ជាតិ
បាក់ឌុប
បាក់ឌុប៖ ខ្យល់គរ, វិលមុខ, ឈឺក្បាល, គ្រុនឈាម, ឈឺក្រពះ..បញ្ហាសុខភាពបេក្ខជននាព្រឹកថ្ងៃទីពីរ
07, Nov 2023 , 9:18 am        
រូបភាព
បេក្ខជន​ដែលជួបបញ្ហា​សុខភាពពេលប្រឡង។ រូបថត ACU និង MoEYS Cambodia
បេក្ខជន​ដែលជួបបញ្ហា​សុខភាពពេលប្រឡង។ រូបថត ACU និង MoEYS Cambodia
ដោយ: រួបរួម
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងបន្តប្រឡងព្រឹកថ្ងៃទីពីរនាថ្ងៃទី៧ ខែវិច្ឆិកានេះ។ ថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងលើវិញ្ញាសាគណិតវិទ្យា ហើយបន្តលើវិញ្ញាសាសីលធម៌ ពលរដ្ឋវិជ្ជា រីឯថ្នាក់វិទ្យាសាស្ត្រ ប្រឡងវិញ្ញាសាអក្សរសាស្ត្រខ្មែរ បន្ទាប់មករូបវិទ្យា។ អ្នកសង្កេតស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍ជាបន្តបន្ទាប់អំពីបរិយាកាសជុំវិញនៅមណ្ឌលប្រឡងទូទាំងប្រទេស ជាពិសេសករណីបេក្ខជនដែលមានបញ្ហាសុខភាព។



នៅមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់ បេក្ខជនម្នាក់ខ្យល់គរ ហើយត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យតាំងពីម៉ោង៧ និង១០នាទីព្រឹក។ ក្នុងមណ្ឌលវិទ្យាល័យពោធិ៍សាត់ត្បូងវិញ បេក្ខជន២នាក់មានបញ្ហាសុខភាព ដោយម្នាក់មានអាការៈ ចុកក្រពះ ក្អួត រីឯម្នាក់ទៀតមានអាការៈវិលមុខ ដោយបន្តប្រឡងទាំងព្យួរសេរ៉ូម។

ក្នុងខេត្តបន្ទាយមានជ័យ បេក្ខជនម្នាក់នៅមណ្ឌលវិទ្យាល័យសម្តេចឪ ដែលមានបញ្ហាសុខភាពតាំងពីថ្ងៃទីមួយ បន្តប្រឡងថ្ងៃទីពីរ ក្រោយពីបានសម្រាកនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ។ ករណីបេក្ខជនវិលមុខ និងឈឺក្បាល មាន១ករណីនៅមណ្ឌលវិទ្យាល័យកូនខ្លា និង២ករណីនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។

រីឯនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ បណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញពីករណីបេក្ខជនជាព្រះសង្ឃមួយអង្គ មានបញ្ហាសុខភាព អាការៈចុកទ្រូងឈឺក្បាលក្តៅភ្នែក និងអស់កម្លាំង។ ក្រោមការយកចិត្តទុកដាក់ពីក្រុមការងារក្នុងមណ្ឌល ព្រះអង្គត្រូវបានដាក់សេរ៉ូម និងអនុញ្ញាតឲ្យប្រឡងនៅបន្ទប់ពេទ្យ និងមានអនុរក្ស ២នាក់ ចាំជួយមើល។

នៅមណ្ឌលបឋមសិក្សាអេង មាសតានី ស្រុកអង្គរជ័យ ខេត្តកំពត បេក្ខជនម្នាក់ដែលមានជំងឺគ្រុនឈាម៣ថ្ងៃមកហើយនោះ ត្រូវបន្តប្រឡងទាំងព្យួរសេរ៉ូម។ ដោយគាត់មានអាការៈធ្ងន់ជាងថ្ងៃទីមួយ ប្រធានមណ្ឌលសម្រេចអនុញ្ញាតឱ្យម្តាយចូលក្នុងមណ្ឌល តែនៅក្រៅបន្ទប់ប្រឡងដើម្បីជួយមើលថែទាំ ដោយស្ថិតក្រោមការត្រួតពិនិត្យពីជំនួយការអប្បមាទ និងអ្នកសង្កេតស្ម័គ្រចិត្ត របស់អ.ប.ព។

នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន បេក្ខជនមួយរូបកើតជំងឺគ្រុនឈាម និងបេក្ខជនម្នាក់ទៀត មានអាការៈវិលមុខ។ អ្នកទាំងពីរ បន្តការប្រឡងធម្មតាដោយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពី មន្ត្រីសុខាភិបាលប្រចាំមណ្ឌល។

នៅឯមណ្ឌលវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម បេក្ខជនម្នាក់ មានបញ្ហាឈឺក្រពះ ដោយលោកប្រធានអប្បមាទ ប្រធានមណ្ឌល និងក្រុមគ្រូពេទ្យ បានពិនិត្យ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីដាក់សេរ៉ូម ហើយនៅម៉ោង៧ និង២៣នាទី ក្រុមគ្រូពេទ្យដឹកបេក្ខជនមកមណ្ឌលប្រឡងវិញ ហើយប្រធានមណ្ឌលបានឱ្យបេក្ខជនប្រឡងនៅខាងក្រៅបន្ទប់។

មណ្ឌលវិទ្យាល័យសុខាផល្លី ខេត្តកំពង់ស្ពឺ មានបេក្ខជនម្នាក់វិលមុខ ដោយសារឡើងសម្ពាធឈាម ដោយគាត់បានស្នើសុំប្រធានមណ្ឌលប្រឡងសម្រាក៣០នាទី មុនបន្តការប្រឡងឡើងវិញ។ រីឯបេក្ខជនម្នាក់នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរីត្បូង ខេត្តមណ្ឌលគិរី បេក្ខជនម្នាក់ថ្នាក់វិទ្យាសាស្ត្រសង្គម មានអាការៈមិនស្រួលខ្លួន ឈឺពោះ អស់កម្លាំងល្ហិតល្ហៃ ត្រូវបានប្រធានមណ្ឌលអនុញ្ញាតឱ្យបន្តប្រឡងនៅបន្ទប់សុខភាព។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីដំណើរយ៉ាងរលូន និងរបៀបរៀបរយនាថ្ងៃប្រឡងថ្ងៃទីមួយ។ នាថ្ងៃដំបូងផងដែរ ចំណោមបេក្ខជនក្នុងបញ្ជីចំនួន ១៣៧ ៤១២ (ស្រី៧៣ ២៧៨នាក់) មានបេក្ខជន ២ ១៣៤នាក់អវត្តមាន និងមានបញ្ហាសុខភាព ៣៨ករណី៕

© រក្សាសិទ្ធិដោយ thmeythmey.com