សង្គមអន្តរជាតិ​
អន្តរជាតិ
ចំនួនប្រជាជនថៃអាចថយមកត្រឹម៣៣លាននាក់នៅ៦០ឆ្នាំខាងមុខ
04, Nov 2023 , 8:19 pm        
រូបភាព
រូបភាព ៖ ThaiPBSWorld
រូបភាព ៖ ThaiPBSWorld
ចំនួនប្រជាជនថៃអាចថយចុះពាក់កណ្តាលក្នុងរយៈពេល៦ទសវត្សរ៍ខាងមុខ ដោយបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិប្រជាសាស្រ្ត។ និន្នាការនេះដោយសារប្រជាជនមានការស្ទាក់ស្ទើរក្នុងការសម្រាលកូន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Cholnan Srikaew បាននិយាយថា ស្ថានភាពប្រជាសាស្រ្តបានឈានដល់កម្រិតធ្ងន់ធ្ងរ។ ចំនួនទារកទើបកើតបានធ្លាក់ចុះពីជាង១លាននាក់ក្នុងមួយឆ្នាំចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ ១៩៨៣ មកត្រឹមតែជាង៤៨៥ពាន់នាក់ ខណៈពេលដែលមានការស្លាប់មានចំនួន ៥៥០ ០៤២នាក់ក្នុងឆ្នាំ ២០២១។ រឿងនេះបណ្តាលឱ្យមានការថយចុះចំនួនប្រជាជនសរុបចំនួន ៦៤ពាន់នាក់នៅឆ្នាំនេះ។
 
យោងតាមអ្នកជំនាញខាងប្រជាសាស្រ្ត Kue Wongbunsin ប្រជាជនសរុបរបស់ថៃនឹងថយចុះពី ៦៦លាននាក់ទៅ ៣៣លាននាក់នៅឆ្នាំ ២០៨៣ ។ ចំនួនមនុស្សដែលមានអាយុធ្វើការចន្លោះពី ១៥ឆ្នាំទៅ ៦៤ឆ្នាំ នឹងថយចុះពី ៤៤លាននាក់មកត្រឹមតែ ១៤លាននាក់។ កុមារពី 0ឆ្នាំ ទៅ១៤ឆ្នាំបានថយចុះពី ១០លាននាក់មកត្រឹមតែ ១លាននាក់។ ទន្ទឹមនឹងនេះ ចំនួនមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងពី ៨លាននាក់ ដល់ ១៨លាននាក់ ដែលស្មើនឹង ៥០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស។
 
និន្នាការនេះគឺស្របទៅនឹងអត្រាមានកូនសរុប (TFR) របស់ថៃដែលទាបជាងប្រហែល ២,១កូនសម្រាប់ស្រ្តីម្នាក់ចាប់តាំងពីឆ្នាំ ១៩៩៣។ នៅឆ្នាំ ២០២២ TFR របស់ថៃនៅក្នុងខេត្តភាគច្រើននៅកម្រិត ១,១៦កូន។ 
 
នៅឆ្នាំ ២០២៣ ចំនួនប្រជាជនដែលមានអាយុធ្វើការអាយុ ២០ឆ្នាំ ទៅ ២៤ឆ្នាំត្រូវបានរំពឹងថានឹងមិនអាចបំពេញចន្លោះដ៏ធំដែលបន្សល់ទុកដោយអ្នកចូលនិវត្តន៍ដែលមានអាយុពី៦០ឆ្នាំទៅ៦៤ឆ្នាំនោះទេ។ ការផ្លាស់ប្តូរទាំងនេះធ្វើឱ្យបន្ទុកសោធននិវត្តន៍ និងថ្លៃថែទាំសុខភាពសម្រាប់មនុស្សចាស់កើនឡើងខ្ពស់។
 
បើតាមលោក Wongbunsin ប្រសិនបើចំនួនប្រជាជន ជាពិសេសចំនួនមនុស្សក្នុងវ័យធ្វើការនៅតែបន្តថយចុះនោះ រដ្ឋាភិបាលនឹងប្រឈមមុខនឹងបញ្ហាក្នុងការប្រមូលពន្ធដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេស។
 
កត្តាជាច្រើន ធ្វើឲ្យអត្រាកំណើតរបស់ថៃធ្លាក់ចុះកម្រិតទាបកាន់តែខ្លាំង ដោយសារការព្រួយបារម្ភអំពីសេដ្ឋកិច្ច សង្គម ការអប់រំ បរិស្ថាន និងសុខភាព ជាពិសេស​យុវជន​ជាច្រើន​ក្នុង​ប្រទេស​នេះ​មិន​ចង់​មានកូន​ទេ​៕ 
 

Tag:
 ថៃ
  ប្រជាសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com