កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2034 រួចរាល់ មិនថាក្នុងរដូវក្តៅ ឬ រងារ
04, Nov 2023 , 9:59 pm        
រូបភាព
អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 មិនថានៅក្នុងរដូវកាលក្តៅ ឬរដូវរងារនោះទេ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមបាល់ទាត់អារ៉ាប៊ីសាអូឌីត (FA) លោក Yasser Al-Misehal បន្ទាប់ពីប្រទេសស្តេចប្រេង ក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះបានក្លាយជាប្រទេសតែមួយគត់ដែលបានដេញថ្លៃរៀបបាល់ទាត់ពិភពលោក ក្នុងឆ្នាំ ២០៣៤។

កាលពីថ្ងៃទី៣១ ខែតុលា សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសអំពីការបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ ២០៣៤ របស់អារ៉ាប៊ីសាអូឌីត ថាជាប្រទេសតែមួយគត់ដែលបង្ហាញចំណាប់អារម្មណ៍ និងដេញថ្លៃ។
 
អារ៉ាប៊ីសាអូឌីតជោគជ័យក្នុងការដេញថ្លៃ ត្រឹមតែរយៈពេល ២៧ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីការប្រកាសរបស់ពួកគេពីបំណងចង់ធ្វើម្ចាស់ផ្ទះ និងមួយឆ្នាំក្រោយពេលដែលប្រទេសកាតា បានធ្វើម្ចាស់ផ្ទះ World Cup រដូវរងាលើកដំបូង។ World Cup 2022 នៅក្នុងប្រទេសកាតា បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតលីគធំៗនៅក្នុងប្រទេសតំបន់អឺរ៉ុប។
 
«ពិតណាស់ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់លទ្ធភាពទាំងអស់។ រាល់ថ្ងៃនេះមានបច្ចេកវិទ្យាថ្មីៗជាច្រើនដែលបានជួយអ្នកក្នុងការទទួលបានភាពត្រជាក់ ឬបន្ថែមម៉ាស៊ីនត្រជាក់នៅក្នុងកីឡដ្ឋាន បន្ថែមពីការពិតនេះ ដែលមានទីក្រុងជាច្រើននៅក្នុងព្រះរាជាណាចក្រ បានរីករាយនិងបរិយាកាសដ៏អស្ចារ្យនៅរដូវក្តៅនៅទេនេះ។»។ លោក Misehal បាននិយាយនៅក្នុងសន្និសីទកាសែតបែបនេះ។
 
ជាធម្មតារដូវក្តៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មានកម្រិតកម្តៅជាមធ្យម ៥០អង្សាសេ ហើយដែលអាកាសធាតុក្តៅបែបនេះ អាចនឹងមានផលប៉ះពាល់ដល់ការប្រកួតបាល់ទាត់ ហើយក៏ក្តៅខ្លាំងសម្រាប់អ្នកគាំទ្រដែលស្ថិតនៅក្រៅទីលាន។
 
បើតាមការបញ្ជាក់របស់លោក Misehel ប្រទេសអារ៉ាប៊ីសាអូឌីត មានបំណងឆ្ពោះទៅមុខ ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតតែម្នាក់ឯងដោយមិនឱ្យមានប្រទេសណារួមសហការឡើយ។ ប៉ុន្តែទោះជាយ៉ាងណាប្រធាន FA រូបនេះក៏លើកឡើងទៀតថា ខ្លួននឹងដាក់សំណើរនៃការដេញថ្លៃដាច់ដោយឡែកមួយផ្សេងទៀត បើសិនជាមានប្រទេសណាចង់ចូលរួមរៀបចំការប្រកួតជាមួយខ្លួន។
 
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេ ដែលរៀបចំការប្រកួតព្រឹត្តិការណ៍ដែលមានក្រុមចំនួន ៤៨ក្រុម ក្នុងនាមជាអ្នករៀបចំធ្វើម្ចាស់ផ្ទះតែម្នាក់។ អារ៉ាប៊ីសាអូឌីតនឹងធ្វើម្ចាស់ផ្ទះបន្ទាប់ពីប្រទេសអាម៉េរិក​, កាណាដា និងម៉ិកស៊ិក នៅឆ្នាំ ២០២៦ និង អេស្ប៉ាញ​, ព័រទុយហ្កាល់ និងម៉ារ៉ិក សម្រាប់ឆ្នាំ ២០៣០៕
 
 
 

Tag:
 អារ៉ាប៊ីសាអូឌីត
  World Cup 2034
© រក្សាសិទ្ធិដោយ thmeythmey.com