RFI
អន្តរជាតិ
របាយការណ៍​ IDEA៖លទ្ធិ​ប្រជាធិបតេយ្យរងការ​គំរាមកំហែងនៅទូទាំង​ពិភពលោក
05, Nov 2023 , 8:39 am        
រូបភាព
របាយការណ៍IDEAថាលទ្ធិប្រជាធិបតេយ្យរងការគំរាមកំហែងទៅទូទាំងពិភពលោក © 维基百科
របាយការណ៍IDEAថាលទ្ធិប្រជាធិបតេយ្យរងការគំរាមកំហែងទៅទូទាំងពិភពលោក © 维基百科
 
ដោយ៖អៀង សុខម៉ិញ/RFI

ឃុំ​ឃាំង​សកម្មជន​បក្ស​ប្រឆាំង​ ខ្ទប់​សំឡេង​សារព័ត៌មាន​ ​ ប្រព័ន្ធ​តុលាការ​លែង​សូវ​ឯករាជ្យ ... លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​ផុយស្រួយ​ឡើងៗ ជា​គម្រប់​៦​ឆ្នាំ​ជាប់ៗ​គ្នា។ នេះ​បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​របស់​អង្គការ​អន្តររដ្ឋាភិបាល​អន្តរជាតិ​IDEA ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ២​វិច្ឆិកា​២០២៣។

នេះ​ជា​គម្រប់​៦​ឆ្នាំជាប់​គ្នា​ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ និង​ជា​រយៈ​ពេលថយ​ចុះ​​ដ៏​វែង​​មិន​ដែល​ធ្លាប់​មាន​កត់​ត្រា​ពី​មុន​មក​ទេ គិត​ចាប់​តាំង​ពី​វិទ្យាស្ថាន​IDEAចាប់​ផ្តើម​ប្រមូល​ផ្តុំ​ទិន្នន័យ​នៅឆ្នាំ​១៩៧៥មក។ តាមការ​ពិតទៅ​នោះ បើ​តាមសេចក្តីប្រកាស​របស់​​អគ្គលេខា​ធិការ​អង្គការ​IDEA នៅក្នុង​របាយការណ៍ លទ្ធិប្រជាធិបតេយ្យជួប​ការ​លំបាក តែ​​រហូត​មក ហើយ​បើ​​ប្រសើរ​​គឺ​ត្រឹមមាន​ស្ថានភាព​​ថេរ និង​មាន​ការ​ធ្លាក់​ចុះ​ដោយ​ដុបៗ នៅ​ច្រើន​កន្លែងប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​​ឆ្នាំ​២០២២កន្ល​ងទៅ ប្រព័ន្ធ​ប្រជាធិបតេយ្យ​រង​ការ​គំរាមកំហែង​នៅ​ស្ទើរ​ទូទាំង​ពិភពលោក ហើយ​​ច្បាប់​នីតិរដ្ឋ​និង​នយោបាយ រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ។
 
IDEA វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ប្រជាធិបតេយ្យ​និង​ជំនួយ​ការ​បោះឆ្នោត ដែល​ជា​អង្គការ​អន្តររដ្ឋាភិបាល​អន្តរជាតិ​ បាន​សង្កេត​ឃើញ​ថា​​ប្រទេសនៅលើ​ពិភពលោក​ជិត​ពាក់​កណ្តាល​ (​៨៥​លើ​១៧៣ប្រទេស) មាន​កត្តា​គន្លឹះ​​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម​កត្តា​ទាំង​​១៧​សម្រាប់​កំណត់​តម្លៃ​​ប្រជាធិបតេយ្យ​ បាន​ធ្លាក់​ចុះ​។ ដើម្បី​អាច​​​​វាយ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ IDEAសិក្សា​ដោយ​ផ្អែក​លើក​លក្ខណៈ​វិនិច្ឆ័យ​​​ច្រើនចំណុច​ណាស់ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បូរណភាព និង​សន្តិសុខ​របស់​មនុស្ស។​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក៏​ដូច​ជា​សេរីភាព​សារព័ត៌មាន​បាន​ធ្លាក់​ចុះ​ជា​ទូទៅ​នៅ​ទូទាំងពិភពលោក។ គឺ​ពិត​ជា​​គួរ​ឱ្យ​ព្រួយ​បារម្ភព្រោះ​សេរីភាព​នេះ​ជា​ទម្រស្ថាប័នប្រជាធិបតេយ្យ​ដ៏​សំខាន់​។
 
បើ​តាម​របាយការណ៍​IDEA ការ​ធ្លាក់ចុះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យដូចយ៉ាង​ប្រព័ន្ធ​​បោះឆ្នោត​ ប្រព័ន្ធ​សភា​ និងឯករាជ្យភាព​របស់​​តុលាការ​ បាន​នាំ​ឱ្យ​មាន​បញ្ហាប៉ះពាល់​ដល់​ការពារ​ច្បាប់​នីតិរដ្ឋ។ ការ​ធ្លាក់​ចុះនេះ​ត្រូវ​លើក​មក​គិត​គូរ​ទន្ទឹម​នឹង​វិបត្តិ​អតិផរណា​ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឈ្លានពានរុស្ស៊ី​លើ​អ៊ុយក្រែន ដែល​ជា​ឧបសគ្គ​ដ៏​ធំ​ចម្បង​សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ធំ។ នេះ​បើ​តាម​សំណូមពរ​IDEA។
 
ពុំ​មាន​ការ​ដាក់​ចំណាត់​ថ្នាក់​ផ្នែក​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​សម្រាប់​IDEA នៅអាហ្វ្រិក​ ប្រជាធិបតេយ្យ​បាន​ធ្លាក់​ខ្លាំង​បំផុត​ នៅក្នុង​​ប្រទេស​បេណាំង បួគីណាហ្វាសូ ឆាត ឬ​ទុយនីស៊ី។ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក៏​ដើរ​ថយក្រោយ​ខ្លាំង​គួរ​ជា​ទី​កត់​សម្គាល់​ដែរ នៅ​​ ​បេឡារុស ភូមា អាហ្វហ្កានីស្ថាន សាល់វាដរ ឬ​នីការ៉ាហ្កាយ។​
 
ជា​ចុងក្រោយ​ របាយការណ៍​ក៏​បាន​លើក​សរសើរ​អំពីវឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេសមាន​ជម្លោះនិង​គ្មាន​ប្រព័ន្ធ​បោះឆ្នោត​ទូលំទូលាយមួយ​ចំនួន ពោល​គឺ​បាន​ធ្វើ​ឱ្យ​​​ប្រជាធិបតេយ្យ​មាន​ភាព​ប្រសើរ​ឡើងនោះ គឺ​​ប្រទេស​អេត្យូពី អារមេនី និងម៉ុលដាវី ម៉ាឡេស៊ី​និង​ម៉ាល់ឌីវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com