អន្តរជាតិ
កូនកោះថ្មីមួយផុសពីសមុទ្រ ដោយសារបន្ទុះភ្នំភ្លើងនៅជប៉ុន
10, Nov 2023 , 1:58 pm        
រូបភាព
កូនកោះថ្មីនៅជប៉ុន កកើតឡើងដោយសារតែបន្ទុះភ្នំភ្លើង នៅក្បែរឆ្នេរភាគខាងត្បូង Iwo Jima របស់ជប៉ុន។ រូបភាពកម្លាំងស្វ័យការពារជប៉ុន
កូនកោះថ្មីនៅជប៉ុន កកើតឡើងដោយសារតែបន្ទុះភ្នំភ្លើង នៅក្បែរឆ្នេរភាគខាងត្បូង Iwo Jima របស់ជប៉ុន។ រូបភាពកម្លាំងស្វ័យការពារជប៉ុន
បន្ទុះភ្នំភ្លើងនៅជប៉ុននៅរយៈពេល៣សប្តាហ៍មុន បានបង្កើតកូនកោះតូចមួយ នៅក្បែរឆ្នេរភាគខាងត្បូងកោះ Iwo Jima ប្រមាណ១គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃទី៩ ខែវិច្ឆិកា។

 
ចាប់តាំងពីថ្ងៃទី២១ ខែតុលាមក ភ្នំភ្លើងនៅក្រោមបាតសមុទ្រជប៉ុន ដែលស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីឆ្នេរភាគខាងត្បូងកោះ Iwo Jima បានផ្ទុះឡើងជាច្រើនលើក។ ដោយសារបន្ទុះភ្នំភ្លើងរយៈពេល ១០ថ្ងៃ សំណល់របស់វា បានបង្កើតជាកូនកោះតូចមួយ ដែលមានកម្ពស់២០ម៉ែត្រពីផ្ទៃទឹក និងមានប្រវែងប្រមាណ ៣០០ម៉ែត្រ។ 
 
យ៉ាងណាមិញ អ្នកជំនាញផ្នែកភ្នំភ្លើង អះអាងថា កូនកោះនោះ នឹងមិនស្ថិតនៅបានរយៈពេលយូរឡើយ។ លោក Yuji Usui អ្នកវិភាគនៅផ្នែកភ្នំភ្លើងនៃទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃទី៩ ខែវិច្ឆិកា បានបញ្ជាក់ថា សកម្មភាពភ្នំភ្លើងបានថយចុះទៅវិញហើយ ខណៈកូនកោះដែលទើបកើតថ្មីនោះ ក៏កាន់តែរួមតូចដែរ ដោយសារតែកម្លាំងទឹករលកបោកបក់។
 
បន្ទុះភ្នំភ្លើង និងសកម្មភាពរញ្ជួយដី បានបង្កើតកោះនៅតំបន់ផ្សេងៗជាច្រើន។ នៅក្នុងឆ្នាំ២០១៣ ករណីផ្ទុះភ្នំភ្លើង Nishinoshima ដែលស្ថិតនៅភាគខាងត្បូងជប៉ុន និងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កើតឱ្យមានកោះថ្មីមួយ។ ក្នុងឆ្នាំ២០១៣ គ្រោះរញ្ជួយដីកម្រិត៧,៧រិចទ័រ បានបង្កើតកូនកោះមួយនៅប៉ាគីស្ថាន។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន ភ្នំភ្លើងសកម្មមានចំនួនប្រមាណ១៥០០ នៅជុំវិញពិភពលោក ដោយជប៉ុនមាន ១១១ភ្នំ៕ 
 
 

Tag:
 ជប៉ុន
 ​ កោះ
© រក្សាសិទ្ធិដោយ thmeythmey.com