កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag ៖​ ការធ្វើខួបកំណើតរបស់ Rashford ក្រោយចាញ់Man City ជារឿងមិនអាចទទួលយកបាន
04, Nov 2023 , 5:29 pm        
រូបភាព
Marcus Rashford ខ្សែប្រយុទ្ធក្រុម Manchester United បានរៀបចំកម្មវិធីខួបកំណើតរបស់គេ នៅត្រឹមរយៈពេលប៉ុន្មានម៉ោង ក្រោយពេលក្រុមប្រកួតចាញ់ Manchester City លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ ការរៀបចំកម្មវិធីខួបកំណើតនេះ លោក Erik ten Hag បាននិយាយថា លោកមិនអាចទទួលយកបានចំពោះរឿងនេះ ខណៈក្រុមកំពុងមិនសប្បាយចិត្តចំពោះលទ្ធផលបរាជ័យ។

ខ្សែប្រយុទ្ធអង់គ្លេសដែលទើបឈានចូលវ័យ ២៦ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា រូបគេបានរៀបចំកម្មវិធីខួបកំណើត នៅក្នុងទីតាំងមួយកន្លែងស្ថិតក្នុងទីក្រុង Manchester អំឡុងរាត្រីថ្ងៃទី២៩ តុលា ជាពេលដែលក្រុមបិសាចក្រហមចាញ់ ការប្រកួតក្នុងទឹកដីលទ្ធផល ៣-០ ទល់ Man City។ 
 
អ្នកចាត់ការក្រុមបានលើកឡើងពីរឿងនេះ ដោយលោកអះអាងថា ជារឿងដែលពិបាកទទួលយកខ្លាំង។ «វាពិតជាមិនអាចទទួលយកបាន ខ្ញុំបានប្រាប់គេបែបនេះ គេក៏បានសុំទោសរួចរាល់ រឿងគឺវាដូច្នេះ។ គេបានធ្វើខុស ប៉ុន្តែវាមិនអាចថាគេនឹងគ្មានកំហុសនោះទេ គេបានបង្កើតកំហុសមួយ ប៉ុន្តែរឿងនេះនៅក្រៅទីលានសម្រាប់អ្វីដែលគេបានធ្វើតែប៉ុណ្ណោះ។ ខ្ញុំប្រាកដថាគេធ្វើគ្រប់យ៉ាងត្រឹមត្រូវ ដើម្បីជួយដល់ក្រុម និងដើម្បីអារម្មណ៍ល្អក្នុងការលេងរបស់គេសម្រាប់ជួយយើងយកឈ្នះការប្រកួត។»។ លោក Ten Hag បាននិយាយប្រាប់អ្នកកាសែតមុនការប្រកួតទល់នឹងក្រុម Fulham បែបនេះ។
 
អ្នកចាត់ការសញ្ជាតិហូឡង់ ក៏បានបញ្ជាក់បន្ថែមទៀតថា Rashford គឺមានវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Fulham នាថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់ ជាលក្ខណៈផ្ទៃក្នុង។
 
បច្ចុប្បន្ន United ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ នៃតារាង Premier League ជាមួយ ១៥ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ការប្រកួត ១០លើក ឈ្នះ ៥ និងចាញ់ ៥។ ក្រុមបិសាចក្រហមមានគម្លាតពិន្ទុ ១១ពិន្ទុពីក្រុមកំពូលតារាង Tottenham Hotspur ។ ចំណែកក្រុម Fulham ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ មាន ១២ពិន្ទុក្នុងដៃ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com