កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមឧទ្ទាម ELN ដោះលែង ឪពុក​កីឡាករ Diaz វិញហើយ
10, Nov 2023 , 11:19 am        
រូបភាព
បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃ លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមមឧទ្ទាមទ័ពព្រៃឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី ELN ដោយលែងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ បើតាមការប្រកាសរបស់រដ្ឋាភិបាលកូឡុំប៊ី ឪពុករបស់ Diaz បានវិលត្រឡប់មកវិញដោយសុវត្ថិភាព ខណៈមានការការពារយ៉ាងតឹងរឹងពីសំណាក់មន្ត្រីរដ្ឋាភិបាល។



ចំពោះការចាប់ជំរិតលើឪពុក Diaz បានក្លាយជារឿងដែលរំខានដល់កិច្ចចរចាសន្តិភាព របស់រដ្ឋាភិបាលកូឡុំប៊ី ជាមួយនឹងក្រុមឧន្ទាម ELN ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧន្ទាម ELN ធ្លាប់បានចរចាបញ្ចប់ជម្លោះដែលកើតមានឡើងរយៈពេលជាង ៦០ឆ្នាំ ក្នុងប្រទេសកូឡុំប៊ី ហើយដែលជម្លោះដែលធ្លាប់បានកើតមានធ្វើឱ្យមនុស្សស្លាប់ជាង ៤៥០,០០០នាក់។
 
ភាគីទាំងសងខាង បានចុះកិច្ចព្រមព្រៀងលើបទឈប់ចាញ់ ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។
 
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក Luis Manuel Diaz និងអ្នកស្រី Cilenis Marulanda ដែលជាឪពុកម្តាយរបស់កីឡាករ Diaz ខ្សែប្រយុទ្ធក្រុម Liverpool ត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើដំណើរតាមរថយន្ត នៅក្នុងខេត្ត La Guagira ដែលជាទីកន្លែងដែលអ្នកទាំងពីររស់នៅ។ ពេលចាប់ខ្លួននោះ ម្តាយរបស់ Diaz បានរួចខ្លួនវិញ បន្ទាប់ពីក្រុមឧន្ទាម​ ELN បានរត់គេចខ្លួនពីសំណាក់មន្ត្រីប៉ូលិស។
 




មានសេរីភាពឡើងវិញ ឪពុកតារាបាល់ទាត់ក្រុម Liverpool បាននិយាយអរគុណដល់ប្រជាជនប្រទេសកូឡុំប៊ីដែលបានជួយប្រកាសស្វែងរក និងជួយបន់ស្រន់សុំសេចក្តីសុខដល់លោក រួមទាំងគ្រួសារ។ 

«សូមអរគុណដល់ប្រជាជនទាំងអស់នៃទីក្រុង Barrancas និង La Guajira ព្រមទាំងប្រទេសកូឡុំប៊ីទាំងមូលសម្រាប់ការគាំទ្រដ៏អស្ចារ្យនេះ ដែលពួកគេបានផ្តល់ឱ្យគ្រួសាររបស់ខ្ញុំ។ អរគុណអ្នកទាំងអស់គ្នា ខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នា។»។ លោក Luis Manuel Diaz បាននិយាយបែបនេះ បន្ទាប់ពីវិលត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព។
 
ទោះជាឪពុកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ី​ក្តី តែ Diaz មិនបានចាកចេញពីប្រទេសអង់គ្លេសឡើយ ដោយរូបគេត្រូវបំពេញភារកិច្ចជួយដល់ក្រុម Liverpool បើទោះជាត្រូវបានក្រុមអនុញ្ញាតឱ្យរូបគេសម្រាកក៏ដោយក្តី។ ​Diaz ពេលថ្មីនេះបានចូលលេងជម្រើស ១១នាក់ដំបូងឱ្យ Liverpool ក្នុងពានរង្វាន់ Europa League ដែលចាញ់ក្រោមថ្វីជើង Toulouse ៣-២។
រដ្ឋាភិបាលប្រទេសកូឡុំប៊ី បានស្វះស្វែងយ៉ាងខ្លាំងក្នុងការអំពាវនាវ ទាមទារឱ្យមានការដោះលែងឪពុករបស់កីឡាករវ័យ ២៤ឆ្នាំ ព្រមទាំងបានប្រើប្រាស់កម្លាំងយោធា និងមន្ត្រីប៉ូលិសច្រើនរយនាក់ថែមទៀត រហូតជំរុញឱ្យមានការដោះលែង៕
 

Tag:
 Luis Diaz
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com