អន្តរជាតិ
ទីក្រុងញូដែលី ក្លាយជាទីក្រុងបំពុលខ្លាំងបំផុតលើពិភពលោក
04, Nov 2023 , 4:59 pm        
រូបភាព
រដ្ឋធានីញូវដែលីរបស់ឥណ្ឌា ត្រូវបានគ្របដណ្ដប់ដោយស្រទាប់អ័ព្ទដ៏ក្រាស់នាថ្ងៃទី៣ ខែវិច្ឆិកា។ សាលារៀនមួយចំនួនត្រូវបានបញ្ជាឱ្យបិទទ្វា ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតក្នុងពិភពលោក។

ការរួមបញ្ចូលគ្នានៃសីតុណ្ហភាពទាប ខ្យល់បក់ និងការដុត បំផ្លាញកាកសំណល់ដំណាំក្នុងរដ្ឋជិតខាង បានបណ្តាលឱ្យមានការបំពុលបរិយាកាសកើន ឡើង។ ប្រជាជន២០លាននាក់នៅរដ្ឋធានីញូវដែលី បានត្អូញត្អែរពីបញ្ហារលាកភ្នែក និងរមាស់ បំពង់ក ដោយសារខ្យល់ប្រែទៅជាពណ៌ប្រផេះក្រាស់ ហើយកម្រិត AQI រំកិលដល់៤៨០ នៅក្នុងស្ថានីយត្រួតគុណភាពខ្យល់ពិនិត្យមួយចំនួន។
 
AQI ពី ចន្លោះ ០ ដល់ ៥០ ត្រូវបានចាត់ទុកថាល្អ ខណៈពេលឈានដល់ចន្លោះពី ៤០០ ទៅ ៥០០ នោះ នឹងប៉ះពាល់ដល់មនុស្សទូទៅ និងកាន់តែគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់។ ប្រជាពលរដ្ឋបានចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់រហូតដល់ខ្វះការផ្គត់ផ្គង់ថែមទៀត។
 
«កម្រិតនៃការបំពុលនេះនឹងបន្តសម្រាប់រយៈពេល២ទៅ៣សប្តាហ៍បន្ទាប់ដោយសារសកម្មភាពដូចជាការដុតកាកសំណល់កសិកម្ម ល្បឿនខ្យល់យឺត និងសីតុណ្ហភាពត្រជាក់»។ ប្រធានគណៈកម្មាធិការគ្រប់គ្រងការបំពុលទីក្រុងញូវដែលី លោក Ashwani Kumar និយាយបែបនេះ។
 
ជាធម្មតា កសិករនៅក្នុងរដ្ឋភាគខាងជើងមាន Punjab, Haryana និង Uttar Pradesh តែងដុតកាក សំណល់ដំណាំបន្ទាប់ពីការប្រមូលផលក្នុងខែតុលា ដើម្បីសម្អាតចម្ការរបស់ពួកគេ មុនពេលការសាបព្រួសដំណាំរដូវរងាពីរបីសប្តាហ៍បន្ទាប់ទៀត។ ដោយសារអ័ព្ទក្រាស់គ្មានសុវត្ថិភព សាលាបឋមសិក្សាក្នុងរដ្ឋធានីញូវដែលីត្រូវបានបញ្ជាឱ្យបិទនៅថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឯសាលានៅតំបន់ជាយក្រុងនៅតែបន្តបើក ប៉ុន្តែកុមារត្រូវបានតម្រូវឱ្យយកពាក់ម៉ាស់ដែលនៅពេលឡើងឡានក្រុងផងដែរ។
 
ទីក្រុងញូវដែលីបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងតារាងពេលវេលាជាក់ស្តែងនៅថ្ងៃទី៣ ខែវិច្ឆិកាជាទីក្រុងដែលបំពុលខ្លាំងបំផុតរបស់ពិភពលោកដែលចងក្រងដោយក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir៕
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com