបបានច្រើន ដែលបណ្តាប្រទេសលោកខាងលិចធ្លាប់ពឹងផ្អែកលើចិន។ ឧទាហរណ៍ ស្បែកជើង ឬអាវយឺតដែលប្រើប្រាស់ក្នុងទីផ្សារអាម៉េរិក​ត្រូវបានផលិត ភាគច្រើននៅវៀតណាម។ ក្រុមហ៊ុន Nike និង Adidas បានជ្រើសរើសប្រទេសនេះ ជារោងចក្រសំខាន់សម្រាប់ផលិតស្បែកជើងនាំចេញ រហូតដល់ ពួកគេចង់បង្វែរខ្សែច្រវាក់ផលិតកម្មចេញ ដោយសារបានប្រមូលផ្តុំច្រើនពេកនៅទីនេះ ។ 
 
ជារួម រដ្ឋាភិបាល​វៀតណាម​មិន​ចង់ឲ្យ​​ប្រទេស​ដែលល្បីរន្ធឺផ្នែកផលិត​ស្បែកជើង​កីឡា​របស់​ពិភពលោក បាត់បង់​ក្រោយ​ពី​ការ​ប្រឹងប្រែង​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាលទីក្រុងហាណូយពិតជាមានរំពឹងទុកខ្ពស់ជាងនេះ ដោយសារតែពួកគេដឹងថាប្រជាជនរំពឹងថានឹងមានការងារដែលមានប្រាក់ខែខ្ពស់។
 
តើអ្វីជាឧបសគ្គសម្រាប់វៀតណាម ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ថ្មី ? 
 
វៀតណាមផ្តោតលើការផ្គុំផលិតផល ខណៈដែលចិនមានខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញពីវត្ថុធាតុដើមរហូតដល់ផលិតកម្ម។ រោងចក្រនៅចិនដែលមិនត្រឹមតែផលិតស្បែកជើងប៉ុណ្ណោះទេ ថែមទាំងបានការកែច្នៃកៅស៊ូដែលដំណើរការយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស។ នៅក្នុងយុគសម័យនៃការរីកដុះដាលនៃពាណិជ្ជកម្មតាមអេឡិចត្រូនិក (e-commerce) ចិនទទួលការបញ្ជាទិញ និងផលិត រូចដឹកជញ្ជូនបានយ៉ាងឆាប់រហ័ស។
 
ប្រសិនបើអ្នកមិនធ្វើតាមជំហានទាំងអស់នោះទេ វៀតណាមនៅតែត្រូវពឹងផ្អែកលើចិន និងប្រទេសផ្សេងទៀតសម្រាប់វត្ថុធាតុដើមភាគច្រើន។ មាន​ន័យ​ថា​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​ក្នុង​ការ​ផលិត ហើយ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​វៀតណាម​ទទួល​បាន​ពី​រោងចក្រ​របស់​ខ្លួន​នឹង​មាន​តិច​ជាង។
 
ប៉ុន្តែ​វៀតណាម​កំពុង​ព្យាយាមនូវ​អ្វី​ដែល​គេ​ហៅថា​ឧស្សាហកម្ម​គាំទ្រ យ៉ាងហោចណាស់​ពួកគេ​កំពុង​ព្យាយាម​កសាង​មូលដ្ឋាន​ឧស្សាហកម្មធំៗនៅក្នុងប្រទេស។ 
 
បញ្ហាប្រឈមដ៏សំខាន់មួយទៀតដែលវៀតណាមកំពុងប្រឈមមុខគឺកម្រិតអប់រំ និងសមត្ថភាពរបស់កម្លាំងពលកម្មវៀតណាមក្នុងវិស័យផលិតកម្មកម្រិតខ្ពស់។ ប្រាកដណាស់ វៀតណាមមិនមានកម្លាំងការងារធំ និងមានការអប់រំខ្ពស់ដូចចិនដែលជាប្រទេសជិតខាងនោះទេ ប៉ុន្តែក៏កំពុងមើលឃើញការរីកចម្រើនសន្សឹមៗផងដែរ៕ 

សូមទស្សនាវីដេអូ លំអិតដូចខាងក្រោម៖
 

Tag:
 វៀតណា​ម
  រោងចក្រ​
  ផលិតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com