សេដ្ឋកិច្ច
អន្តរជាតិ
សារព័ត៌មានAsia Times ៖ ខ្លាសេដ្ឋកិច្ចវៀតណាមចាប់ផ្តើមគ្រហឹម
04, Nov 2023 , 6:59 pm        
រូបភាព
រូបភាព ៖ VNA
រូបភាព ៖ VNA
បន្ថែមពីការផលិតសម្ភារៈប្រើប្រាស់ វៀតណាមបានចាប់យកក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Apple ដែលធ្វើឲ្យប្រទេសនេះ មានកំណើននៃការនាំចេញផលិតផលអេឡិចត្រូនិកទៅកាន់ពិភពលោក  ជាពិសេសបាននាំមុខកូរ៉េខាងត្បូងក្នុងការនាំចេញទៅអាម៉េរិក ។

យោងតាមសារព័ត៌មាន Asia Times នាថ្ងៃទី៣១ ខែតុលា  ការបោះជំហានដ៏គួរឲ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចវៀតណាម គឺការនាំទំនិញដ៏ច្រើនលើសលប់ទៅកាន់អាម៉េរិកដែលមិនមែនវាយនភណ្ឌទៀតទេ ប៉ុន្តែវាជាផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់។
 
អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ និងកម្តៅនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន វៀតណាមបាននាំមុខកូរ៉េខាងត្បូងដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៦ របស់អាម៉េរិកបើផ្អែកទៅលើតម្លៃនាំចូលនៅឆ្នាំ ២០២២។
 
នៅចុងឆ្នាំ ២០២៣ ផលិតផលសំខាន់ៗជាច្រើនរបស់ក្រុមបច្ចេកវិទ្យា Apple នឹងត្រូវប្រមូលផ្តុំនៅវៀតណាម។ ជំនួសឱ្យការប្រជែងជាមួយនឹងចិនដែលជារោងចក្រពិភពលោក   វៀតណាមបានចាត់ទុកខ្លួនឯងថាជាចំណែកផលិតកម្មបន្ថែមពីចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
 
ជាមួួយការធ្វើដូច្នេះ វៀតណាមបានចាប់យកចំណែកទីផ្សារនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ចិន និងជាអ្នកទទួលផលដ៏ធំបំផុតនៃការកាត់ផ្តាច់សេដ្ឋកិច្ចអាម៉េរិក-ចិន។ វៀតណាមបានផ្តល់កន្លែងអាទិភាពមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech បរទេសក្នុងការកាត់បន្ថយហានិភ័យ និងតម្រង់ទិសឡើងវិញនៅពេលប្រឈមមុខនឹងការប្រកួតដ៏អស្ចារ្យរវាងអាម៉េរិក និងចិន។
 
ភាពលេចធ្លោរបស់វៀតណាមគឺសាជីវកម្ម Apple ដែលផ្លាស់ប្តូរផលិតកម្មចេញពីចិន។ ទន្ទឹមនេះ ក្រុមហ៊ុន Amkor Technology Group ដែលមានមូលដ្ឋាននៅអាម៉េរិកក៏បានបណ្តាក់ទុនចំនួន ១,៦ពាន់លានដុល្លារនៅក្នុងរោងចក្រសឺមីកុងឌុចទ័រ។ លើសពីនេះវៀតណាមក៏កំពុងស្វាគមន៍ការត្រលប់មកវិញរបស់សាជីវកម្មចិន Huawei ផងដែរ ។ 
 
វៀតណាម​មាន​សក្តានុពល​ដើម្បី​ក្លាយជា​ប្រទេស​នាំចេញ​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់​លំដាប់​ទី​៤បន្ទាប់ពី​ចិន តៃវ៉ាន់ និង​អាល្លឺម៉ង់។ ទោះបីវៀតណាមបច្ចុប្បន្នកំពុងកាន់តំណែងទី៧ ក៏អត្រាកំណើនរបស់ខ្លួននាពេលថ្មីៗនេះ មិនអាចប្រៀបផ្ទឹមបានទេ។ ទំនិញបច្ចេកវិទ្យាខ្ពស់របស់វៀតណាម មានអត្រានៃការនាំចេញរហូតដល់៤២ភាគរយនៅឆ្នាំ២០២០ កើនឡើងពី១៣ភាគរយក្នុងឆ្នាំ២០១០។ 
 
វៀតណាមកំពុងហាក់កំពុងដើរតាមលំនាំរបស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ គោល​នយោបាយ​របស់​វៀតណាម​ត្រូវ​បាន​​ចាត់​ទុក​ថា ​មិនមានការ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​លោក​ខាង​លិច និង​អាស៊ីទេ។ តាមរយៈគោលនយោបាយការបរទេសឯករាជ្យ វៀតណាមអាចទប់ស្កាត់ និងអភិវឌ្ឍក្នុងបរិយាកាសភូមិសាស្ត្រនយោបាយសព្វថ្ងៃបាន៕​
 

Tag:
 វៀតណាម​
  អាម៉េរិក
  ចិន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com