ជាតិ
ពន្យល់ពាក្យ
ផ្លែស្វាយ, ព័ណ៌ស្វាយ, ស្វាយមុខ, ស្វាយ​ក្រាប់, ស្វាយ​កាំភ្លើង
11, Nov 2023 , 7:29 am        
រូបភាព
«ស្វាយ» មានន័យ​ច្រើន​បែប។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យ​សភា​កម្ពុជា។ ស្វាយ អាចជាផ្លែស្វាយ, ព័ណ៌ស្វាយ, មុខស្វាយ, ស្វាយក្រាប់ ឬស្វាយ​កាំភ្លើង។

 
ស្វាយ [ន.] ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ :  ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស។ល។  
 
ស្វាយ [គុ.] ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី :  ព័ណ៌ស្វាយ, ល័ក្ដស្វាយ។  
ភ័យស្វាយមុខ គឺភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ។  ស្វាយបបូរមាត់ គឺ​បបូរមាត់ឡើងសម្បុរស្ទើរស្វាយ :  កូនយំខ្លាំងឡើងស្វាយបបូរមាត់។  
 
ស្វាយ [ន.] ឈ្មោះរោគមួយប្រភេទដែលឆ្លងតាមការរួមភេទ។ រោគស្វាយមាន ២យ៉ាងគឺ ស្វាយបែកនិងស្វាយក្រាប់ :  កើតស្វាយ។  តាមវេជ្ជសាស្ត្រ ស្វាយគឺ​កាមរោគម៉្យាងបង្កឡើងដោយមេរោគ ដែលឆ្លងតាមការរួមភេទនិងពីម្ដាយទៅទារកក្នុងផ្ទៃដែលមានរោគសញ្ញាច្រើនបែប។ ស្វាយក្រាប់ គឺ​ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ។  រីឯ ស្វាយបែក គឺស្វាយដែលបែកចេញជាដំបៅ។  
 
ស្វាយ [ន.] ផ្នែកខាងគល់នៃតួកាំភ្លើង :  កាំភ្លើងអាកាស្វាយបត់, វាយក្បាលនឹងស្វាយកាំភ្លើង។  
 
ក្រៅពីនេះ ក៏មានពាក្យ ស្វាយ​ត្រាំ (ដែលមានសម្បុរស្រដៀងនឹងសាច់ស្វាយខ្ចីជ្រក់ :  សំពត់ពណ៌ស្វាយត្រាំ), ស្វាយចន្ទី, ស្វាយអាត់, ស្វាយ​ព្រៃ, ស្វាយរៀង (ដែលជា​ឈ្មោះខេត្តមួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងសម័យអាណានិគមបារាំង ក្នុងឆ្នាំ១៩២២)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com